2024-03-25 11:03
76

រដ្ឋធានីវ៉ាសាវី៖ មីស៊ីលគ្រូសលឿនជាងសំឡេងមួយគ្រាប់របស់រុស្ស៊ី បានហោះចូលដែនដីរបស់អង្គការណាតូ កាលពីថ្ងៃអាទិត្យ ហើយត្រឹមតែ៣៩វិនាទីប៉ុណ្ណោះ បានធ្វើឲ្យអង្គការសម្ពន្ធមិត្តយោធាដ៏ខ្លាំងក្លារបស់លោកខាងលិច ប្រកាសអាសន្នធំ ជុំវិញការព្រួយបារម្ភយ៉ាងខ្លាំង អំពីការរីករាលដាល នៃសង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន។ នេះបើតាមសារព័ត៌មានរបស់អង់គ្លេស Dail Mail បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ២០២៤។

 យន្ដហោះចម្បាំងរបស់សម្ពន្ធមិត្ត នៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ ណាតូ (តាមភាសាអង់គ្លេស) ឬ អូតង់ (ភាសាបារាំង) បានចេញប្រតិបត្ដិការភ្លាម ដើម្បីធានាដល់សន្ដិសុខដែនអាកាសរបស់ប្រទេសប៉ូឡូញ ក្រោយមីស៊ីលរបស់រុស្ស៊ី បានហោះចូលដែនដីរបស់ខ្លួន កាលពីវេលាម៉ោង៤ និង ២៣នាទីទៀបភ្លឺ ថ្ងៃអាទិត្យ (ទី២៤ ខែមីនា) វេលាក្នុងតំបន់។

 កងកម្លាំងប្រដាប់អាវុធប៉ូឡូញ បានសរសេរ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ហើយបានបង្ហោះនៅលើបណ្ដាញសង្គម X ដោយបានបញ្ជាក់ ថា នេះជាការរំលោភបំពាន មកលើដែនអាកាសរបស់ប្រទេសប៉ូឡូញ តាមរយៈការបាញ់មីស៊ីលគ្រូស រយៈចម្ងាយឆ្ងាយចំនួនមួយគ្រាប់របស់សហព័ន្ធន៍រុស្ស៊ី កាលពីយប់មិញ។ គោលដៅនេះ បានចូលមកជិតដែនអាកាសរបស់ប៉ូឡូញ នៅជិតទីក្រុងអូស៊ើរដូ (Oserdow)។ នៅក្នុងអំឡុងពេលមីស៊ីលបាញ់ផ្លោងនោះ ត្រូវបានតាមដាន ដោយប្រព័ន្ធរ៉ាដាយោធា។

 កងទ័ពប៉ូឡូញ បានបញ្ជាក់ ថា មីស៊ីលបានហោះចូលមកក្នុងទឹកដីប៉ូឡូញ ចម្ងាយ១,២ម៉ៃល៍ ឬ ស្មើនឹងប្រហែលជិត២គីឡូម៉ែត្រ។ ប៉ុន្ដែភ្លាមៗនោះ យន្ដហោះចម្បាំងជាច្រើនគ្រឿងរបស់ប៉ូឡូញ និង សម្ពន្ធមិត្ត បានចេញប្រតិបត្ដិការ ហើយរហូតមកដល់ពេលនេះ ដែនអាកាសរបស់ប៉ូឡូញ នៅតែមានសុវត្ថិភាពដដែល។

 ការរំលោភបំពាន ប្រកបដោយគ្រោះថ្នាក់បំផុត នៃកម្លាំងទាហានរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) បានកើតឡើង នៅក្នុងអំឡុងពេលវាយប្រហាររបស់យោធារបស់ក្រុងមូស្គូ ទៅលើតំបន់ល្វីវ (Lviv) នាភាគខាងលិចរបស់ប្រទេសអ៊ុយក្រែន។

 លោក ចាសេក សៀវៀរ៉ា (Jacek Siewiera) ប្រធានការិយាល័យសន្ដិសុខជាតិប៉ូឡូញ បានបញ្ជាក់ ថា គាត់បានពិភាក្សាគ្នាជាមួយនឹងប្រមុខក្រសួងការពារជាតិប៉ូឡូញ លោក វ៉្លាឌីស្លាវ កូស៊ីនាក-កាមីស (Władysław Kosiniak-Kamysz) ស្របពេលនាយអគ្គសេនាធិការកងទ័ព បានផ្ដល់ព័ត៌មាននេះជាបន្ទាន់។ ដោយឡែក កងទ័ពប៉ូឡូញ បានអះអាង ថា មីស៊ីលរបស់រុស្ស៊ី ត្រូវបានបាញ់ផ្លោង ចូលជ្រៅមកក្នុងដែនអាកាសរបស់ប៉ូឡូញ។

 លោកឧត្ដមសេនីយ៍ មីកូឡា អូឡេសឈូក (Mykola Oleshchuk) មេបញ្ជាការកងទ័ពអ៊ុយក្រែន បានបញ្ជាក់ ថា នៅក្នុងការវាយប្រហារ កាលពីពេលយប់នោះ រុស្ស៊ី បានបាញ់មីស៊ីលលឿនជាងសំឡេង ប្រភេទ Kh-101 និង Kh-555 យ៉ាងតិចចំនួន២៩គ្រាប់ ទៅលើតំបន់ជាច្រើន នៅក្នុងប្រទេសអ៊ុយក្រែន ព្រមទាំងដ្រូន Shahed ចំនួន២៨គ្រឿង ផងដែរ។ ប៉ុន្ដែនៅក្នុងចំណោមមីស៊ីល និង ដ្រូនទាំងនោះ មានមីស៊ីល ចំនួន១៨គ្រាប់ និង ដ្រូន ចំនួន២៥គ្រឿង ត្រូវបានអ៊ុយក្រែន បាញ់ទម្លាក់៕