2024-02-23 04:02
96

ក្រុងឡាអេ៖ ស្របពេលសង្គ្រាមរបស់អ៊ីស្រាអែល កំពុងតែបន្ដ នៅក្នុងតំបន់ហ្កាហ្សា អូសបន្លាយអស់រយៈពេលជាច្រើនខែកន្លងមកនេះ បាន និង កំពុងតែបង្កនូវមហាវិនាសកម្មយ៉ាងធ្ងន់ ហើយថែមទាំងឆក់យកអាយុជីវិតរបស់ជនស៊ីវិល អស់យ៉ាងតិច ជាង ២៩ ០០០នាក់នោះ តុលាការយុត្ដិធម៌អន្ដរជាតិ (ICJ) បានបើកសវនាការស្ដាប់ទឡ្ហីករណ៍ មកពីតំណាង នៃបណ្ដាប្រទេសជាច្រើន ហើយចិន ក៏បានប្រាប់ដល់តុលាការកំពូលរបស់ពិភពលោកមួយនេះ ត្រូវតែមានយុត្ដិធម៌ សម្រាប់ជនជាតិប៉ាឡេស្ទីន។

 គេហទំព័ររបស់បណ្ដាញទូរទស្សន៍ Al Jazeera បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ថា តំណាងរបស់ប្រទេសចិន បានប្រាប់ដល់តុលាការយុត្ដិធម៌អន្ដរជាតិ ថា ជនជាតិប៉ាឡេស្ទីន មិនបដិសេធចំពោះយុត្ដិធម៌ នៅក្នុងសវនាការ ស្ដីអំពីការកាន់កាប់របស់អ៊ីស្រាអែល ទៅលើដែនដីរបស់របស់ប៉ាឡេស្ទីន នោះឡើយ។

 លោក ម៉ា ស៊ីនមីន (Ma Xinmin) ទីប្រឹក្សាផ្នែកច្បាប់ នៃក្រសួងការបរទេសចិន បានប្រាប់ដល់តុលាការកំពូលរបស់អង្គការសហប្រជាជាតិ មានមូលដ្ឋាន នៅក្នុងទីក្រុងឡាអេ ប្រទេសហូល្លង់ដ៍ កាលពីថ្ងៃព្រហស្បតិ៍ (ទី២២ ខែកុម្ភៈ) ថា« យុត្ដិធម៌ ត្រូវបានពន្យារ អស់រយៈពេលជាយូរមកហើយ ប៉ុន្ដែមិនត្រូវទាត់ចោលយុត្ដិធម៌ សម្រាប់ជនជាតិប៉ាឡេស្ទីន នោះដែរ»

លោកទីប្រឹក្សាផ្នែកច្បាប់របស់ចិន រូបនេះ បានសង្កត់ធ្ងន់ ថា «បើគិតទៅ អស់រយៈពេល៥៧ឆ្នាំឆ្នាំ បានកន្លងផុតទៅហើយ ចាប់តាំងពីអ៊ីស្រាអែល ចាប់ផ្តើមកាន់កាប់ទឹកដីប៉ាឡេស្ទីន (OPT)។ លក្ខណៈខុសច្បាប់ នៃការកាន់កាប់ និង អធិបតេយ្យភាព នៅលើទឹកដី ដែលកាន់កាប់ នៅតែមិនមានការផ្លាស់ប្តូរនោះឡើយ»

 ស្របគ្នានេះដែរ លោក ស្ដេប វាសសេន (Step Vaessen) របស់ Al Jazeera ក៏បានរាយការណ៍ពីទីក្រុងឡាអេ ដោយបានអះអាង ថា ប្រទេសចិន បានប្រើពេលវេលារបស់ខ្លួន នៅតុលាការយុត្ដិធម៌អន្ដរជាតិ (ICJ) ដើម្បីប្រឆាំងនឹងទឡ្ហីករណ៍របស់សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ (ទី២១ ខែកុម្ភៈ) ថា អ៊ីស្រាអែល មិនគួរត្រូវបានបញ្ជាឱ្យដកខ្លួន ដោយគ្មានលក្ខខណ្ឌ ចេញពីទឹកដីដែលកាន់កាប់ ដោយគ្មានការធានាដល់សន្តិសុខរបស់អ៊ីស្រាអែលនោះឡើយ។

 អ្នករាយការណ៍រូបនេះ បានបញ្ជាក់ ថា សហរដ្ឋអាមេរិក បានអះអាង ថា អង្គការសហប្រជាជាតិ និង ICJ គួរតែនៅឆ្ងាយពីបញ្ហាទ្វេភាគី រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។ បើតាមប្រទេសចិន  វិញ បានអះអាង ថា «ករណីនេះ ពិតជាមានបញ្ហា សម្រាប់អង្គការសហប្រជាជាតិ នៅក្នុងការនិយាយ អំពីការសម្រេចចិត្ត ដោយខ្លួនឯងរបស់ប្រជាជនប៉ាឡេ            ស្ទីន។តំណាងមកពីប្រទេសចិន បានសង្កត់ធ្ងន់ ថា អ៊ីស្រាអែល ជាប្រទេសដទៃ បានចូលទៅកាន់កាប់ទឹកដីរបស់ប៉ាឡេស្ទីន ដូច្នេះសិទ្ធិការពារខ្លួនជាមួយជនជាតិប៉ាឡេស្ទីន មានច្រើនជាងអ៊ីស្រាអែល។

 សូមរម្លឹកឡើងវិញ ថា ក្រុមប្រដាប់អាវុធហាម៉ាស់របស់ប៉ាឡេស្ទីន បានឆ្មក់វាយប្រហារទៅលើតំបន់ភាគខាងត្បូងរបស់ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ចំនួន ១ ១៣៩នាក់ ហើយភាគច្រើនបំផុត ជាជនស៊ីវិល និង បានចាប់មនុស្ស ប្រហែល២៥០នាក់ផ្សេងទៀត ធ្វើជាចំណាប់ខ្មាំង។ នេះបើតាមតួលេខរបស់ Al Jazeera បានផ្អែកទៅលើតួលេខផ្លូវការរបស់អ៊ីស្រាអែល។

 ចាប់តាំងពីពេលនោះមក អ៊ីស្រាអែល បានប្រកាសធ្វើសង្គ្រាមសងសឹក ដេញតាមកម្ទេចក្រុមហាម៉ាស់ រហូតមក ដោយបានឆក់យកអាយុជីវិតរបស់អ្នករស់នៅតំបន់ហ្កាហ្សា យ៉ាងតិច ២៩ ៣០០នាក់ ហើយក្នុងចំណោមជនរងគ្រោះទាំងនោះ មានប្រហែល៧០ភាគរយ ជាស្រ្ដី និង កុមារ ខណៈមនុស្សជាង ៦៩ ៣០០នាក់ផ្សេងទៀត រងរបួស។ នេះបើតាមសេចក្ដីរាយការណ៍របស់អាជ្ញាធរប៉ាឡេស្ទីន៕