2024-02-18 13:20
347

(មូស្គូ)៖ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានសាទរការដែលកងទ័ពរបស់លោក ដណ្តើមកាន់កាប់បានទីក្រុង Avdiivka នៅភាគខាងកើតអ៊ុយក្រែន ដោយហៅវាថា ជាជ័យជម្នះយ៉ាងសំខាន់មួយ បន្ទាប់ពីអ៊ុយក្រែនបានលើកទ័ពដកថយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអាទិត្យ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤។
    ការកាន់កាប់ទីក្រុង Avdiivka គឺជាការដណ្តើមបានទឹកដីគួរឱ្យកត់សម្គាល់ជាងគេបំផុត សម្រាប់កងកម្លាំងរុស្ស៉ី គិតចាប់តាំងតែពីការវាយដណ្តើមបានទីក្រុង Bakhmut កាលពីខែឧសភា ឆ្នាំ២០២៣។ វិមានក្រឹមឡាំងលោក Dmitry Peskov បានប្រាប់ឱ្យដឹងយ៉ាងដូច្នេះថា «លោកប្រធានាធិបតី ពូទីន បានផ្ញើសារអបអរសាទរយោធានិងពលទាហានយើង ក្នុងឱកាសទទួលជ័យជម្នះ និងជោគជ័យយ៉ាងសំខាន់នេះ»។
  ទីក្រុងមូស្គូបានចាប់ផ្តើមផ្តោតការវាយលុកលើទីក្រុង Avdiivka ដែលស្ថិតនៅចម្ងាយប្រហែល១០គីឡូម៉ែត្រ ពីទីក្រុង Donetsk នៃតំបន់ Donetsk របស់អ៊ុយក្រែន កាលពីខែតុលា ឆ្នាំមុន។ ក្នុងសប្តាហ៍នេះ ទីក្រុងកៀវបានប្រកាសថា ខ្លួនបានសម្រេចដកកងទ័ពចេញពីទីក្រុង Avdiivka ក្រោមហេតុផលកាត់បន្ថយចំនួនបរិក្ខារយោធាដែលត្រូវបាត់បង់ និងកងទ័ពដែលត្រូវពលីជីវិត ស្របពេលដែលឥឡូវកំពុងខ្វះខាតធនធាន។
  គួរបញ្ជាក់ថា នាពេលនេះរុស្ស៉ីបានវិលមកស្ថិតក្នុងជំហរវាយលុកសាជាថ្មីឡើងវិញ នៅភាគខាងកើតអ៊ុយក្រែន ខណៈអ៊ុយក្រែន កំពុងប្រឈមបញ្ហាខ្វះខាតសម្ភារៈនិងកងទ័ព ចំពោះមុខការបង្អែបង្អង់ផ្តល់ជំនួយដ៏ចាំបាច់ ពីសំណាក់ក្រុមសម្ព័ន្ធមិត្តលោកខាងលិច បូករួមទាំងការលំបាកក្នុងការកែនកងទ័ពបន្ថែមទៀត។ ស្ថានភាពសមរភូមិជួរមុខក្នុងសង្រ្គាមនៅអ៊ុយក្រែន គឺសឹងតែគ្មានការប្រែប្រួលអ្វីឡើយ ក្នុងរយៈពេលជាង១ឆ្នាំមកនេះ លើកលែងតែការដណ្តើមបានទីក្រុង Bakhmut ដោយកងទ័ពរុស្ស៉ី កាលពីខែឧសភា ឆ្នាំមុន៕