2023-09-05 12:09
579

ឥណ្ឌូនេស៊ី៖ ក្នុងជំជួបទទួលទានអាហារពេលព្រឹក និងកិច្ចពិភាក្សាការងារត្រីភាគី របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយ ឯកឧត្តម ផាម មីញជីញ (Pham Minh Chính ) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និង ឯកឧត្តម សនសៃ ស៊ីផាន់ដន (Sonexay Siphandone ) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ មានខ្លឹមសារសង្ខេបសំខាន់ចំនួន ៥ចំណុច។

ពិធីចូលរួមអាហារពេលព្រឹកការងារត្រីភាគី រវាងសម្តេចធិបតី ហ៊ុន ម៉ាណែត ជាមួយ ឯកឧត្តម ផាម មីញជីញ (Pham Minh Chính )  នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងឯកឧត្តម សនសៃ ស៊ីផាន់ដន (Sonexay Siphandone )  នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ រៀបចំឡើងនៅវេលាម៉ោង ០៧និង០០នាទីព្រឹកត្រូវនឹងថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ នៅរដ្ឋធានីហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី។ ការជួបទទួលទានអាហារពេលព្រឹកនេះ គឺជាការបន្តប្រពៃណី ដែលថ្នាក់ដឹកនាំនៃប្រទេសទាំងបីតែងបានអនុវត្តកន្លងមក នៅមុនពេលបើកកិច្ចប្រជុំកំពូលធំៗ នៅក្នុងតំបន់។

នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងបីបានពិភាក្សា និងបានឯកភាពជាគោការណ៍ ដូចខាងក្រោម៖ 
ទី១. បន្តរក្សាប្រពៃណីនៃការជួបទទួលទានអាហារពេលព្រឹក និង ពិភាក្សាការងារត្រីភាគី នៅមុនពេលបើកកិច្ចប្រជុំកំពូលធំៗក្នុងតំបន់ ដែលតែងផ្ដល់ផលប្រយោជន៍ជាច្រើនដល់ប្រទេសទាំងបី ។
ទី២. បន្តដោះស្រាយជាមួយគ្នា និង ជំរុញសម្រេចឱ្យបាននូវលទ្ធផល ចំពោះបញ្ហាដែលនៅសេសសល់ទាំងឡាយ ។
ទី៣. បន្តអនុវត្តន៍យន្តការនៃការកំណត់ព្រំដែនរវាងប្រទេសទាំងបី ដើម្បីបញ្ចប់ទាំងស្រុង នាពេល ឆាប់ៗខាងមុខ ។
ទី៤. បន្តកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី ទាំងក្នុងទិដ្ឋភាពសង្គម-សេដ្ឋកិច្ច សន្តិសុខ ការផ្សារភ្ជាប់រវាងប្រជាជន និង ប្រជាជន វប្បធម៌ និង ប្រពៃណី ។ 
ទី៥. ជំរុញបន្ថែមនូវទំនាក់ទំនង និង ការផ្សារភ្ជាប់រវាងប្រទេសទាំងបី លើគ្រប់មធ្យោបាយរួមទាំងហេដ្ឋារចនាសម្ព័ន្ធ ដូចជា ស្ពាន ផ្លូវ ផ្លូវដែក និងកំពង់ផែ ខ្សែច្រវាក់ផ្គត់ផ្គង់ និងទេសចរណ៍ ។

នៅក្នុងជំនួបនេះផងដែរ ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម បានផ្ដាំផ្ញើការសួរសុខទុក្ខ និងក្តីនឹករលឹកជូនចំពោះ សម្ដេចតេជោ ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង បានបង្ហាញបំណងចង់ជួបសំណេះសំណាលដោយផ្ទាល់ជាមួយ សម្តេចតេជោ នៅក្នុងពេលណាមួយខាងមុខ។ ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ ក៏បានអញ្ជើញ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទៅបំពេញទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសឡាវ នាឆ្នាំ២០២៤ ខាងមុខ៕