2024-02-06 11:02
114

(ឡុងដ៍)៖ ព្រះមហាក្សត្រចក្រភពអង់គ្លេស King Charles ត្រូវបានក្រុមគ្រូពេទ្យធ្វើរោគវិនិច្ឆយរកឃើញថាប្រឈួនមហារីក ហើយព្រះអង្គនឹង ត្រូវផ្អាករាជកិច្ចមួយចំនួនជាបណ្ដោះអាសន្ន ដើម្បីទទួលការព្យាបាល។ នេះបើតាមការឱ្យដឹងពីរាជវាំង Buckingham កាលពីថ្ងៃចន្ទ ទី៥ ខែកុម្ភៈ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

រាជវាំង Buckingham បានឱ្យដឹងទៀតថាព្រះអង្គម្ចាស់ Charles មានព្រះជន្ម៧៥ព្រះវស្សា ដែលបានឡើងគ្រងរាជ្យជាមហាក្សត្រចក្រភពអង់គ្លេស កាលពីខែកញ្ញា ឆ្នាំ២០២២ បន្ទាប់ពីការសោយទិវង្គតរបស់ព្រះមាតាគឺមហាក្សត្រិយ៍ Elizabeth បានចាប់ផ្ដើមទទួលការព្យាបាលជាបន្តបន្ទាប់ ហើយ ព្រះអង្គមានព្រះទ័យត្រឡប់ទៅបំពេញព្រះរាជកិច្ចវិញ ក្នុងពេលឆាប់ៗតាមដែលអាចធ្វើទៅបាន។

ការប្រកាសឱ្យដឹងថាព្រះមហាក្សត្រ Charles ប្រឈួនមហារីក កើតមានឡើង ក្រោយព្រះអង្គយាងសម្រាកព្យាបាលនៅមន្ទីរពេទ្យរយៈពេល ៣យប់ កាលពីខែមករាកន្លងទៅ ជាពេលដែលព្រះអង្គទទួលការព្យាបាលបញ្ហាក្រពេញប្រូស្តាតរីកធំ។

ក៏ប៉ុន្តែ រាជវាំង Buckingham មិនបានបញ្ជាក់លម្អិតថាព្រះអង្គប្រឈួនមហារីកអ្វីឱ្យប្រាកដនោះទេ ដោយគ្រាន់តែនិយាយថាព្រះអង្គត្រូវបានធ្វើរោគ វិនិច្ឆយរកឃើញថាប្រឈួនទម្រង់មួយនៃជំងឺមហារីក៕

គួរបញ្ជាក់ថា បើតាមរាជវាំង Buckingham អំឡុងទទួលការព្យាបាល ព្រះមហាក្សត្រ Charles នឹងត្រូវផ្អាករាជកិច្ចមួយចំនួន តែព្រះអង្គនឹងនៅតែ ចាត់ចែងកិច្ចការរដ្ឋសំខាន់ៗ ហើយក៏នឹងបន្តជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak ខណៈមហេសីរបស់ទ្រង់ម្ចាស់ក្សត្រិយ៍ Camilla នឹងបន្តរាជកិច្ចរបស់ទ្រង់ជាធម្មតា៕