2023-09-17 01:09
526

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ និងបងប្អូនអាជីវករ ដែលបានប្រឹងប្រែងក្នុងការរៀបចំ និងនាំយកផលិតផលរបស់កម្ពុជា  មកតាំងបង្ហាញដល់សាធារណជន ក្នុងកម្មវិធី “ពិព័រណ៍អាស៊ាន-ចិន លើកទី២០” ។
ពិព័រណ៍ពាណិជ្ជកម្មអាស៊ាន-ចិន លើកទី២០ ត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី១៧-១៩ ខែកញ្ញា ២០២៣ នៅទីក្រុងណាននីង សាធារណរដ្ឋប្រជាមានិតចិន។
សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តក្វាងស៊ី នៃតំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន ដែលផ្តល់នូវបដិសណ្ឋារកិច្ចប្រកបដោយភាពកក់ក្តៅ  និងយកចិត្តទុកដាក់ខ្ពស់ចំពោះគណៈប្រតិភូកម្ពុជា ក៏ដូចជាសហការ និងសម្របសម្រួលសម្រាប់ក្រុមការងារពាក់ព័ន្ធទាំងអស់ ដើម្បីរៀបចំការនាំយកផលិតផលរបស់កម្ពុជា មកតាំងបង្ហាញក្នុងកម្មវិធីពិព័រណ៌អាស៊ាន-ចិន លើកទី២០ នេះប្រកបដោយភាពទាក់ទាញ និងសម្រេចបានលទ្ធផលល្អប្រសើរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកថា «កិច្ចការនេះ គឺជាការរួមចំណែកលើកកម្ពស់កិត្យានុភាព និងវប្បធម៌ជាតិ នៅលើឆាកអន្តរជាតិ តាមរយៈការតាំងបង្ហាញដល់ប្រជាជនបរទេស ឱ្យបានស្គាល់ផលិតផលខ្មែរ ក៏ដូចជាដើម្បីជំរុញសក្តានុពលវិនិយោគសម្រាប់កម្ពុជា។ មួយវិញទៀត ព្រឹត្តិការណ៍នេះ គឺពិតជាបានដើរតួនាទីសំខាន់ក្នុងការបង្កើនទំហំពាណិជ្ជកម្មអាស៊ាន-ចិន ឱ្យកាន់តែមានសន្ទុះខ្ពស់ឡើង ជាពិសេសក្នុងបរិបទនៃការងើបឡើងចេញពីវិបត្តិនៃជំងឺកូវីដ-១៩»។

ចំពោះក្រសួង-ស្ថាប័ពាក់ព័ន្ធ ដែលបានចូលរួម មានជាអាទិ៍៖ ក្រសួងពាណិជ្ជកម្ម, ក្រសួងទេសចរណ៍, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, សាលារាជធានីភ្នំពេញ, ស្ថានទូតកម្ពុជាប្រចាំប្រទេសចិន, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងរ៉ែ និងថាមពល, សភាពាណិជ្ជកម្ម, វិស័យឯកជនកម្ពុជា មកចូលរួមតាំងពិព័រណ៍ មាបសហគ្រាសធុនតូច និងមធ្យមផងដែរ៕