2023-09-19 06:09
538

ភ្នំពេញ៖ លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ជាប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលកម្ពុជា ៤.០ បានលើកឡើងថា “យុវជនជាកម្លាំងចលករដ៏មានសារៈសំខាន់សម្រាប់កម្ពុជា នាថ្ងៃអនាគតក្នុងការជំរុញការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល ដោយសារពួកគេជាកម្លាំងពលកម្មសកម្មដ៏មានសក្តានុពល និងជាក្រុមមនុស្សដែលងាយក្នុងការសម្របខ្លួនទៅនឹងបរិបទថ្មីៗ និងជាអ្នកដែលនិយមក្នុងការប្រើប្រាស់នូវបច្ចេកវិទ្យា”។ 

លោក ហ៊ុន ម៉ានី ប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលកម្ពុជា ៤.០ បានលើកឡើងយ៉ាងដូច្នេះ ក្នុងវេទិកាកម្ពុជា ៤.០ លើកទី១ ស្តីពី “យុវជន ៤.០” នៅអគារ The Kampus រាជធានីភ្នំពេញ នៅថ្ងៃអង្គារ ទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ ដោយមានការចូលរួមដោយវាគ្មិនសំខាន់ៗជាច្រើនរូបផងដែរ។ 

លោក ហ៊ុន ម៉ានី បានលើកឡើងថា «ដើម្បីធានាបាននូវកម្លាំងពលកម្មដែលមានសមត្ថភាពខ្ពស់ ការស្វែងយល់ពីទំនាក់ទំនងរវាងយុវជន និងការអប់រំឌីជីថល, ការបណ្តុះបណ្តាល និងការចាប់យកជំនាញឌីជីថល ក៏ដូចជាអាជីពឌីជីថល ពិតជាមានភាពចាំបាច់ និងមានសារៈសំខាន់ ព្រោះថាការកសាងមូលធនមនុស្សចាំបាច់ណាស់ត្រូវចាប់ផ្តើមពីការអប់រំដែលមានគុណភាព និងចេះប្រើប្រាស់បច្ចេកវិទ្យាដើម្បីជាជំនួយក្នុងការបណ្តុះបណ្តាល និងការសិក្សាពេញមួយជីវិត ដែលទាំងនេះជាកត្តាកំណត់នូវភាពជោគជ័យ នៃការចាប់យកនូវកាលានុវត្តភាពពីការរីកចម្រើននៃបច្ចេកវិទ្យា»។ 

លោក ហ៊ុន ម៉ានី បានបញ្ជក់ថា ក្នុងនាមក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលកម្ពុជា ៤.០ «ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមចែករំលែកចំណេះដឹង បទពិសោធន៍ និងទស្សនៈល្អៗ ពីសំណាក់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីដែលជាវាគ្មិន អញ្ជើញមកពីក្រសួង ស្ថាប័ន ក៏ដូចជាវិស័យឯកជន ព្រមទាំងអរគុណចំពោះក្រុមការងារនៃមជ្ឈមណ្ឌលដែលបានខិតខំសម្របសម្រួល និងរៀបចំកម្មវិធី “វេទិកា យុវជន ៤.០” ទទួលបានជោគជ័យនាឱកាសនេះ»៕