2023-06-22 02:06
661


បាត់ដំបង៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះមូលដ្ឋានខេត្តព្រៃវែង និងខេត្តបាត់ដំបង នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយកងកម្លាំងប្រដាប់អាវុធ មន្រ្ដីរាជការ សាស្រ្ដាចារ្យ លោកគ្រូ អ្នកគ្រូ បុគ្គលិក និងមន្រ្ដីជាប់កិច្ចសន្យានៃមន្ទីរ អង្គភាពក្នុងខេត្តបាត់ដំបង ចំនួន២,៩៨៣នាក់។


ពិធីជួបសំណេះសំណាលនេះ បានប្រារព្ធនៅអាកាសយានដ្ឋានបាត់ដំបង ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្រុមប្រឹក្សា អភិបាល អភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត ជាច្រើនរូបផងដែរ។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះកងកម្លាំងប្រដាប់អាវុធ មន្ដ្រីរាជការ សាស្រ្ដចារ្យ លោកគ្រូ អ្នកគ្រូ បុគ្គលិក និងមន្រ្ដីជាប់កិច្ចសន្យា នៃមន្ទីរអង្គភាពនានា ក្នុងក្រុងបាត់ដំបង ដែលខិតខំបំពេញតួនាទី និងភារកិច្ចសម្រេចបានសមទ្ធផលថ្មីៗជាបន្តបន្ទាប់ រួមចំណែកធ្វើឱ្យសម្រេចបានជោគជ័យនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៦នេះ។ 
សម្តេចក្រឡាហោម ស ខេង ក៏បានគូសបញ្ជាក់អំពីគុណបំណាច់ នៃការរួមចំណែករបស់និវត្តជន និងអតីតយុទ្ធជនក្នុងក្រុងបាត់ដំបង ដែលបានតស៊ូធ្វើពលិកម្មក្នុងគ្រប់សម័យកាល ដើម្បីបុព្វហេតុសន្តិភាព ស្ថេរភាព ការបង្រួបបង្រួម និងការអភិវឌ្ឍលើគ្រប់វិស័យ ដែលថ្នាក់ដឹកនាំ និងមន្រ្តីរាជការជំនាន់ក្រោយបានចងចាំ និងកត់ត្រាទុកជាប្រវត្តិសាស្រ្ត ព្រមទាំងប្ដេជ្ញាបន្តពូនជ្រំការអភិវឌ្ឍជាតិឱ្យកាន់តែរីកចម្រើនសម្រាប់អ្នកជំនាន់។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះមូលដ្ឋានខេត្តព្រៃវែង និងខេត្តបាត់ដំបង បានលើកឡើងអំពីបញ្ហាប្រឈមលើពិភពលោកដែលតិច ឬច្រើនបានជះឥទ្ធិផលមកលើប្រទេសកម្ពុជា។ ក្នុងនោះរួមមាន ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ រវាងលោកខាងលិច និងខាងកើត សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន វិបត្តិថាមពល និងស្បៀងអាហារ បញ្ហាសង្គ្រាមស៊ីវិលនៅប្រទេសស៊ូដង់ និងការប្រែលប្រួលអាកាសធាតុកាន់តែអាក្រក់ បន្ថែមលើបន្ទុកបញ្ហាបណ្ដាលមកពីជំងឺកូវីដ-១៩ ដែលពិភពលោកមិនទាន់ដោះស្រាយចប់នៅឡើយ។


សម្ដេចក្រឡាយោម បានបន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្រ្តដឹកនាំប្រកបដោយភាពត្រឹមត្រូវ និងត្រូវបានចូលរួមគាំទ្រយ៉ាងសម្មពីមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរគ្រប់ថ្នាក់ រួមទាំងក្រុងបាត់ដំបង ខេត្តបាត់ដំបង ធ្វើឱ្យប្រទេសជាតិបន្តរក្សាបានសុខសន្តិភាព ស្ថេរភាពនយោបាយ ធានាដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះមូលដ្ឋានខេត្តព្រៃវែង និងខេត្តបាត់ដំបង ក៏បានបន្តលើកឡើងអំពីសមិទ្ធផល និងស្នាដៃធំៗជាច្រើនដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបានក្នុងរយៈពេល ៥ឆ្នាំ ក្នុងនោះមានដូចជា កិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ការគោរពប្រតិបត្តិរដ្ឋធម្មនុញ្ញ ការគោរពប្រតិបត្តិប្រកបដោយភក្ដីភាពចំពោះព្រះមហាក្សត្រ និងរបបរាជានិយម ការបង្កាទប់ស្កាត់ជំងឺកូវីដ-១៩ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការរៀបចំជោគជ័យនូវកិច្ចប្រជុំអាស៊ាន និងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមជាដើម។
សម្ដេចក៏បានគូសបញ្ជាក់បន្ថែមអំពីទិសដៅរបស់រាជរដ្ឋាភិបាលសម្រាប់ឆ្នាំ២០២៣ និងរយៈពេល៥ឆ្នាំ បន្តទៀតក្នុងក្របខណ្ឌរាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា និងបានសង្កត់ធ្ងន់ជាថ្មីទៀតអំពីសារៈសំខាន់នៃការរក្សាសុខសន្តិភាពដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍគ្រប់វិស័យ ព្រមទាំងការរៀបចំការបោះឆ្នោតតាមគន្លងប្រជាធិបតេយ្យជាទៀងទាត់ និងត្រឹមត្រូវ ក្នុងនោះរួមទាំងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ខាងមុខនេះ ដែលត្រូវតែបន្តរួមគ្នាធ្វើឱ្យការបោះឆ្នោតនេះប្រព្រឹត្តទៅដោយជោគជ័យ។
ពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តខាងមុខនេះ សម្ដេចក្រឡាហោម ស ខេង បានផ្ដល់អនុសាសន៍ជូនអង្គពិធីចូលរួមផ្សព្វផ្សាយជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន និងដែលបានធ្វើចំណាកស្រុក ទាំងនៅក្នុង និងក្រៅប្រទេស ត្រៀមឯកសារ ដើម្បីអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដើម្បីរួមគ្នាលើកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នាំមកនូវសុខសន្តិភាព ស្ថេរភាពជាតិ និងការអភិវឌ្ឍជាតិ ដូចដែលកម្ពុជាបានអនុវត្តចាប់តាំងពីឆ្នាំ១៩៩៣មក។
នៅចុងបញ្ចប់នៃពិធីសម្ដេចក្រឡាហោម ស ខេង បានបំពាក់មេដាយ ជូនអតីតយុទ្ធជន មន្រ្តីរាជការចូលនិវត្តន៍ មន្ដ្រីរាជការ សាស្រ្ដចារ្យ លោកគ្រូ អ្នកគ្រូ បុគ្គលិក និងមន្រ្ដីជាប់កិច្ចសន្យា នៃមន្ទីរអង្គភាពនានា ក្នុងក្រុងបាត់ដំបង អតីតកងកម្លាំងប្រដាប់អាវុធដែលមានស្នាដៃឆ្នើមក្នុងការចូលរួមចំណែកបម្រើបុព្វហេតុជាតិ និងប្រជាជន និងមន្រ្តីមានស្នាដៃខិតខំបំពេញភារកិច្ចបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ព្រមទាំងប្រគល់ជូនថវិកាដល់អង្គពិធីទាំងមូលផងដែរ៕