2024-03-07 01:03
102

រដ្ឋធានីហាណូយ៖ មហាសេដ្ឋិនី (អាន៖មហាសេតថិណី) អចលនទ្រព្យ ជាជនជាតិវៀតណាមម្នាក់ កំពុងតែប្រឈមមុខនឹងការកាត់ទោសប្រហារជីវិត ដោយសារការជាប់ពាក់ព័ន្ធនឹងការកេងបន្លំទឹកប្រាក់ រហូតដល់ ១២,៥ពាន់លានដុល្លារអាមេរិក ឬស្មើនឹងជិត៣ភាគរយ នៃផលិតផលក្នុងស្រុកសរុប ឬ GDP នាឆ្នាំ២០២២របស់ប្រទេសវៀតណាម។

ទីភ្នាក់ងារសារព័ត៌មានរបស់សហរដ្ឋអាមេរិក បានចេញផ្សាយ កាលពីថ្ងៃពុធ ទី៦ ខែមីនា ឆ្នាំ២០២៤ ថា លោកស្រី ទ្រួង មី ឡាន (Truong My Lan) មហាសេដ្ឋិនីអចលនទ្រព្យរបស់វៀតណាម កំពុងតែប្រឈមមុខនឹងការកាត់ទោសប្រហារជីវិត នៅក្នុងរឿងកាត់ក្តីមួយ ត្រូវបានចាប់ផ្តើមដំណើរការចោទប្រកាន់ កាលពីថ្ងៃអង្គារ (ទី៥ ខែមីនា) ក្រោមការចោទប្រកាន់ ពីបទក្លែងបន្លំនូវទឹកប្រាក់ ចំនួន១២,៥ពាន់លានដុល្លារអាមេរិក។ នេះជាករណីក្លែងបន្លំហិរញ្ញវត្ថុដ៏ធំបំផុត នៅក្នុងប្រទេសកុម្មុយនិស្ដអាស៊ានមួយនេះ។

បើតាមឯកសាររបស់រដ្ឋាភិបាល បានឲ្យដឹង ថា មហាសេដ្ឋិនីវៀតណាម វ័យ៦៦ឆ្នាំរូបនេះ ជាប្រធានក្រុមហ៊ុនអចលនទ្រព្យ Van Thinh Phat (វ៉ាន់ ធិញ ផាត) ហើយលោកស្រី ត្រូវបានចោទប្រកាន់ អមពីការប្រើប្រាស់ឈ្មោះក្រុមហ៊ុនខ្មោច រាប់ពាន់ក្រុមហ៊ុន បង់ប្រាក់សំណូកទៅដល់ក្រុមមន្រ្ដីរដ្ឋាភិបាលជាច្រើននាក់ និង បានរំលោភលើច្បាប់ធនាគារ។ លោកស្រី បានរងនូវការចោទប្រកាន់ អំពីការគ្រប់គ្រង ដោយខុសច្បាប់ លើធនាគារពាណិជ្ជកម្មភាគហ៊ុនរួម Saigon ចន្លោះពីឆ្នាំ២០១២ ដល់ឆ្នាំ២០២២ ហើយបានប្រើប្រាស់ធនាគារនេះ សម្រាប់ការកេងបន្លំប្រាក់ ចំនួន១២,៥ពាន់លានដុល្លារអាមេរិក។

ក្រៅពីមហាសេដ្ឋិនីរូបនេះ ក៏មានមនុស្សចំនួន៨៥នាក់ផ្សេងទៀត ជាប់ពាក់ព័ន្ធនឹងសំណុំរឿងនេះ ដោយរាប់បញ្ចូលទាំងអតីតមន្រ្ដីធនាគារដ្ឋវៀតណាម ត្រូវបានចោទប្រកាន់ពីការទទួលសំណូក រហូតដល់៥,២លានដុល្លារអាមេរិក។ លោកស្រី មហាសេដ្ឋិនីរូបនេះ ត្រូវបានចាប់ខ្លួន កាលពីអំឡុងខែតុលា ឆ្នាំ២០២២ ហើយលោកស្រី អាចនឹងត្រូវកាត់ទោសប្រហារជីវិត ប្រសិនបើតុលាការវៀតណាម រកឃើញ អំពីទោសកំហុស ដូចការចោទប្រកាន់មែន៕