2024-03-13 04:03
84

រដ្ឋធានីវ៉ាសាវី៖    ស្របពេលសមាជិកសភា មកពីគណបក្សសាធារណរដ្ឋ ជំទាស់ដល់ការផ្ដល់ជំនួយយោធាបន្ថែមទៅជួយដល់រដ្ឋាភិបាលក្រុងកៀវ នោះ នាយករដ្ឋមន្រ្ដីប៉ូឡូញ បានព្រមានដល់ប្រទេសមហាអំណាចលោកខាងលិចមួយនេះ ថា ប្រជាជនអ៊ុយក្រែន រាប់សិបលាននាក់ កំពុងតែស្ថិតក្នុងការសម្រេចចិត្តរបស់អ្នក។

ទីភ្នាក់ងារសារព័ត៌មានរបស់អង់គ្លេស Reuters បានចេញផ្សាយ កាលពីថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០២៤ ថា នាយករដ្ឋមន្រ្តីប៉ូឡូញ លោក ដូណាល់ ទូសខ៍ (Donald Tusk) កាលពីថ្ងៃអង្គារ (ទី១២ ខែមីនា) បានព្រមានដល់ប្រធានសភាតំណាងរាស្រ្តអាមេរិក លោក ម៉ៃខ៍ ចនសុន (Mike Johnson) ថា ជោគវាសនារបស់ប្រជាជនអ៊ុយក្រែន រាប់លាននាក់ កំពុងតែស្ថិតក្រោមការសម្រេចចិត្តរបស់អ្នក។ តើសមាជិកសភា មកពីគណបក្សសាធារណរដ្ឋ នឹងអនុម័តកញ្ចប់ជំនួយយោធា ទំហំ៦០ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន ដែរឬអត់?

លោកនាយករដ្ឋមន្រ្ដីប៉ូឡូញ បានថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន ថា «នេះមិនមែនជារឿងទំនាស់ខាងនយោបាយនោះទេ។ ប៉ុន្ដែវាបញ្ហាដ៏សំខាន់បំផុត សម្រាប់នយោបាយរបស់សហរដ្ឋអាមេរិក នៅលើឆាកអន្ដរជាតិ។ ផ្ទុយទៅវិញ ប្រសិនបើប្រធានសភាអាមេរិក ខកខាតធ្វើការសម្រេចចិត្តជាវិជ្ជមានណាមួយនោះ នឹងធ្វើឲ្យជីវិតមនុស្ស រាប់ពាន់នាក់ ត្រូវបានត់បង់ជីវិត។

លោកនាយករដ្ឋមន្ដ្រីប៉ូឡូញ បានសង្កត់ធ្ងន់ ថា  ជោគវាសនារបស់មនុស្សរាប់លាននាក់ ពិតជាត្រូវពឹងផ្អែកលើការសម្រេចចិត្តនីមួយៗរបស់ប្រធានសភាអាមេរិក ហើយអាយុជីវិតមនុស្សរាប់ពាន់នាក់ នៅអ៊ុយក្រែន នាថ្ងៃនេះ និង ថ្ងៃស្អែក នឹងពឹងផ្អែកលើការសម្រេចចិត្តរបស់អ្នក»៕