2023-11-21 03:11
548

ភ្នំពេញ៖      សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាលអាណត្តិថ្មី ប្តេជ្ញាការពាររក្សាសមិទ្ធផលចាស់ដែលកសាងឡើងបានដោយលំបាកក្នុងរយៈពេលជាង ៤០ឆ្នាំកន្លងមកនេះ ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ថែរក្សាសន្តិភាព ស្ថេរភាពកុំឱ្យបាត់ទៅវិញ ថែរក្សានូវប្រព័ន្ធសេដ្ឋកិច្ចទីផ្សារដែលយើងមាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា «រាជរដ្ឋាភិបាលនឹងកែលំអ និងជួលជុលនូវបញ្ហាដែលសេសសល់មិនទាន់ល្អគ្រប់ដែលជាបញ្ហាអវិជ្ជមានឱ្យកាន់តែប្រសើរ និងបង្កើតឱ្យមានភាពវិជ្ជិមានបន្ថែមទៀតជូនដល់បងប្អូនប្រពលរដ្ឋ»។ 

សូមជម្រាបថា នៅព្រឹក ថ្ងៃអង្គារ ៩កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី២១  ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត នៅតាមបណ្តារោងចក្រ សហគ្រាស ចំនួន១៣ រោងចក្រ ដែលមានមូលដ្ឋានក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ មកពីចក្រកាត់ដេរសម្លៀកបំពាក់ចំនួន ១០ រោង ចក្រដេរស្បែកជើងចំនួន២ និងរោងចក្រផលិតផលិតផលធ្វើដំណើរ  និងកាបូបចំនួន ១  និងជាលើទី១០ និងជាជំនួបចុងក្រោយក្នុងឆ្នាំ២០២៣នេះ។

សូមបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងបងប្អូនកម្មករ និយោជិត តាមបណ្តារោងចក្រ សហគ្រាសនានា ក្នុងឋានៈជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងស្របតាមការសន្យារបស់ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ ដោយក្នុងចំនួនទាំង ១០លើក មានបងប្អូនកម្មករ និយោជិត សរុបចំនួន ១៧២,៣៥០នាក់ មកពីក្រុមហ៊ុនអភិវឌ្ឍន៍ពិសេស និងរោងចក្រសហគ្រាសចំនួន ១៨៩៕