2024-08-29 03:08
147

ភ្នំពេញ៖ ប្រមុខដឹកនាំរាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានចេញអនុក្រឹត្យស្តីពីការបង្កើត ក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ដោយកាត់យកឃុំ ចំនួន ០៥ របស់ស្រុកព្រៃនប់ គឺ ឃុំរាម ឃុំបិតត្រាំង ឃុំអូរឧកញ៉ាហេង ឃុំបឹងតាព្រហ្ម និងឃុំអូរជ្រៅ។ នេះបើយោងតាមអនុក្រឹត្យ ដែលបណ្តាញសារព័ត៌មាន អឹម អេស ជេ ទទួលបាននៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤នេះ។

តាមអនុក្រឹក្យ បានបញ្ជាក់ឱ្យដឹងថា៖ «ក្រុងកំពង់សោម មានសង្កាត់ ចំនួន ០៥ គឺ សង្កាត់រាម សង្កាត់បិតត្រាំង សង្កាត់អូរឧកញ៉ាហេង សង្កាត់បឹងតាព្រហ្ម និងសង្កាត់អូរជ្រៅ។ ចំពោះទីតាំងរដ្ឋបាលក្រុងកំពង់សោម ត្រូវស្ថិតនៅក្នុងសង្កាត់រាមតែម្តង»។

ចំពោះការរៀបចំរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលក្រុងកំពង់សោម ត្រូវអនុលោមតាមច្បាប់ស្តីពីការ គ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងអនុក្រឹត្យលេខ ១៨២ អនក្រ.បក ចុះថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ ស្តីពីមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលក្រុង។

ក្រុមប្រឹក្សាស្រុកព្រៃនប់ និងគណៈអភិបាលស្រុកព្រៃនប់ ត្រូវបន្តគ្រប់គ្រងឃុំ ចំនួន ០៥ គឺ ឃុំរាម ឃុំបិតត្រាំង ឃុំអូរឧកញ៉ាហេង ឃុំបឹងតាព្រហ្ម និងឃុំអូរជ្រៅ រហូតដល់មានក្រុមប្រឹក្សាក្រុងកំពង់សោម និង គណៈអភិបាលក្រុងកំពង់សោម មកជំនួស៕