កណ្តាល៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងពិធីសម្ពោធឆ្លងសាលប្រជុំបុណ្យ និងសមិទ្ធផលនានា ក្នុងវត្តគីរីស្រះស្រង់ (ហៅវត្តធនមន្ត) ស្ថិតនៅភូមិទួលសុភី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល បានលើកឡើថា រាជរដ្ឋាភិបាលបានដាក់ចេញនូវវិស័យអាទិភាព៤ គឺ “មនុស្ស ទឹក ផ្លូវ ភ្លើង”។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្រោមម្លប់នៃសន្តិភាព កម្ពុជាបាននឹងកំពុងទទួលនូវមនុញ្ញផលជាច្រើនសម្រាប់ធ្វើការអភិវឌ្ឍជាតិ និងលើកម្ពស់កម្រិតជីវភាពប្រជាជន។ ឯកឧត្តមបណ្ឌិត បានបន្ថែមទៀតថា តាមរយៈគោលនយោបាយដ៏ច្បាស់លាស់របស់រាជរដ្ឋាភិបាល និងចក្ខុវិស័យវែងឆ្ងាយរបស់ថ្នាក់ដឹកនាំដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ជាក់ស្តែងសម្រាប់កម្រិតថ្នាក់ជាតិ វិស័យអាទិភាព៤ រួមមាន “មនុស្ស ទឹក ផ្លូវ ភ្លើង” ដែលបានដាក់ចេញ ហើយដែលទទួលបានលទ្ធផលជាក់ស្តែងដូចជារាប់ចាប់ពីការសង្គ្រោះ និងរំដោះប្រទេសចេញពីរបបដ៏ខ្មៅងងឹត ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ រហូតមកដល់ការរស់ឡើងវិញនូវដង្ហើមសេដ្ឋកិច្ចជាតិ និងជីវភាពប្រជាជន ជាមួយនឹងការបន្តរីកចម្រើនទៅមុខប្រកបដោយនិរន្តរភាព។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បញ្ជាក់បន្ថែមថា តួយ៉ាង ក្នុងមូលដ្ឋានខេត្តកណ្តាលផ្ទាល់ ក៏បានបង្កើតនូវគម្រោងធំៗចំនួន ៣ ដែលកំពុងលេចរូបរាងជាបណ្តើររួមមាន អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ , ផ្លូវវាងក្រុង និងផ្លូវនាវាចរណ៍ ដែលជាចំណែកយ៉ាងសំខាន់ក្នុងការបម្រើឱ្យចក្ខុវិស័យរបស់រាជរដ្ឋាភិបាល “ជាតិរីកចម្រើនទៅបាន គឺអាស្រ័យដោយប្រជាជនរីកចម្រើន”៕