2024-03-04 11:03
88

រដ្ឋធានីប៉េកាំង៖ ក្រោមទណ្ឌកម្មរបស់សហរដ្ឋអាមេរិក បានធ្វើឲ្យក្រុមហ៊ុនហួវ៉ៃ (Huawei) ប្រឈមនឹងការលំបាកយ៉ាងខ្លាំង នៅក្នុងការប្រកួតប្រជែង ប៉ុន្ដែឥឡូវ ក្រុមហ៊ុនទូរគមនាគមន៍យក្សរបស់ប្រទេសចិន មួយនេះ កំពុងតែពិនិត្យពិច័យយ៉ាងខ្លាំង ទៅលើសមត្ថភាពបញ្ញាសិប្បនិម្មិត (AI) ជាមួយនឹងគូប្រជែងដ៏ធំ នៅលើទីផ្សាររបស់ពិភពលោក។

សារព័ត៌មាន South China Morning Post បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី៣ ខែមីនា ឆ្នាំ២០២៤ ថា សមត្ថភាពឈីប ឬ Semiconductor ដែលត្រូវបានការពារយ៉ាងម៉ឺងម៉ាត់របស់ក្រុមហ៊ុន Huawei Technologies ដែលបានរងទណ្ឌកម្មរបស់សហរដ្ឋអាមេរិក កំពុងតែស្ថិតក្រោមការត្រួតពិនិត្យថ្មី បន្ទាប់ពីក្រុមហ៊ុន Nvidia (អ៊ិនវីឌៀ) ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាពហុជាតិសាសន៍របស់សហរដ្ឋអាមេរិក មានមូលដ្ឋាននៅទីក្រុងសាន់តា (Santa) រដ្ឋកាលីហ្វ័រញ៉ា បានកំណត់អត្តសញ្ញាណ លើឧបករណ៍របស់ក្រុមហ៊ុនទូរគមនាគមន៍យក្សរបស់ចិន ថា ជាគូប្រជែងដ៏មានសក្តានុពល នៅក្នុងបន្ទះឈីបបញ្ញាសិប្បនិម្មិត (AI) ជាលើកដំបូង។ 

ក្រុមអ្នកវិភាគ បានអះអាង ថា ដោយសារតែបច្ចុប្បន្ន ក្រុមហ៊ុន Nvidia មិនអាចដឹកជញ្ជូនគ្រឿងដំណើរការក្រាហ្វិកកម្រិតខ្ពស់ (GPU) របស់ខ្លួន ទៅកាន់ប្រទេសចិន ក្រោមការរឹតបន្តឹងនូវការនាំចេញរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នោះ បន្ទះឈីប AI ថ្មីរបស់ក្រុមហ៊ុន Huawei បានលេចចេញជារូបរាង មកជំនួសសម្រាប់ផលិតផលចិន មកពីក្រុមហ៊ុនអាមេរិក។ Ascend 910B របស់ក្រុមហ៊ុនហួវ៉ៃ ដែលអាចរកបានរួចមកហើយ តាមរយៈបណ្តាញអ្នកចែកចាយ នៅក្នុងប្រទេសចិន ហើយត្រូវបានចាត់ទុក ដោយអ្នកចូលរួមនៅក្នុងឧស្សាហកម្មមួយចំនួន អះអាង ថា មានភាពស្មើគ្នា ទាក់ទងនឹងថាមពលកុំព្យូទ័រ ជាមួយនឹង GPUs A100 របស់ក្រុមហ៊ុន Nvidia ។ បើទោះជាយ៉ាងណា ក្រុមហ៊ុន Huawei មិនបានធ្វើអត្ថាធិប្បាយជាសាធារណៈណាមួយ លើ 910B នោះឡើយ៕