ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា “មុននេះបន្តិចសម្តេចទទួលបានរបាយការណ៍ពី ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អំពីលទ្ធផលបោះឆ្នោតរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា លើតួលេខ ចំនួន ៣ គឺតួលេខ ២០២ដុល្លារ តួលេខ ២០៤ដុល្លារ និងតួលេខ ២១៣ដុល្លារ ដោយក្នុងនោះ តួលេខ ២០២ដុល្លារ ទទួលបានសម្លេង ៤៦លើ ៥១សម្លេង និងតួលេខ ២១៣ដុល្លារ ទទួលបានសម្លេង ៥ លើ ៥១សម្លេង”។
សម្តេចធិបតីនាយករដ្ឋមន្ត្រី៖ យោងលើសម្លេងបោះឆ្នោតលើតួលេខនីមួយៗ និងយោងតាមច្បាប់ ស្តីពី ប្រាក់ឈ្នួលអប្បបរមា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមានឹងកំណត់តួលេខ ២០២ដុល្លារក្នុងមួយខែ ជាតួលេខប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៤។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា៖ ខ្ញុំបានតាមដានយ៉ាងយកចិត្តទុកដាក់លើការពិភាក្សាប្រាក់ឈ្នួលអប្បបរមានេះតាំងពីពេលចាប់ផ្តើម។ ការជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ រួមទាំងបងប្អូនកម្មករ និយោជិត គឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល។ ឈរលើមូលដ្ឋាននៃលទ្ធភាពជាក់ស្តែង ដែលរាជរដ្ឋាភិបាលអាចសម្រួលជូនទៅភាគីនិយោជក ខ្ញុំបានសម្រេចបន្ថែម ២ដុល្លារ ទៅលើតួលេខ ២០២ដុល្លារ ដែលជាលទ្ធផលបោះឆ្នោតរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាខាងលើ។
“ដូច្នេះ ប្រាក់ឈ្នួលអប្បបរមាថ្មី កម្មករនយោជិតសម្រាប់ឆ្នាំ២០២៤ គឺកើនឡើង ចំនួន ២០៤ដុល្លារ ក្នុង ១ខែ”។ នេះបើតាមលទ្ធផលសម្រចជាចុងក្រោម។
សម្តេចនាយករដ្ឋមន្ត្រី បានប្រាប់ឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជិវៈ ធ្វើការផ្សព្វផ្សាយ និងជូនដំណឹងដល់បងប្អូនកម្មករ និយោជិត ក៏ដូចជាសាធារណជនឱ្យបានជ្រាបជាព័ត៌មាន។
ទន្ទឹមនឹងការដំឡើងប្រាក់ឈ្នួលនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏សូមជម្រាបជូនបងប្អូនកម្មករនិយោជិត និងសាធារណជនថា “ខ្ញុំនឹងបន្តជម្រុញដល់ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធពិនិត្យតាមដាន និងដាក់វិធានការបន្ថែម ដើម្បីពិនិត្យលទ្ធភាពកាត់បន្ថយបន្ទុកចំណាយរបស់បងប្អូនកម្មករនិយោជិត”។ ទន្ទឹមនឹងនេះ សម្តេចនឹងដឹកនាំកិច្ចប្រជុំជាមួយវិស័យឯកជនមួយនៅខែវិច្ឆិកាខាងមុខ ដើម្បីកែលម្អបរិយាកាសវិនិយោគ និងការធ្វើធុរកិច្ចនៅកម្ពុជា សំដៅបង្កើនភាពប្រកួតប្រជែង និងទាក់ទាញទុនវិនិយោគបន្ថែម និងបង្កើតការងារថ្មីៗជូនប្រជាពលរដ្ឋ។
សម្តេចនាយករដ្ឋមន្ត្រី សូមកោតសរសើរដល់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសភាគីតំណាងបងប្អូនកម្មករនិយោជិត និងតំណាងនិយោជក ដែលបានខិតខំប្រកបដោយវិជ្ជាជីវៈ និងស្មារតីរួមក្នុងការពិភាក្សាប្រាក់ឈ្នួលអប្បបរមាឆ្នាំនេះ៕