2024-07-01 06:07
117

រដ្ឋធានីព្យុងយ៉ាង៖  បើតាមកូរ៉េខាងត្បូង បានរាយការណ៍ ថា កូរ៉េខាងជើង បានកាត់ទោសប្រហារជីវិតជាសាធារណៈលើយុវជនវ័យ២២ឆ្នាំម្នាក់ ដោយសារតែគាត់បានស្ដាប់ និង ចែករំលែក ហើយមើលឃ្លីបវីដេអូ K-pop។ នេះបើតាមសារព័ត៌មាន Independent បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី៣០ ខែមិថុនា ឆ្នាំ២០២៤។

បើតាមសេចក្ដីរាយការណ៍ ស្ដីអំពីសិទ្ធិមនុស្សរបស់កូរ៉េខាងជើង ត្រូវបានចេញផ្សាយ ដោយក្រសួងបង្រួបបង្រួមជាតិរបស់កូរ៉េខាងត្បូង បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៤ ថា យុវជនម្នាក់ មកពីភាគខាងត្បូងខេត្តហ្វាងហេ (Hwanghae) ត្រូវបានអាជ្ញាធរកូរ៉េខាងជើង កាត់ទោសប្រហារជីវិតជាសាធារណៈ នៅក្នុងឆ្នាំ២០២២ ដោយសារគាត់បានស្តាប់បទចម្រៀងរបស់កូរ៉េខាងត្បូង ចំនួន៧០បទ មើលភាពយន្តចំនួន៣រឿង និង ចែកចាយចម្រៀង និង វីដេអូទាំងនោះ។

ដោយឡែក ជនជាតិកូរ៉េខាងជើង ចំនួន៦៤៩នាក់ ដែលបានរត់ចោលប្រទេសកំណើតរបស់ពួកគេ បានអះអាង ថា រដ្ឋាភិបាលក្រុងព្យុងយ៉ាង បានចាត់វិធានការយ៉ាងឃោរឃៅ ប្រឆាំងនឹងឥទ្ធិពលរបស់លោកខាងលិច និង លំហូរព័ត៌មាន ចូលទៅក្នុងប្រទេសកូរ៉េខាងជើង។ ស្របគ្នានេះដែរ ក្រុងព្យុងយ៉ាង បានហាមឃាត់ដល់ប្រជាពលរដ្ឋកូរ៉េខាងជើង មើល ឬ ស្ដាប់ K-pop ដែលជាចម្រៀងដ៏មានប្រជាប្រិយភាពបំផុតរបស់កូរ៉េខាងត្បូង។ អាជ្ញាធរកូរ៉េខាងជើង បានរឹតត្បិតដ៏ខ្លាំងក្លាបំផុត ទប់ស្កាត់ឥទ្ធិពល នៃវប្បធម៌របស់លោកខាងលិច និង រារាំងដល់លំហូរមនោគមន៍វិជ្ជារបស់លោកសេរី៕