2024-06-24 01:06
127

រាជធានីបាងកក៖ វិស័យនយោបាយរបស់ប្រទេសថៃ កំពុងឈានទៅរកចំណុចប្រែប្រួល ព្រោះនៅខែកក្កដាខាងមុខនេះ តុលាការធម្មនុញ្ញថៃ នឹងសម្រេចលើជោគវាសនានយោបាយរបស់នាយករដ្ឋមន្រ្ដី ស្រេតថា ថាវីស៊ីន (Srettha Thavisin) និង មេដឹកនាំគណបក្សឆ្ពោះទៅមុខ (Move Forward Party) ហៅកាត់ MFP ។ នេះបើតាមសារព័ត៌មានរបស់ថៃ Bangkok Post បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី២៤ ខែមិថុនា ឆ្នាំ២០២៤។

រហូតមកដល់ពេលនេះ នៅតែមានភាពមិនច្បាស់លាស់ អំពីការសម្រេចរបស់តុលាការធម្មនុញ្ញថៃ គ្រោងនឹងធ្វើឡើង នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ សម្រាប់សំណុំរឿងរំលាយគណបក្សប្រឆាំងដ៏ធំបំផុត MFP ហើយនៅថ្ងៃទី១០ ខែកក្កដា តុលាការដដែលនេះ ក៏នឹងសម្រេចលើជោគវាសនានយោបាយរបស់លោកនាយករដ្ឋមន្រ្ដី ស្រេតថា ថាវីស៊ីន។ រីឯវិស័យធុរកិច្ច នឹងមានការព្រួយបារម្ភ អំពីការជះឥទ្ធិពលមកលើសេដ្ឋកិច្ចថៃ ប្រសិនបើការគ្រប់គ្រងបច្ចុប្បន្ន ត្រូវរងនូវការរំខាន។

លោក ស្រេតថា ថាវីស៊ីន នាយករដ្ឋមន្រ្ដីបច្ចុប្បន្នរបស់ថៃ កំពុងតែតស៊ូការពារខ្លួន នៅក្នុងការស៊ើបអង្កេតលើក្រមសីលធម៌ ដែលធ្វើឡើងប្រឆាំងនឹងរូបគាត់ នៅក្នុងតុលាការធម្មនុញ្ញ បន្ទាប់ពីគាត់បានតែងតាំងលោក ភីឈីត ឈួនបាន (Pichit Chuenban) ជារដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រីរបស់គាត់ នៅក្នុងការរុះរើគណៈរដ្ឋមន្ត្រីចុងក្រោយ នៅក្នុងប្រទេសថៃ។

លោក ភីឈីត ឈួនបាន ធ្លាប់ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលប្រាំមួយខែ កាលពីអំឡុងឆ្នាំ២០០៨ រួមជាមួយនឹងសហការីពីរនាក់ផ្សេងទៀត បន្ទាប់ពីពួកគេបានព្យាយាមសូកប៉ាន់មន្ត្រីតុលាការកំពូល ដោយការប្រគល់ថង់ក្រដាស ដែលមានប្រាក់ចំនួន២លានបាត ហើយលាលែងតំណែងភ្លាមៗ នៅមុនពេលតុលាការធម្មនុញ្ញយល់ព្រមដំណើរការញត្តិ សម្រាប់ការស៊ើបអង្កេត។ .
លោក អាត ភីសានវ៉ានិច (Aat Pisanwanich) ជាអ្នកវិភាគឯករាជ្យ លើសេដ្ឋកិច្ចអន្ដរជាតិ បានអះអាង ថា ស្ថានភាពនយោបាយ នៅក្នុងប្រទេសថៃ នាពេលបច្ចុប្បន្ន ស្ថិតក្នុងភាពមិនច្បាស់លាស់។ ប៉ុន្ដែប្រសិនបើ មានការប្រែប្រួលខាងនយោបាយនោះ រដ្ឋាភិបាលចម្រុះណាមួយ នឹងមិនទំនងជារាប់បញ្ចូលជាមួយនឹងគណបក្សភឿថៃ ដែលបច្ចុប្បន្ន កំពុងតែគ្រប់គ្រងអាសនៈភាគច្រើន នៅក្នុងរដ្ឋសភា។ មួយវិញទៀត ប្រសិន បើលោកនាយករដ្ឋមន្រ្ដី ស្រេតថា ថាវីស៊ីន ត្រូវបានសម្រេច ថា រំលោភលើបទប្បញ្ញត្ដិក្រមសីលធម៌ ចំពោះការតែងតាំងលោក ភីឈីត នោះ អាចនឹងបង្កើនសម្ពាធលើគាត់ ឲ្យចុះចេញពីអំណាច។ រីឯបេក្ខភាពដ៏មានឥទ្ធិពលចំនួន៣រូប អាចនឹងត្រូវប្រជែងគ្នា សម្រាប់តំណែងនាយករដ្ឋមន្រ្ដីបន្ទាប់។

អ្នកវិភាគឯករាជ្យ លើសេដ្ឋកិច្ចអន្ដរជាតិរូបនេះ បានបន្ថែម ថា បេក្ខភាពនាយករដ្ឋមន្រ្ដីទាំងនោះ អាចជាលោកស្រី ផេថុងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) ប្រធានគណបក្សភឿថៃ ជាកូនស្រីរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra) អតីតនាយករដ្ឋមន្រ្ដីថៃ, លោក ឆៃកាសេម នីទីស៊ីរី ( Chaikasem Nitisiri) ជាឥស្សរជនដ៏សំខាន់របស់គណបក្សភឿថៃ និង លោក អានុទីន ឆានវីរ៉ាគុល (Anutin Charnvirakul) ឧបនាយករដ្ឋមន្រ្ដីថៃ និង ជាប្រធានគណបក្សភូមចៃថៃ (Bhumjaithai Party)។ ប៉ុន្ដែប្រសិនបើលោកស្រី ផេថុងថាន នឹងជ្រើសរើសជានាយករដ្ឋមន្រ្ដីថៃ អាចនឹងមានសំណួរជាច្រើន អំពីចំណេះដឹង និង សមត្ថភាពរបស់លោកស្រី  ដែលកំពុងតែជះឥទ្ធិពលទំនុកចិត្តទន់ខ្សោយរបស់លោកស្រី នៅក្នុងរដ្ឋាភិបាល។

អ្នកវិភាគរូបនេះ បានបន្ថែម ថា «រដ្ឋាភិបាលកើតឡើង ពីការថយចុះជំនឿរបស់សាធារណជន បន្ទាប់ពីគណបក្សភឿថៃ បានចងសម្ពន្ធភាពជាមួយរដ្ឋាភិបាលចម្រុះមុន ដោយបានចាកចេញពីគណបក្ស MFP ក្នុងការបង្កើតរដ្ឋាភិបាលមួយ បើទោះជា MFP ទទួលបានសំឡេងភាគច្រើន នៅក្នុងការបោះឆ្នោតយ៉ាងណាក៏ដោយ។

ស្របគ្នានេះ ការចំណាយលើផលិតផលកំពុងតែកើនឡើង ធ្វើឲ្យមានការបង្កើនឡើងការចំណាយ សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនថៃ។ បញ្ហានេះ កំពុងតែធ្វើឲ្យប្រទេសថៃ ក្លាយជាប្រទេសមួយចំណាយច្រើនបំផុត នៅក្នុងតំបន់អាស៊ាន ដោយកើនលើសវៀតណាម ឥណ្ឌូណេស៊ី និង ម៉ាឡេស៊ី។ ការកាត់បន្ថយអត្រាការប្រាក់តាមគោលនយោបាយ ដែលគាំទ្រដោយរដ្ឋាភិបាលរបស់លោក ស្រេតថា ថាវីស៊ីន ជាយូរមកហើយ នឹងមានតម្លៃក្នុងការបន្ត ព្រោះវានឹងជួយសម្រាលបន្ទុកដល់កូនបំណុល និង ជំរុញនូវការវិនិយោគក្នុងស្រុក ផងដែរ។ រីឯធនាគារថៃ នៅតែមានភាពស្ទាក់ស្ទើរ ដើម្បីកាត់បន្ថយលើអត្រាការប្រាក់ ព្រោះតែការប្រើប្រាស់ក្នុងស្រុក នៅតែកើតឡើង៕