2024-02-21 20:04
394

ភ្នំពេញ៖    សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា «គោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ គឺពង្រឹងលើមូលដ្ឋាននៃការអភិវឌ្ឍន៍ គោលដៅជំរុញសេដ្ឋកិច្ចប្រកបដោយចីរភាព និងភាពធន់ ដោយបង្កើតការងារឱ្យបានច្រើន ដែលជាគោលដៅសំខាន់សម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧ និងអាណត្តិបន្តបន្ទាប់ទៀត»។
   សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «អគារ តេជោសែន» និង «បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤» របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។
   សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា «ចង់ធ្វើឱ្យប្រទេសមួយរីកចំរើនទៅជាប្រទេសអ្នកមានទាល់តែចំណូលរបស់ប្រជាពលរដ្ឋម្នាក់ៗកើនដល់កម្រិតមួយអញ្ចឹងរដ្ឋអត់មានថវិកាចែកចូលហោប៉ៅប្រជាពលរដ្ឋទេ ក្រៅពីការបង្កើតការងារដែលទាញផលចំណូលបានខ្ពស់ទើបមាននិរន្តរភាព និងភាពធន់»។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា «អញ្ចឹងការជំរុញ និងឈរលើមូលដ្ឋានច្បាស់លាស់ គ្រឹះនៃសេដ្ឋកិច្ចរបស់យើង រចនាសម្ព័ន្ធនៃសេដ្ឋរបស់យើងពឹងលើវិស័យឯកជនច្រើនដែលជាកម្លាំងស្នូល គឺសហគ្រាសគ្រប់ប្រភេទហើយនៅកម្ពុជាយើងត្រូវទទួលស្គាល់ថា “មីក្រូ & SME” ហ្នឹងឯងដែលជាមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចកម្ពុជា»។

   សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា «តាមទិន្នន័យក្នុងប្រទេសអ្នកមាន ៩៥ភាគរយ នៃប្រទេសនោះទាំងអស់ គឺ SME ដែលជាប្រភេទក្រុមហ៊ុនខាតតូច និងមធ្យមដែលមានបុគ្គលិកប្រមាណ ២៥០នាក់ចុះ សម្រាប់នៅកម្ពុជាតាមទិន្នន័យស្តង់ដាដែលមានចុងក្រោយក្នុងឆ្នាំ២០១៨ គឺជាង ៩៩ភាគរយ នៃក្រុមហ៊ុនប្រភេទនេះ»។ សម្តេចធិបតីបានបន្ថែមថា «ប្រទេសកម្ពុជានៅមុខ១០ ឬ ៣០ឆ្នាំទៀត ខ្ញុំមិនរំពឹងថាគ្រប់ដណ្តប់ដោយក្រុមធំនោះទេ បើមិនអញ្ចឹងមានតែ ៤ ឬ ៥ ក្រុមហ៊ុនគ្របដណ្តប់មួយប្រទេស។ អញ្ចឹងក្រុមហ៊ុនប្រភេទ មីក្រូ SME ជាមូលដ្ឋានដែលត្រូវលើកស្ទួត»។

   សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «អញ្ចឹងគោលនយោបាយពាក់ព័ន្ធនឹងក្រសូងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនាវានុវត្តន៍ គឺឈ្មោះនេះពាក់ព័ន្ធលើកិច្ចការងារទាំងអស់នេះ ត្រូវដាក់ចេញផែកការបង្កើតការងារធ្វើយ៉ាងណាឱ្យសេដ្ឋកិច្ចប្រទេសយើងរឹងមាំ គឺផ្នែកលើវិស័យឯកជន ហើយក្រុមហ៊ុនធំៗក៏ទាក់ទាញមកវិនិយោគ ប៉ុន្តែកុំភ្លេចក្រុមហ៊ុនតូចៗ SME ឬមួយក្រុមហ៊ុនមីក្រូដែលមានគ្នាចាប់ពី ១០នាក់ ហើយជាពិសេសក្រសួងត្រូវធ្វើយ៉ាងម៉េចជំរុញ និងលើកទឹកចិត្តឱ្យក្រុមហ៊ុនទាំងនេះដើរ»៕