ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា «ពិភពលោកនាពេលបច្ចុប្បន្ន និងប្រែប្រួលស្មុលស្មាញមិនប្រាកដប្រជា និងហានីភ័យខ្ពស់ ការងើបឡើងវិញនូវសេដ្ឋកិច្ចសាកលក្រោយវិបត្តិកូវីដ-១៩ នៅតែមានកំណើនយឺតនៅឡើយ ខណៈភាពតានតឹងភូមិសាស្ត្រនយោបាយនៅមានកំដៅខ្លាំង និងមានគ្រោះថ្នាក់បំផុត»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា «ជាងនេះទៅទៀតជម្លោះប្រដាប់អាវុធ និងសង្គ្រាមកើតឡើងនៅអ៊ុយក្រែន នៅមជ្ឈឹមបូព៌ា បានបង្កវិនាសកម្ម និងផលប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពប្រជាជន សង្គមសេដ្ឋកិច្ច ជាពិសេសស្ត្រី និងកុមារ»។ សម្តេចធិបតីបន្ថែមថា «រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងបន្តនូវមរតកដ៏ថ្លៃថ្ហារបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី តាមរយៈការបន្តជំរុញ និងលើកកម្ពស់បន្ថែមទៀតដល់តួនាទីស្ត្រីក្នុងសង្គមជាតិ និងផ្តល់តម្លៃខ្ពស់ដល់តូនាទីរបស់ស្ត្រីក្នុងការចូលរួមភិវឌ្ឍសេដ្ឋកិច្ច និងសង្គម»។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងទៀតថា រាជរដ្ឋាភិបាលនឹងពង្រឹងភាពជាពលរដ្ឋនៅក្នុងសង្គមដែលមានអរិយធម៌ខ្ពស់ប្រកបដោយសីលធម៌ សមធម៌ បរិយាបន្ន ដែលក្នុងនោះស្ត្រី គឺជាស្នូលតាមរយៈការផ្តល់ឱកាសបន្ថែមទៀតសម្រាប់ការចូលរួមរបស់ស្ត្រីឱ្យកាន់តែច្រើន និងទូលំទូលាយក្នុងការកំណត់ជោគវាសនារបស់ប្រទេសជាតិ។ ជាក់ស្តែង រាជរដ្ឋាភិបាលបានកំណត់សមភាពយេនឌ័រ និងការបង្កើតភាពអង់អាចដល់ស្ត្រី និងក្មេងស្រីក្នុងគ្រប់វិស័យជាអាទិភាពក្នុងរបៀបវីរៈគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលប្រកាសដាក់ឱ្តប្រើប្រាស់ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ និងគោលនយោបាយជាតិ ស្តីពី យែនឌ័រដែលនឹងត្រូវដាក់ឱ្យអនុវត្តឆាប់ៗខាងមុខនេះ។
សូមជម្រាបថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀល ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធី “បិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងកិច្ចការនារី”៕