2024-07-12 12:07
301

(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុនី្ន អញ្ជើញជាអធិបតីក្នុងពិធីស្រោចស្រពសុគន្ធវារី ប្រគេនសម្ដេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេង យៀត ជាព្រះចៅអធិការ និងមន្រ្តីសង្ឃវត្តឧណ្ណាលោម។
សូមរម្លឹកថា ក្រោយព្រះបរមសពសម្ដេចព្រះមហាសង្ឃរាជ ទេព វង្ស ដែលជាអតីតព្រះចៅអធិការ វត្តឧណ្ណាលោម ទ្រង់បានយាងចូលព្រះទិវង្គត់ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ព.ស.២៥៦៧ កន្លងទៅនេះ គណៈសង្ឃនាយកនៃគណៈមហានិកាយ និងក្រសួងធម្មការ និង សាសនា បានសម្រេចតែងតាំងសម្ដេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេង យៀត ជាព្រះចៅអធិការទី៨ ដើម្បីដឹកនាំអារាមហ្លួង ដ៏មានប្រជាប្រិយ៍នៅថ្ងៃទី២៤ ខែមិថុនា ព.ស.២៥៦៨ (ឆ្នាំ២០២៤)។ គិតត្រឹម ព.ស.២៥៦៨ នេះ វត្តឧណ្ណាលោមមានអាយុកាល៥៨២ឆ្នាំហើយ។

គួររំលឹកផងដែរ សម្ដេចព្រះបរមរាជា(ពញាយ៉ាត) ទ្រង់បានត្រាស់បង្គាប់ឲ្យគេកសាងវត្តចំនួន៦ (វត្តកោះ វត្តលង្កា វត្តព្រះពុទ្ធឃោសាចារ្យ វត្តពាមផ្លុង វត្តឧណ្ណាលោម វត្តខ្ពបតាយ៉ងឬ វត្តបុទុមវតី) នៅក្នុងឆ្នាំ ១៤៤២។ឈ្មោះឧណ្ណាលោម គឺយកតាមឈ្មោះចេតិយ៍ធំឬប្រាសាទបុរាណ ដែលមានឈ្មោះថា ឧណ្ណាលោម (រោមប្រជុំចិញ្ចើម គឺរោមដែលដុះត្រង់ប្រជុំនៃចិញ្ចើមទាំងពីរ ផ្សេងគ្នាពីរោមចិញ្ចើមប្រក្រតី) ដែលជាកន្លែងបញ្ចុះ រោមចិញ្ជើម របស់ព្រះអរហន្តព្រះនាមអស្សជិតត្ថេរ ដែលស្ថិតនៅក្នុងបរិវេណវត្តនាពេល                 បច្ចុប្បន្ន។
 

ប្រវត្តិនៃព្រះចៅអធិការវត្តនេះ ភាគច្រើនគឺមានគោរមងារ្យ៍ទីជាសម្ដេច ដែលដឹកនាំវត្តកន្លងមក រួមមានសម្ដេចព្រះមហាសង្ឃរាជ និល ទៀង សម្ដេចព្រះសង្ឃរាជ ជួន ណាត សម្ដេចព្រះសង្ឃរាជ ហួត តាត និង សម្ដេចព្រះមហាសង្ឃរាជ ទេព វង្ស ហើយបច្ចុប្បន្ននេះ មានសម្ដេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេង យៀត ជាព្រះចៅអធិការទី៨។

ព្រះអង្គ មានស្រុកកំណើតនៅខេត្តបាត់ដំបង ជាកូនរបស់ ឧបាសក ចក់ យ៉ន និង ឧបាសិកា ព្រំ លឿត ដោយមានបងប្អូន៧នាក់ ដែលរូបលោកជាកូនទី២។ ព្រះអង្គបានចូលសាងផ្នួសសាមណេរនៅក្នុងឆ្នាំ១៩៩១ ក្នុងសំណាក់ព្រះតេជគុណ ជោតញ្ញាណោ ប៉ាន គិត ហើយបានបំពេញឧប្បសម្បទាជាភិក្ខុភាវៈ ក្នុងសំណាក់ព្រះគ្រូបញ្ញាបទីបោ អ៊ុក មុត ក្នុងព័ទ្ធសីមាវត្តកំផែង ខេត្តបាត់ដំបង។មុនឆ្នាំ ១៩៩៩ ព្រះអង្គបានសិក្សានៅពុទ្ធិកវិទ្យាល័យ អ៊ឹង ធួង នាខេត្តបាត់ដំបង និងបានបន្តទៅសិក្សានៅសាកលវិទ្យាល័យបាលី និង ពុទ្ធសាសនា ព្រមទាំង សាកលវិទ្យាល័យកល្យាណីយ៍ នៃប្រទេសស្រីលង្កា ដោយមានការជួយជ្រោមជ្រែងពីសំណាក់សម្ដេចព្រះពោធិវ័ង្ស អំ លីមហេង សម្ដេចព្រះសង្ឃនាយកស្ដីទីនៃគណៈមហានិកាយ។

ក្នុងឆ្នាំ២០១៦ សាកលវិទ្យាល័យ Harvard បានសម្រេចផ្ដល់អាហាររូបករណ៍រយៈពេល៥ឆ្នាំ សម្រាប់កម្រិតសិក្សា «ថ្នាក់ក្រោយបណ្ឌិត_Postdoc» (Postdoctoral Research Fellowship)លើប្រធានបទ«មាគ៌ាអរិយជន» ដែលផ្ដោតសំខាន់អំពីតួនាទីព្រះសង្ឃក្នុងការកសាងនិងថែរក្សាសន្តិភាព។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺថា នេះជាលើកទី១ហើយ ដែលសាកលវិទ្យាល័យ Harvard បានសម្រេចប្រគេនអាហារូបករណ៍កម្រិតខ្ពស់បំផុតប្រភេទនេះ ដល់បញ្ញវន្តសង្ឃពុទ្ធសាសនាថេរវាទ នៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួនក្នុងរយៈពេល៣៨៦ឆ្នាំ ចាប់តាំងពីថ្ងៃបង្កើតសាកលវិទ្យាល័យឡើងនៅក្នុងឆ្នាំ១៦៣៦មក។ ក្រៅពីទទួលបានអាហារូបករណ៍របស់សាកលវិទ្យាល័យ Harvard ព្រះអង្គក៏បានទទួលបានការឧបត្ថម្ភពីសំណាក់ ឯ.ឧ.ជា ចាន់ តូ អគ្គទេសាភិបាលកិត្តិយស និង លោកជំទាវ ខៀវ ស៊ីណា ផងដែរសម្រាប់ការសិក្សានេះ។

ក្រៅពីសិក្សានៅសាកលវិទ្យាល័យ Harvard ព្រះអង្គក៏បានចូលសិក្សាជំនាញផ្សេងៗ ដូជា៖ មគ្គុទ្ទេសក៍ភាព ការប្រែប្រួលអាកាសធាតុ និង យុទ្ធសាស្រ្តទំនាក់ទំនង នៅសាកលវិទ្យាល័យល្បីៗមួយចំនួនដូចជា MIT (Massachusetts Institute of Technology), Yale, Columbia, John Hopkins, Emory, Boston និង សាកលវិទ្យាល័យ New York។នាពេលបច្ចុប្បន្ននេះ ព្រះអង្គគឺជាព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ និង ជាព្រះបាឡាត់គណរាជធានីភ្នំពេញ ។ ហើយព្រះអង្គគឺជាអតីតលេខាផ្ទាល់ និង ជាអ្នកបកប្រែភាសារបស់សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជាអស់កាលប្រមាណ២០ឆ្នាំផងដែរ។

រចនាសម្ព័ន្ធវត្តឧណ្ណាលោម៖១៖ សម្ដេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេង យៀត ព្រះចៅអធិការ២៖ ព្រះធម្មឃោសាចារ្យ ជួន សាវឿន ព្រះគ្រូសូធ្យស្ដាំ ៣៖ ព្រះកិត្តិធម្មវង្ស ស្រី ណារ៉ុន ព្រះគ្រូសូធ្យឆ្វេង៤៖ ព្រះឥន្ទវង្សា ព្រឿន សឿន ព្រះវិន័យធរ ៥៖ ព្រះកិត្តិវិសាលវង្ស ញ៉េប តាត ព្រះលេខាធិការ៕