2024-01-06 12:01
439

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី  ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នាព្រឹកថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២៤ នេះ បានដឹកនាំសមាជិក សមាជិកា ស.ស.យ.ក. គោរពវិញ្ញាណក្ខន្ធជនរងគ្រោះ និងអតីតយុទ្ធជន យុទ្ធនារី ដែលបានបាត់បង់ជីវិតក្នុងរបបកម្ពុជាប្រជាធិបតេយ្យ នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក។ 

នាឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី និងសមាជិក សមាជិកា បានអញ្ជើញដាក់កម្រងផ្កា នៅមុខស្តូបតម្កល់អដ្ឋិធាតុ ព្រមទាំងនិមន្តព្រះសង្ឃបង្សុកុល ឧទ្ទិសកុសល និងផ្សាយមេត្តាធម៌ជូនដល់វិញ្ញាណក្ខន្ធជនរងគ្រោះក្នុងរបប ៣ឆ្នាំ ៨ខែ និង២០ថ្ងៃនោះ។ 

ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងថាៈ ដោយមានការលើកទឹកចិត្តពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រធានកិត្តិយស ស.ស.យ.ក. ដែលសម្តេចឱ្យសហភាពសហព័ន្ធយុវជនកម្ពុជា បន្តចូលរួមរំលឹកដល់វិញ្ញាណក្ខ័ន្ធជនរងគ្រោះ ដែលបានបាត់បង់ជីវិត ដោយអយុត្តិធម៌ ក្នុងជំនាន់ប៉ុលពត។ 

ឯកឧត្តម ហ៊ុន ម៉ានី បានគូសបញ្ជាក់ថាៈ ការដឹកនាំយុវជនមកធ្វើការគោរពវិញ្ញាណក្ខន្ធនៅពេលនេះ មិនមែនចង់ឱ្យយុវជនយើងរស់នៅក្នុងអតីតកាលឡើយ ប៉ុន្តែចង់ឱ្យពួកគេ ចងចាំពីប្រវត្តិសាស្រ្តដ៏ជូរចត់ទាំងនោះ និងចេះអបអរពីអ្វីដែលខ្លួនមាននៅពេលនេះ នោះគឺសុខសន្តិភាព ដែលស្វែងរកបានដោយការលំបាកបំផុត។ 

ឯកឧត្តម ហ៊ុន ម៉ានី បានរំលេចផងដែរថាៈ « ការរៀបចំពិធីនេះឡើង ក៏ជាការរំលឹកដល់ខួប ៤៥ឆ្នាំ នៃភាពជោគជ័យ នៃការរំដោះប្រទេសកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ៧ មករា ១៩៧៩ ផងដែរ។ ភាពជោគជ័យនេះ បាននាំឱ្យប្រជាពលរដ្ឋកម្ពុជាឱ្យបានរស់រានមានជីវិតឡើងវិញ និងរស់នៅជាមួយសុខសន្តិភាពដូចសព្វថ្ងៃ»។  

សូមជម្រាបជូនថា ជារៀងរាល់ឆ្នាំ ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា តែងយកឱកាសមុនការប្រារព្ធទិវាជ័យជំនះលើរបបប្រល័យពូជសាសន៍នេះ ដើម្បីជាការរំឭកដល់សោកនាដកម្ម និងវិនាសកម្មដ៏អាក្រក់ដែលប្រជាជនកម្ពុជារាប់លាននាក់បានឆ្លងកាត់នៅក្នុងរយៈ ៣ ឆ្នាំ ៨ខែ និង២០ ថ្ងៃ ដោយមិនអាចបំភ្លេចបាន។ ក្នុងនាមជាយុវជនជំនាន់ក្រោយ យើងប្តេជ្ញានឹងចងចាំនៃមេរៀនប្រវត្តិសាស្រ្តដ៏ជូរចត់មួយនេះ៕