នៅព្រឹកថ្ងៃសៅរ៍ ១៥កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសួរសុខទុក្ខ និង សំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត នៅក្នុងសួនឧស្សាហកម្មខេមតុន (CAMTON INDUSTRIAL PARK) មកពីរោងចក សហគ្រាសចំនួន១៩។
សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញមកជួបជាមួយបងប្អូនកម្មករ កម្មការិនីនៅទីនេះជាលើកទី២ បន្ទាប់ពីបានជួបកាលពីឆ្នាំ២០១៨កន្លងទៅ។ សម្តេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៍បន្តទៀតថាការដែលសម្តេចមានជំនួបជាលើកទី២ ជាមួយបងប្អូនកម្មករ-កម្មការិនីនាពេលនេះ គឺសម្តេចចង់ឃើញ ចង់ដឹង អំពីវឌ្ឍនភាពនៅតាមរោងចក្រនានា និងដើម្បីរកគន្លឹះក្នុងការកសាងអ្វីបន្ថែមទៀតដើម្បីផលប្រយោជន៍កម្មករ-កម្មការិនីយើង។
សម្តេចតេជោមន្ត្រីបានមានប្រសាសន៍ទៀតថា ចាប់ពីខែសីហាខាងមុខនេះតទៅគោលនយោបាយសម្រាប់កម្មការិនីមានផ្ទៃពោះ នឹងត្រូវអនុវត្តដើម្បីឧបត្ថម្ភជាសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះរហូតដល់កូនអាយុ២ឆ្នាំ។
នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា នយោបាយរបស់អ្នកជាប់ឆ្នោតថ្មីរបស់ប្រទេសថៃមួយរូប មិនទាន់នឹងបានធ្វើជានាយករដ្ឋមន្រ្តីថៃផង បែរជាចេញសារគំរាមបណ្តេញពលករខ្មែរ ពលករឡាវ និងពលករមីយ៉ាន់ម៉ា ចេញពីប្រទេសខ្លួនទៅហើយ ខណៈនយោបាយបែបនេះ អាចនឹងធ្វើឲ្យរោងចក្រ សហគ្រាសរបស់ថៃមួយចំនួនដួលរលំផងដែរ។
សម្តេចតេជោនាយករដ្ឋមន្ត្រី នៅតែបន្តរំលឹកអំពីគុណតម្លៃនៃកត្តាសុខសន្តិភាព ខណៈការវិនិយោគពីបរទេសនៅកម្ពុជានាពេលបច្ចុប្បន្ននេះ គឺកើតចេញពីប្រទេសដែលកំពុងមានសុខសន្តិភាពនេះឯង។សម្តេចបន្តទៀតថា នរណាក៏ត្រូវការសន្តិភាពដែរ សូម្បីតែមេបក្សប្រឆាំង ក៏ត្រូវការដែរ ប៉ុន្តែពួកគេអាងខ្លួនតែនៅក្រៅប្រទេស តែងតែធ្វើញុះញង់ដល់កូនចៅរបស់ខ្លួននៅក្នុងស្រុកឲ្យមានចលាចល និងធ្វើការបះបោរគ្រប់រូបភាព ប៉ុន្តែទោះជាយ៉ាងណាក៏ដោយចលនារបស់ពួកគេមិនបានសម្រេចជោគជ័យនោះទេ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ទៀតថា រហូតមក ដល់ពេលនេះ គ្មានគណបក្សណាមួយមានលទ្ធភាពដឹកនាំប្រទេសឲ្យមានសុខសន្តិភាព ដូចគណបក្សប្រជាជនកម្ពុជានោះទេ។ សម្តេចបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា មិនត្រឹមអាចរកសន្តិភាពប៉ុណ្ណោះទេថែមទាំងធានាការពារសន្តិភាពជូនប្រជាជន និងប្រទេសជាតិបានថែមទៀតផង។សម្តេចតេជោ បានរំពឹងថា រោងចក្រសហគ្រាសនីមួយៗនឹងក្លាយទៅជាកន្លែងសុខសាន្ត និងសំបូរសប្បាយ ដោយពុំមានអំពើហិង្សា ការប្រើប្រាស់គ្រឿងញៀន និងមិនមែនជាកន្លែងប្រណាំងម៉ូតូ។សម្តេចតេជោបានប្រាប់ដល់បងប្អូនកម្មករ-កម្មការិនីទាំងអស់ត្រូវចងចាំថា ពួកប្រឆាំង ជាពិសេសមេបក្សប្រឆាំងតែម្តងតែងតែវាយបំបែកឆ្នាំងបាយរបស់កម្មករ តាមរយៈ ធ្វើការញុះញង់ និងអំពាវនាវឲ្យបរទេសមិនទិញផលិតផលខ្មែរ និងមិនឲ្យបរទេសមកធ្វើការវិនិយោគនៅស្រុកខ្មែរ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍អំពាវនាវដល់កម្មករ-កម្មការិនីរោងចក្រកាត់ដេរទាំងអស់រួមគ្នារក្សាសុខសន្តិភាព ដែលជាផ្នែកដ៏សំខាន់មិនអាចកាត់ថ្លៃបានសម្រាប់វឌ្ឍនភាពសង្គម និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាន៍អោយអាជ្ញាធរគ្រប់រាជធានីខេត្តទាំងអស់ត្រូវចុះដោះស្រាយជូនដល់បងប្អូនកម្មករ-កម្មការិនីជាបន្ទាន់ នៅពេលដែលពួកគាត់មានបញ្ហាអ្វីមួយជាមួយរោងចក្រ សូមកុំបណ្តោយឲ្យពួកគាត់ឈានដល់ការឡើងដល់តុលាការ។
មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរដល់បងប្អូនកូនក្មួយ កម្មករ កម្មការិនីទាំងអស់ ជួបតែសេចក្តីសុខ សេចក្តីចម្រើន ជាពិសេសកម្មការិនីដែលមានផ្ទៃពោះសូមឲ្យទទួលបាននូវសុខភាពល្អ ទាំងម្ដាយ និងកូននៅពេលសម្រាលហើយក៏បានផ្ដល់ជាថវិកា
សម្រាប់ស្ត្រីមានផ្ទៃពោះចំនួន៥២៦នាក់ ក្នុងម្នាក់ៗ ២០០ដុល្លារផងដែរ៕