2024-02-27 07:02
107

រដ្ឋធានីហ្សាការតា៖ ឥណ្ឌូណេស៊ី មានប្រជាជនសរុបជាង ២៧៩,១លាននាក់ ក្លាយជាប្រទេសមានប្រជាជនច្រើនជាងគេលំដាប់លេខ៤ នៅលើពិភពលោក ហើយការបោះឆ្នោតប្រធានាធិបតីរបស់ប្រទេសអាស៊ានមួយនេះ ទើបនឹងកន្លងផុតទៅថ្មីៗនេះ បានធ្វើឲ្យបុគ្គលិកការិយាល័យបោះឆ្នោត ចំនួន១០៨នាក់ និង ជាង១៤ ៣០០នាក់ផ្សេងទៀតធ្លាក់ខ្លួនឈឺ។
   សារព័ត៌មានរបស់ឥណ្ឌូណេស៊ី Jakarta Post បានចេញផ្សាយ កាលពីថ្មីៗនេះ ថា រហូតមកដល់ពេលនេះ មានការអំពាវនាវកាន់តែកើនឡើង ដើម្បីឲ្យពិនិត្យឡើងវិញនូវទម្រង់បោះឆ្នោត រយៈពេលមួយថ្ងៃ។ សកម្មភាពបែបនេះ បានកើតឡើង ក្រោយពេលបុគ្គលិកការិយាល័យបោះឆ្នោតជាង១០០នាក់បានស្លាប់ និង បុគ្គលិកបោះឆ្នោត រហូតដល់១០៨នាក់បានស្លាប់ ខណៈជាង ១៤ ៣០០នាក់ផ្សេងទៀត បានធ្លាក់ខ្លួនឈឺ គិតត្រឹមថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤។ បញ្ហានេះ កំពុងតែជំរុញឱ្យវាយតម្លៃឡើងវិញ ថាតើប្រទេសឥណ្ឌូណេស៊ី ពិតជា ចាំបាច់ត្រូវតែរៀបចំការបោះឆ្នោតប្រធានាធិបតី និង សភា នៅថ្ងៃតែមួយឬយ៉ាងណា។
   ក្រសួងសុខាភិបាលឥណ្ឌូណេស៊ី បានប្រកាស កាលពីថ្ងៃចន្ទ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ថា បុគ្គលិក និង អ្នកស្ម័គ្រចិត្ត ជាង ១៤ ៣០០នាក់ មានបញ្ហាសុខភាព នៅក្នុងរយៈពេល៨ថ្ងៃ ចាប់តាំងពីប្រទេសនេះ បានរៀបចំការបោះឆ្នោតដ៏ធំបំផុតមួយរបស់ពិភពលោក កាលពីថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២៤។ រីឯមូលហេតុចម្បង នៃការស្លាប់របស់បុគ្គលិកបោះឆ្នោត ទាំង១០៨នាក់នោះ បានបណ្ដាលមកពីជំងឺគាំងបេះដូង និង ជំងឺលើសឈាម។

   ឥណ្ឌូណេស៊ី បានកត់ត្រាបុគ្គលិបោះឆ្នោតជិត ៩០០នាក់បានស្លាប់ដោយសារការអស់កម្លាំង នៅក្នុងអំឡុងពេលបោះឆ្នោត នាឆ្នាំ២០១៩ ទើបបង្ខំឱ្យមន្ត្រីអ្នកស្ម័គ្រចិត្ត មានអាយុ៥៥ឆ្នាំ តម្រូវតែពិនិត្យសុខភាពរបស់ពួកគាត់ នៅមុនការចូលរួមទៅក្នុងការបោះឆ្នោត នៅឆ្នាំនេះ។ ប៉ុន្តែវិធានការទាំងនេះ នៅតែរងបរាជ័យ នៅក្នុងការទប់ស្កាត់ដល់ការស្លាប់បុគ្គលិកបោះឆ្នោតមានចំនួនច្រើនស្លាប់។ បញ្ហានេះ បានធ្វើឲ្យឱ្យប្រជាជនឥណ្ឌូណស៊ី មានចំនួនកាន់តែច្រើនឡើង អំពាវនាវឱ្យមានការត្រួតពិនិត្យយ៉ាងពេញលេញឡើងវិញ ចំពោះការបោះឆ្នោតនេះ។
   នៅក្នុងឆ្នាំ២០២៤នេះ អ្នកបោះឆ្នោតឥណ្ឌូណេស៊ី ចំនួនជិត២០៥លាននាក់ បាននាំគ្នាទៅបោះឆ្នោត ជ្រើសរើសប្រធានាធិបតី សភា និង រដ្ឋាភិបាលក្នុងតំបន់ នៅក្នុងរយៈពេលត្រឹមតែមួយថ្ងៃ ប៉ុណ្ណោះ។ នេះជាការបោះឆ្នោតដ៏ធំបំផុតមួយ នៅលើពិភពលោក ដោយមានអ្នកស្ម័គ្រចិត្តចំនួន៥,៧លាននាក់ ចូលទៅធ្វើការ នៅតាមការិយាល័យបោះឆ្នោត ចំនួន ៨00 000កន្លែង នៅទូទាំងប្រទេស។ 
   បុគ្គលិកការិយាល័យបោះឆ្នោត បានធ្វើការងាររបស់ខ្លួនពេញមួយថ្ងៃ  ហើយពួកគេបានរាប់សន្លឹកឆ្នោត ដោយដៃ រយៈពេល១២ម៉ោងទាំងមិនបានសម្រាក។ រីឯគណៈកម្មាធិការសិទ្ធិមនុស្សជាតិរបស់ប្រទេសឥណ្ឌូណេស៊ី បានអះអាង ថា បុគ្គលិកបោះឆ្នោត ភាគច្រើន មិនបានដេក រយៈពេលពីរថ្ងៃ បន្ទាប់ពីការបោះឆ្នោត។
   នៅក្នុងការបោះឆ្នោតនេះ លោក ប្រាបូវ៉ូ ស៊ូបៀនតូ (Prabowo Subianto) រដ្ឋមន្រ្ដីក្រសួងការពារជាតិឥណ្ឌូណេស៊ី បានប្រកាស កាលពីថ្ងៃពុធ ទី១៤ ខែកុម្ភៈ ថា គាត់បានឈ្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតីឥណ្ឌូណេស៊ី។

   លោក ស៊ូបៀនតូ បានប្រកាស កាលពីថ្ងៃពុធ ទី១៤ ខែកុម្ភៈ ទៅកាន់ហ្វូងអ្នកគាំទ្រ នៅក្នុងរដ្ឋធានីហ្សាការតា ថា «សម្ព័ន្ធ Prabowo-Gibran (ប្រាបូវ៉ូ-ហ្គីប្រាន) បានទទួលជ័យជម្នះ។ នេះជាជ័យជម្នះរបស់ប្រជាជនឥណ្ឌូនេស៊ីទាំងអស់ »។ រីឯលោក ហ្គីប្រាន រ៉ាកាប៊ូមីង រ៉ាកា (Gibran Rakabuming Raka) កូនប្រុសច្បងរបស់ប្រធានាធិបតីឥណ្ឌូណេស៊ីជិតផុតអាណត្ដិ លោក ចូកូ វីដូដូ (Joko Widodo) នឹងជាបេក្ខជនអនុប្រធានាធិបតី និង ជាសម្ពន្ធមិត្តរបស់លោក ស៊ូបៀនតូ ៕