2024-02-23 04:02
91

រដ្ឋធានីសាណា៖ ចាប់តាំងពីជម្លោះ រវាងអ៊ីស្រាអែល និង ក្រុមហាម៉ាស់ បានផ្ទុះឡើង នៅតំបន់ហ្កាហ្សារហូតមក ក្រុមឧទ្ទាមហ៊ូទី នៅក្នុងប្រទេសយេមែន បានបង្កការអុកឡុកយ៉ាងខ្លាំងដល់ផ្លូវដឹកជញ្ជូនពាណិជ្ជកម្មដ៏សំខាន់របស់ពិភពលោក សម្រាប់ការតភ្ជាប់ពីទ្វីបអាស៊ីទៅកាន់អឺរ៉ុប ហើយឥឡូវនេះ ក្រុមឧទ្ទាមគាំទ្រដោយអ៊ីរ៉ង់ មួយនេះ កំពុងតែគំរាមកំហែងវាយប្រហារដល់នាវានានារបស់សហរដ្ឋអាមេរិក និង ចក្រភពអង់គ្លេស នៅក្នុងសមុទ្រក្រហមផងដែរ ។

 បណ្ដាញទូរទស្សន៍ Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ថា ក្រុមឧទ្ទាមហ៊ូទី (Houthi) បានប្រកាស ថា ពួកគេបានហាមឃាត់ដល់នាវាទាំងឡាយណា ដែលភ្ជាប់ទៅនឹងអ៊ីស្រាអែល សហរដ្ឋអាមេរិក និង ចក្រភពអង់គ្លេស មិនឱ្យធ្វើដំណើរ ឆ្លងកាត់សមុទ្រ នៅជុំវិញតំបន់នេះ ខណៈក្រុមឧទ្ទាម ព្យាយាមពង្រឹងយុទ្ធនាការយោធារបស់ខ្លួន ជួយគាំទ្រដល់ជនជាតិប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា។

 បើតាមទីភ្នាក់ងារព័ត៌មាន Reuters បានដកស្រង់សេចក្តីថ្លែងការណ៍មួយ ដោយបានអះអាង  ថា មជ្ឈមណ្ឌលសម្របសម្រួលប្រតិបត្តិការមនុស្សធម៌របស់ក្រុមឧទ្ទាមហ៊ូទី បានផ្ញើសេចក្តីជូនដំណឹងជាផ្លូវការ អំពីការហាមឃាត់ដល់ក្រុមហ៊ុនធានារ៉ាប់រងដឹកជញ្ជូន និង ក្រុមហ៊ុនដែលកំពុងតែប្រតិបត្តិការ នៅក្នុងតំបន់កាលពីថ្ងៃព្រហស្បតិ៍ (ទី២២ ខែកុម្ភៈ)។

 ការព្រមានបែបនេះ បានកើតឡើង ចំពេលការបន្តការវាយប្រហាររបស់ក្រុមឧទ្ទាមហ៊ូទី ដែលបានរំខានដល់ផ្លូវដឹកជញ្ជូនពាណិជ្ជកម្មអន្តរជាតិដ៏សំខាន់បំផុត រវាងទ្វីបអឺរ៉ុប និងអាស៊ីហើយការវាយបក ដោយកងកម្លាំងសហរដ្ឋអាមេរិក និង អង់គ្លេស ដោយសង្ឃឹម ថា ពួកគេនឹងរារាំងដល់សកម្មភាពរបស់ពួកឧទ្ទាមមួយនេះ។ ក្រុមហ៊ូទីមានសម្ពន្ធមិត្តយ៉ាងជិតស្និទ្ធជាមួយនឹងអ៊ីរ៉ង់ បានវាយប្រហារម្តងហើយម្តងទៀត លើនាវានានា នៅនៅក្នុងតំបន់ ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២៣ រហូតមក ដោយបានអះអាង អំពីការគាំទ្ររបស់ពួកគេ ជួយដល់ប៉ាឡេស្ទីន៕