2023-06-13 02:06
639

ភ្នំពេញ៖ ក្រោយពីមានការព្រមានតាមចាប់ខ្លួនបុគ្គល ស ឡុងដេត ប្រធានគណៈកម្មការប្រតិបត្តិគណបក្សភ្លើងទានរាជធានីភ្នំពេញ បានដឹងពីទោសកំហុសរបស់ខ្លួន បានចេញមុខសារភាព និងសុំទោសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសុំអភ័យទោសដល់គណៈកម្មការរៀបចំការប្រកួតស៊ីហ្គេម និងបានផ្តាច់ខ្លួនចេញពីទណ្ឌិត សម រង្ស៊ី ដោយស្នើសុំចូលរួមក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

នៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ បន្ទាប់ពីទទួលការព្រមានតាមចាប់ខ្លួន និងឲ្យវិលមកដេកនៅផ្ទះឲ្យស្រួលហើយត្រៀមខ្លួនឡើងឆ្លើយបំភ្លឺនៅតុលាការ បុគ្គល ស ឡុងដេត ប្រធានប្រតិបត្តិគណបក្សភ្លើងទានរាជធានីភ្នំពេញ ដោយដឹងនូវកំហុសបានចេញនូវវីដេអូរធ្វើការសុំទោសសម្តេចតេជោ ហ៊ុន សែន និងគណៈកម្មការរៀបចំការប្រកួតកីឡាស៊ីហ្គេមផងដែរ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសរសេរសារលើបណ្តាញសង្គមថា "ដោយសាមុីខ្លួនបានដឹងកំហុស និងបានសុំទោសជាសាធារណៈ ខ្ញុំស្នើរសុំដល់ក្រសួងយុត្តិធម៍ធ្វើការជាមួយដើមបណ្តឹង និងតុលាការដើម្បីបញ្ចប់រឿងក្តីនេះតាមវិធីដែលអាចធ្វើទៅបានដូចជាការដកពាក្យបណ្តឹង ឬលើកលែងការចោទប្រកាន់"។

សូមជម្រាបថា នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ ក្នុងឱកាសជួបជាមួយកម្មករ-កម្មការិនី ជិត ២ម៉ឺននាក់ នៅម្តុំវត្តព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានផ្តាំផ្ញើរទៅកាន់បុគ្គលឈ្មោះ ស ឡុងដេត ដែលកំពុងយាមរត់គេចខ្លួនចូលទៅថៃ ឲ្យត្រឡប់មកវិញ ដេកផ្ទះឲ្យស្រួលហើយត្រៀមខ្លួនឡើងឆ្លើយនៅតុលាការ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា "យប់មិញ ស ឡុងដេត បានចាកចេញពីរាជធានីភ្នំពេញ ហើយចាំបាច់រត់គេចធ្វើអី? បើសិនជារត់ទៅក៏សម្តេចស្នើសុំឲ្យភាគីថៃចាប់ខ្លួនមកវិញដែរ"។

សម្តេចតេជោ បានបន្ថែមថា "យប់មិញបានទៅដល់ថ្មដា ប៉ុន្តែភាគីថៃមិនឲ្យឆ្លង ឥឡូវឆ្ពោះទៅច្រកចាំយាម សូមចៅហ្វាយខេត្តកោះកុងមើល ព្រោះដីការបស់តុលាការហាមឃាត់មិនឲ្យចេញក្រៅប្រទេស។ បើហ៊ានចេញក្រៅប្រទេសចាប់ភ្លាមនៅព្រំដែន"។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា "ឥឡូវ ស ឡុងដេត បើឭហើយវិលត្រឡប់មកវិញ  ហើយដេកផ្ទះឲ្យស្រួលត្រៀមទៅឆ្លើយនៅតុលាការ អារឿងចោទប្រកាន់ការប្រកួកស៊ីហ្គេម។ គណៈកម្មការប្រកួតស៊ីហ្គេមគេប្តឹង ព្រោះចោទប្រកាន់វាធ្ងន់ពេក។ អ្នកឯងនិយាយក្នុងមនុស្សចំណោម ៣០នាក់ ចាត់ទុកជាការបរិហារកេរ្តិ៍"។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា "មិនបាច់រត់ទេ ស ឡុងដេត លោកឯកចេញទៅណាក៏មិនរួចដែរហើយយប់មិញប្រុងឆ្លងតាមថ្មដា និងកំពុងតម្រង់ទៅកោះកុងតាមផ្លូវទើបធ្វើថ្មី អត់ទេ! ដីកាតុលាការហាមឃាត់មិនឲ្យចេញក្រៅប្រទេសទេ ចូលមកវិញមកនិយាយគ្នាស្អីក៏អាក្រក់ម្លេះ"។ សម្តេចតេជោបន្ថែមថា "អាហ្នឹងហើយជាយុទ្ធនាការរបស់ពួកគេមិនឲ្យទៅចូលរួមបោះឆ្នោត"

ក្រោយពីការព្រមានពីសំណាក់នាយករដ្ឋមន្ត្រីកម្ពុជា ចំពោះបុគ្គល ស ឡុងដេត ដែលជាមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទាន ដែលធ្វើការវាយប្រហារ និងចោទប្រកាន់ទៅការរៀបចំប្រកួតស៊ីហ្គេម ដោយគ្មានមូលដ្ឋាន និងព្យាយាមរត់គេចខ្លួនទៅថៃមិនបានសម្រេចក៏បានចេញមុខសារភាព ព្រមទាំងសារភាពនូវទោសកំហុសរបស់ខ្លួនតែម្តង៕