2024-03-04 04:03
83

រដ្ឋធានីញូវដេលី៖ ក្រុមប្រទេសប្រ៊ីកស៍ (BRICS) ដែលជាអង្គការអន្ដររដ្ឋាភិបាលមួយ ត្រូវបានបង្កើតឡើងជាលើកដំបូង នៅក្នុងអំឡុងឆ្នាំ២០១០ ដោយយកអក្សរកាត់ មកពីប្រទេសធំៗ ចំនួន៥ រួមមាន៖ ប្រេស៊ីល (Brazil), រុស្ស៊ី (Russia), ឥណ្ឌា (India), ចិន (China) និង អាហ្វ្រិកខាងត្បូង (South Africa) ហើយឥឡូវ ប្លុកមួយនេះ បានអូសទាញប្រទេសជាច្រើនផ្សេងទៀត ឲ្យចូលជាសមាជិក និង ចាប់ផ្ដើមបង្កើតរូបិយប័ណ្ណផ្ទាល់ខ្លួន ដោយមានគោលបំណង ប្រឆាំងនឹងឧត្ដមភាពរបស់ប្រាក់ដុល្លារអាមេរិក ដែលកំពុងតែប្រើប្រាស់ សម្រាប់ទូទាត់ពាណិជ្ជកម្ម  នៅជុំវិញពិភពលោក ប៉ុន្ដែឥណ្ឌា កំពុងតែពិចារណាឡើងវិញ អំពីបញ្ហានេះ។បណ្ដាញផ្សព្វផ្សាយ Watcher Guru បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី៣ ខែមីនា ឆ្នាំ២០២៤ ថា ឥណ្ឌា ជាសមាជិកមួយ នៅក្នុងចំណោមប្លុកប៊្រីកស៍នេះ កំពុងតែសិក្សា អំពីលទ្ធភាព និង ការប្រើប្រាស់រូបិយប័ណ្ណថ្មីរបស់ប្លុកនេះ បើធៀបនឹងប្រាក់ដុល្លារអាមេរិក។ 

បើតាមរបាយការណ៍មួយ បានបញ្ជាក់ ថា ប្រទេសឥណ្ឌា បានបញ្ជាឱ្យក្រុមអ្នកវិភាគហិរញ្ញវត្ថុសិក្សា អំពីលទ្ធភាព នៃរូបិយប័ណ្ណថ្មីរបស់ប្លុក BRICS ។ បទបញ្ជានេះ បានបង្ហាញ អំពីបញ្ញវ័ន្តហិរញ្ញវត្ថុឈានមុខគេ និង ក្រុមអ្នកគិត ដើម្បីពិភាក្សា អំពីការបង្កើតរូបិយប័ណ្ណថ្មីមួយ ដែលអាចជាជម្រើសមួយ យកមកជំនួសប្រាក់ដុល្លារអាមេរិក។
មន្រ្ដីកំពូលមួយរូបរបស់រដ្ឋាភិបាលឥណ្ឌា បានបញ្ជាក់ ដោយលក្ខខណ្ឌ មិនបញ្ចេញឈ្មោះ ថា ការសិក្សាលើរូបិយប័ណ្ណថ្មីរបស់ BRICS អាចជាចំណុចមួយ ត្រូវនិយាយ នៅក្នុងកិច្ចប្រជុំកំពូលបន្ទាប់ នៅក្នុងខែតុលា ឆ្នាំ២០២៤។ កិច្ចប្រជុំកំពូលលើកទី១៦របស់ប្លុកនេះ គ្រោងនឹងធ្វើឡើង នៅក្នុងតំបន់កាហ្សាន់ (Kazan) នៃប្រទេសរុស្ស៊ី។

បើតាមរបាយការណ៍ កាលពីឆ្នាំ២០២៣ បានឲ្យដឹង ថា ប្រជាជននៅក្នុងប្លុក BRICS  មានប្រហែល ៣,២ពាន់លាននាក់។ ប្លុកនេះបាននិងកំពុងតែពង្រីកសមាជិកកាន់តែច្រើនឡើងបន្ថែមទៀត។ ដោយឡែក ប្លុក G7 មានតែប្រទេសចំនួន៧ប៉ុណ្ណោះ រួមមាន៖ កាណាដា (Canada), បារាំង (France), អាល្លឺម៉ង់ (Germany), អ៊ីតាលី (Italy), ជប៉ុន , ចក្រភពអង់គ្លេស និង សហរដ្ឋអាមេរិក។

បើតាមគេហទំព័រ Statista បានឲ្យដឹង ថា ប្លុក BRICS ដែលមានប្រទេសជាច្រើនបានចូលរួមជាសមាជិកនោះ បានកាន់កាប់ចំណែកផលិតផល ក្នុងស្រុកសរុប (GDP) ចំនួន៣២ភាគរយរបស់ពិភពលោក ធៀបនឹង G7 កាន់កាប់ចំនួន៣២ភាគរយ៕