2024-03-03 02:03
393

ម៉ែលប៊ន៖ បងប្អូនសហគមន៍ខ្មែរជាង ១ ៦០០នាក់ កំពុងរស់នៅក្នុងប្រទេសអូស្រ្តាលី និងនូវែលហ្សេឡង់ បានចូលរួមជួបសំណេះសំណាលជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្រ ចាន់មុនី ហ៊ុនម៉ាណែត នារសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤នេះ នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។
   លោក ជឺនបូរាណ ច័ន្ទបូរី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអូស្ត្រាលី បានលើកឡើងថា បានឡើងធ្វើរបាយការណ៍អំពីជីវភាពរស់នៅរបស់សហគមន៍ខ្មែរជូនសម្តេចធិបតីថា បច្ចុប្បន្នសហគមន៍ប្រជាពលរដ្ឋខ្មែរដែលកំពង់រស់នៅក្នុងប្រទេសអូស្រ្តាលី ប្រមាណជាង ៨ម៉ឺននាក់ ដែលភាគច្រើនរស់នៅក្នុងទីក្រុងម៉ែលប៊នហើយសហគមខ្មែរបានចូលរួមចំណែកក្នុងកិច្ចការងាររបស់ប្រទេសអូស្ត្រាលី ដូចជាការវេចខ្ចប់ ការលក់ដូរតាមទីផ្សារ គ្រប់គ្រងហាងទំនិញ វិស័យកសិកម្មក៏ដូចជានៅតាមកសិដ្ឋានជាដើម។ រីឯសហគមខ្មែរដែលរស់នៅប្រទេសនូវែលហ្សេឡង់វិញ មានចំនួនប្រមាណជាង ១ម៉ឺននាក់ហើយភាគច្រើនដែលមានស្ថានភាពការងារស្រដៀងគ្នាបងប្អូនប្រជាពលរដ្ឋនៅអូស្ត្រាលីដែរ។
  លោក ជឺនបូរាណ ច័ន្ទបូរី បានបញ្ជាក់ថា តាមរយៈដែលលោកបានចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋខ្មែរទទួលបានជោគជ័យច្រើនក្នុងការបើកហាងនំប៉័ង និងកាហ្វេ ជាពិសេសពួកគាត់បានប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវប្រពៃណីវប្បធម៌ដ៏ផូផង់របស់ខ្មែរ ដែលគោរពបូរជាក្នុងវិស័យព្រះពុទ្ធសាសនា ដែលគ្រប់ទីក្រុងធំៗទាំងមានវត្តអារាមច្រើន។
  សូមជម្រាបថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយ បងប្អូនសហគមន៍ខ្មែរដែលកំពុងរស់នៅក្នុងប្រទេសអូស្រ្តាលី និងនូវែលហ្សេឡង់ ក្នុងឱកាសសម្តេចធិបតីដឹកនាំប្រតិភូកម្ពុជាអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី៕