2023-06-06 08:06
857

ភ្នំពេញ៖ បទបញ្ជាបន្ទាន់របស់សម្តេចតេជោ សែន នាយករដ្ឋមន្ត្រី ដាក់ឲ្យរដ្ឋមន្ត្រីក្រសួងបរិស្ថាន រដ្ឋមន្ត្រីក្រសួងកសិកម្ម រដ្ឋមន្ត្រីក្រស្ថាប័នក្រសួងពាក់ព័ន្ធ ជាពិសេសអស់លោកចៅហ្វាយខេត្ត ត្រូវប្រញាប់អនុវត្តបន្ទាន់នូវវិធានទប់ស្កាត់ក្រុមឈ្លាតឱកាសនិយមកាប់បំផ្លាញព្រៃឈើ និងកាប់ទន្ទ្រានយកដីធ្លីរបស់រដ្ឋ 

សារសម្លេងពិសេសរបស់សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា តាមការសង្កេត និងទទួលបានព័ត៌មានជាបន្តបន្ទាប់ ក្នុងរយៈពេលកន្លងទៅ និងពេលនេះ ដោយជិតបោះឆ្នោត ពួកគាត់ខូចបានចាប់ផ្តើមធ្វើសកម្មភាព ក្នុងការទន្ទ្រានកាប់យកដីធ្លីរបស់រដ្ឋ ដែលជសម្បត្តិធនធានរបស់ជាតិ។ 

តាមរយៈសារសម្លេងរបស់សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា យើងតែងសង្កេតឃើញថា ជារៀងរាល់ពេលជិតការការបោះឆ្នោតអំពើល្មើសច្បាប់ទាក់ទងនឹងការកាប់បំផ្លាញព្រៃឈើ និងកាប់ទន្ទ្រានយកដីគឺតែងតែកើតមាន។ ដូច្នេះរំឭកចំពោះក្រសួងដែលមានការពាក់ព័ន្ធជាពិសេសក្រសួងបរិស្ថាន ក្រសួងកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ ក៏ដូចជាអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវបញ្ចេញកម្លាំងរារាំងគ្រប់លទ្ធភាពទាំងអស់ ដើម្បីបំផ្លាញចោលនូវពួកខិលខូចដែលឆ្លៀតឱកាសនៅពេលវេលារាជរដ្ឋាភិបាលកំពុងជាប់រវល់ធ្វើលើកិច្ចការទាក់ទងនឹងការបោះឆ្នោតហើយគេលួចទៅកាប់បំផ្លាញព្រៃឈើ។

សម្តេចតេជោ បានបញ្ជាក់ថា បញ្ហាទាំងអស់នេះ គឺត្រូវពឹងផ្អែកទៅលើការខិតខំប្រឹងប្រែងរបស់ឯកឧត្តមលោកជំទាវដែលជាអភិបាលខេត្តដែលមានព្រៃឈើទាំងនោះត្រូវយកចិត្តទុកដាក់ធ្វើកិច្ចការងារនេះ។ សម្តេចតេជោ ហ៊ុន សែន ក៏សូមអំពាវនាវ ចំពោះប្រជាពលរដ្ឋទាំងឡាយសូមគោរពច្បាប់ និងសុំកុំទៅទន្ទ្រានយកដីរបស់រដ្ឋ។ 

សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវបទបញ្ជាម៉ឺងម៉ាត់ ដើម្បីចាប់យកមេក្លោងខុសច្បាប់យកមកផ្ដន្ទាទោសតាមច្បាប់។ យើងមិនអាចលើកលែង ឬុបយល់ដើម្បីគ្រាន់តែសន្លឹកឆ្នោតសម្រាប់មនុស្សប៉ុន្មាននាក់នោះទេ ត្រូវធ្វើកិច្ចការដើម្បីការពារនូវធនធានធម្មជាតិព្រៃឈើ និងដីធ្លីរបស់រដ្ឋមិនត្រូវលើកលេងក្នុងពេលវេលាដែលរាជរដ្ឋាភិបាលកំពុងជាប់រវល់។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏សុំអំពាវនាវឲ្យអ្នកដែលមានប្រាក់កាស ឬអ្នកមានអំណាចដែលឈរនៅខាងក្រោយខ្នង នៃជនខិលខូច ឬប្រើប្រាស់ជនខិលខូចទាំងនេះ ដើម្បីទៅកាន់ទន្ទ្រានយកដីព្រៃឈើ ត្រូវដកខ្លួនចេញជាបន្ទាន់។ ប្រសិនបើមានការស្រាវជ្រាវទៅឃើញថា មានការពាក់ព័ន្ធជាប់ជាមួយនឹងមន្ត្រីណា ឬអ្នកមានប្រាក់កាសណាក៏ដោយរាជរដ្ឋាភិបាលហ្នឹងអត់ឱនហើយក៏មិនលើកលែងចំពោះសកម្មភាពនៅពីក្រោយខ្នងនោះផងដែរ។  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បញ្ជាក់ថា ទទួលបាននូវបទបញ្ជានេះ សូមឯកឧត្តម លោកជំទាវចាត់វិធានការជាបន្ទាន់បញ្ជូនកម្លាំងដើម្បីបង្ក្រាបនូវភាពអនាធិបតេយ្យក្នុងការកាប់បំផ្លាញព្រៃឈើ ដើម្បីយកដីធ្លីត្រូវធ្វើកិច្ចការងារនេះជាបន្ទាន់ដោយឥតពន្យារពេល ហើយកិច្ចការងារនេះត្រូវធ្វើដូចភ្លៀងរលឹមមិនអាចកើតឡើង ងើមឡើងសាជាថ្មី ដើម្បីបំផ្លាញទៅដល់ព្រៃឈើ និងដីធ្លីរបស់រដ្ឋនោះឡើយ៕