2024-02-17 13:52
354

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយកាលពីថ្ងៃសុក្រ ទី១៦ ខែកុម្ភៈថាលោកមានកិច្ចសន្ទនាមួយដ៏សំខាន់ជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីប៉ុន្មានថ្ងៃថ្មីៗនេះ ដោយលោកផ្ទាល់បានជំរុញឱ្យមានបទឈប់បាញ់បណ្ដោះអាសន្នមួយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

រដ្ឋបាលលោក Biden បាន និងកំពុងបញ្ចុះបញ្ចូលឱ្យអ៊ីស្រាអែល សម្រេចឱ្យបានបទឈប់បាញ់បណ្ដោះអាសន្នមួយ ដែលនឹងអនុញ្ញាតឱ្យមានការដោះលែងចំណាប់ខ្មាំងសេសសល់ ដែល កំពុងស្ថិតក្នុងកណ្ដាប់ដៃក្រុមហាម៉ាស។ នៅចំពោះមុខអ្នកសារព័ត៌មាននៅឯសេតវិមាន លោក បៃដិន បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំមានកិច្ចសន្ទនាដ៏សំខាន់មួយ ជាមួយ លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល កាលពីប៉ុន្មានថ្ងៃមុននេះ និងចំណាយពេលជាងមួយម៉ោង។ ខ្ញុំបានលើកឡើងពីភាពចាំបាច់ ហើយខ្ញុំជឿជាក់យ៉ាងមុតមាំថាត្រូវតែមាន បទឈប់បាញ់បណ្ដោះអាសន្នមួយ ដើម្បីរំដោះអ្នកទោស និងចំណាប់ខ្មាំង»។

គួរបញ្ជាក់ថា លោក Biden កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ក៏បានប្រាប់លោក Netanyahu ដែរថាអ៊ីស្រាអែលមិនគួរធ្វើប្រតិបត្តិការយោធាក្នុងទីក្រុង Rafah នោះទេ ប្រសិនបើ មិនមានផែនការជាក់លាក់ដើម្បីការពារអាយុជីវិតជនស៊ីវិល៕