2024-06-27 12:06
126

រដ្ឋធានីសេអ៊ូល៖ ស្របពេលមានការប្រកួតប្រជែងលើភូមិសាស្រ្ដនយោបាយកាន់តែតានតឹង រវាងមហាអំណាចលោកខាងលិច និង មហាយក្សចិននោះ សហរដ្ឋអាមេរិក កំពុងតែបង្កើននូវកិច្ចសហប្រតិបត្ដិការជាយុទ្ធសាស្រ្ដបន្ថែមទៀត ជាមួយនឹងបណ្ដាប្រទេសជាសម្ពន្ធមិត្ត នៅអាស៊ីបូព៌ា ដើម្បីជ្រោមជ្រែង លើសន្ដិសុខ និង សេដ្ឋកិច្ច។

ទីភ្នាក់ងារសារព័ត៌មានរបស់អង់គ្លេស Reuters បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៤ ថា រដ្ឋមន្ត្រីពាណិជ្ជកម្មសហរដ្ឋអាមេរិក ជប៉ុន និង កូរ៉េខាងត្បូង កាលពីថ្ងៃពុធ (ទី២៦ ខែមិថុនា) បានប្ដេជ្ញា ថា ប្រទេសជាសម្ពន្ធមិត្តទាំង៣នេះ នឹងធ្វើសហការលើបញ្ហាយុទ្ធសាស្ត្ររួម ទាំងសុវត្ថិភាពបញ្ញាសិប្បនិម្មិត ហៅកាត់«AI», ការត្រួតពិនិត្យលើការនាំចេញ, ថាមពលស្អាត និង ខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីប។

លោកស្រី ហ្គីណា រ៉ៃម៉ុនដូ (Gina Raimondo) រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានបញ្ជាក់ នៅពេលចាប់ផ្តើមកិច្ចប្រជុំ នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ថា «យើងកំពុងតែបន្ថយនូវការខិតខំប្រឹងប្រែងរបស់យើងទ្វេដង ដើម្បីធ្វើការរួមគ្នា។ ប្រទេសរបស់យើងទាំង៣ កំពុងតែដឹកនាំសេដ្ឋកិច្ច ទាំងការផលិត, សេវាកម្ម, បច្ចេកវិទ្យា និង ការច្នៃប្រឌិត ឬ រុករកថ្មី ហើយយើងត្រូវតែធ្វើការរួមគ្នា ដើម្បីផលប្រយោជន៍រួម មិនត្រឹមតែដើម្បីប្រទេសរបស់យើងទាំង៣ គឺសហរដ្ឋអាមេរិក ជប៉ុន និង កូរ៉េខាងត្បូង ប៉ុណ្ដោះទេ ប៉ុន្ដែយើងត្រូវតែសហការគ្នាធ្វើ ដើម្បីសុវត្ថិភាព និង សន្ដិសុខ សម្រាប់ពិភពលោកទាំងមូល»។

រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក ជប៉ុន និង កូរ៉េខាងត្បូង បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រោយកិច្ចប្រជុំ ថា«សហរដ្ឋអាមេរិក ជប៉ុន និង កូរ៉េខាងត្បូង នឹងផ្តោតលើកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើង នៅក្នុងតំបន់យុទ្ធសាស្ត្រ ដែលត្រូវបានរៀបចំឡើង សម្រាប់បង្កើនសន្តិសុខ និង ភាពរុងរឿងរបស់ប្រជាជនរបស់យើង និង តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ យើងមានបំណងផ្តល់អាទិភាពដល់កិច្ចសហប្រតិបត្តិការ ដើម្បីពង្រឹងភាពធន់ លើការផ្គត់ផ្គង់។ ខ្សែសង្វាក់ នៅក្នុងវិស័យសំខាន់ៗ រួមទាំងឧបករណ៍អេឡិកត្រូនិក និង អាគុយ ក៏ដូចជា សុវត្ថិភាពបញ្ញាសិប្បនិម្មិត, សារធាតុរ៉ែសំខាន់ៗ, សុវត្ថិភាពអ៊ិនធើរណេត និង ការកំណត់ស្តង់ដារបច្ចេកទេស។

លោក កែន សៃតូ (Ken Saito) រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និង ឧស្សាហកម្មជប៉ុន បានបញ្ជាក់ ថា ជប៉ុន កូរ៉េខាងត្បូង និង សហរដ្ឋអាមេរិក បានព្រមព្រៀងគ្នា ដើម្បីធ្វើឲ្យសម្រេចបាននូវខ្សែសង្វាក់ផ្គត់ផ្គង់ដ៏រឹងមាំ និង គួរឱ្យទុកចិត្ត សម្រាប់សម្ភារយុទ្ធសាស្ត្រ ដោយធ្វើការរួមគ្នា ជាមួយនឹងបណ្តាប្រទេសដែលមានគំនិតដូចគ្នា រួមមាន៖ ប្រទេសជប៉ុន សហរដ្ឋអាមេរិក និង កូរ៉េខាងត្បូង ហើយការរៀបចំទីផ្សារដែលកត្តាផ្សេងទៀត ក្រៅអំពីតម្លៃត្រូវបានវាយតម្លៃ ដោយយុត្តិធម៌។

លោក អាន ឌូក-ជឿន (Ahn Duk-geun) រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និង ថាមពលកូរ៉េខាងត្បូង បានបញ្ជាក់ ថា យើងរំពឹងថា កិច្ចប្រជុំរបស់រដ្ឋមន្ត្រីឧស្សាហកម្មកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និង ជប៉ុន នឹងបម្រើជាមូលដ្ឋានគ្រឹះ ដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅ និង អភិវឌ្ឍនូវកិច្ចសហប្រតិបត្តិការ លើវិស័យឧស្សាហកម្ម នៅក្នុងចំណោមប្រទេសទាំងបី និង រួមគ្នាឆ្លើយតបទៅនឹងហានិភ័យជាសកល។ 

លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីខែឧសភា ឆ្នាំ២០២៤ បានប្ដេជ្ញាដំឡើងពន្ធយ៉ាងច្រើនបន្ថែមទៀត លើរ៉ែសំខាន់ៗ នាំចូលមកពីប្រទេសចិន ស្របពេលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានប្តេជ្ញាកាត់បន្ថយនូវការគ្រប់គ្រងរបស់ប្រទេសចិន លើខ្សែសង្វាក់ផ្គត់ផ្គង់រ៉ែសំខាន់ៗ។ ស្របគ្នានេះដែរ ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក ក៏បានស្នើដល់បណ្ដាប្រទេស ជាសម្ពន្ធមិត្ត បញ្ឈប់សកម្មភាពរបស់ក្រុមហ៊ុនក្នុងស្រុករបស់ខ្លួន បញ្ចៀសពីការបម្រើឧបករណ៍ផលិតបន្ទះឈីបមួយចំនួន សម្រាប់អតិថិជន មកពីប្រទេសចិន ព្រោះវាជាផ្នែកមួយដ៏សំខាន់របស់សហរដ្ឋអាមេរិក សម្រាប់ជំរុញឱ្យមានការចាប់អារម្មណ៍ លើសមត្ថភាពផលិតបន្ទះសៀគ្វីរបស់ប្រទេសចិន៕