2024-06-06 04:06
294

ក្នុងឱកាសអញ្ជើញ សម្ពោធដាក់ឲ្យប្រើប្រាស់ កំពង់ផែពហុបំណងកំពត ដែលសាងសង់រួចរាល់ ដំណាក់កាលទី១ តម្លៃប្រមាណ ១៤០លានដុល្លារអាមេរិក នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអះអាងថា កំពង់ផែពហុបំណងនេះ នឹងក្លាយជាកំពង់ផែទឹកជ្រៅ និងទំនើបមួយទៀតនៅកម្ពុជា។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កំពង់ផែពហុបំណងកំពត នឹងចូលរួមចំណែកក្លាយជាសរសៃឈាមដ៏សំខាន់ថ្មីមួយទៀត សម្រាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្រកម្ពុជា និងធ្វើឲ្យប្រសើរឡើងនូវសកម្មភាព ពាណិជ្ជកម្ម និងការផ្លាស់ប្ដូរទំនិញ រួមទាំងជួយជំរុញកំណើនសេដ្ឋកិច្ចនៅខេត្តកំពត ក៏ដូចជាការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា។

បើតាមប្រសាសន៍របស់សម្ដេចធិបតីនាយករដ្ឋមន្ដ្រី, កំពងផែនេះក៏មានសារៈសំខាន់ ដែលជួយបំពេញបន្ថែមលើ មុខងាររបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញផងដែរ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «កំពង់ផែនេះ នឹងក្លាយជាសរសៃឈាមដ៏សំខាន់ថ្មីមួយទៀត សម្រាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្រកម្ពុជា និងធ្វើឲ្យប្រសើរឡើងនូវ សកម្មភាពពាណិជ្ជកម្ម និងការផ្លាស់ប្ដូរទំនិញ រួមទាំងការជួយជំរុញសេដ្ឋកិច្ចនៅកំពត ក៏ដូចជាការអភិវឌ្ឍសង្គមកិច្ចកម្ពុជាផងដែរ ..។  កំពង់ផែពហុបំណងកំពតនេះ ត្រូវចាត់ទុកថា នឹងក្លាយជាកំពង់ផែទឹកជ្រៅមួយទៀតនៅកម្ពុជា និងជាកំពង់ផែដ៏ទំនើប និងមានសារៈសំខាន់ជួយបំពេញបន្ថែមលើមុខងារ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ»។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា វិស័យកំពង់ផែ គឺជាវិស័យអាទិភាពមួយ ក្នុងចំណោមវិស័យអាទិភាពនានា ដែលរាជរដ្ឋាភិបាល យកចិត្តទុកដាក់ជំរុញការអភិវឌ្ឍដោយត្រូវខិតខំបន្តបង្កើនថវិកាវិនិយោគ និងកៀរគរហិរញ្ញប្បទាន ព្រមទាំងពង្រឹងប្រសិទ្ធភាពនៃការប្រើប្រាស់ ដើម្បីបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ ឲ្យកាន់តរីកចម្រើនថែមទៀត។

ជាមួយគ្នានេះ សម្ដេចធិបតីប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងសាធារណការ និងដឹកជញ្ជូន, រដ្ឋបាលខេត្តកំពត ក្រសួងស្ថាប័ន និងគ្រប់ភាគីពាក់ព័ន្ធដែលបានផ្ដល់កិច្ចសហការយ៉ាងល្អជាមួយ ក្រុមហ៊ុនកំពតផត ក្នុងការសម្រេចបាននូវសមិទ្ធផលកំពង់ផែពហុបំណងកំពត។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុនកំពតផត ដែលបានជឿជាក់បោះទុនអភិវឌ្ឍន៍វិស័យកំពង់ផែ ដែលជាការគាំទ្រដល់កម្មវិធីនយោបាយ និងយុទ្ធសាស្ដ្របញ្ចកោណ ដំណាក់កាលទី១ នីតិកាលទី៧ ដើម្បីជំរុញវិស័យដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែឲ្យមានការអភិវឌ្ឍរីកចម្រើន រួមចំណែកធានាការប្រកួតប្រជែងរបស់កម្ពុជា។

សូមជម្រាបថា កំពង់ផែពហុបំណងកំពត មានទីតាំងស្ថិតនៅភូមិគីឡូ១២ សង្កាត់កោះតូច និងសង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតឲ្យបង្កើតឡើងអំឡុងឆ្នាំ២០០៥ និងត្រូវបានក្រសួងសាធារណការ និងដឹកជញ្ជូន អនុញ្ញាតឲ្យអភិវឌ្ឍសាងសង់ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែនៅអំឡុងឆ្នាំ២០១២ លើផ្ទៃដីទំហំសរុប ២០៧ហិកតា ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនកំពតផត។ កំពង់ផែពហុបំណងកំពតនេះ ត្រូវបានរំពឹងថា នឹងក្លាយជាសរសៃឈាមដ៏សំខាន់សម្រាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្ររបស់កម្ពុជា ដែលនឹងចូលរួមចំណែកជំរុញសេដ្ឋកិច្ចកម្ពុជា ឲ្យមានកំណើនបន្ថែមទៀត ហើយនឹងក្លាយជាកំពង់ផែទឹកជ្រៅមួយបន្ថែមទៀតរបស់កម្ពុជា ដែលនឹងជួយបំពេញបន្ថែមឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ។

ការដឹកជញ្ជូនតាមផ្លូវសមុទ្រពីកំពង់ផែពហុបំណងកំពត ទៅកាន់ប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក អាចដំណើរការទៅបាន ដោយពុំចាំបាច់ប្តូរនាវានៅកំពង់ផែណាមួយឡើយ លើកលែងតែការ ដឹកជញ្ជូនទំនិញទៅកាន់សហរដ្ឋអាមេរិក និងអឺរ៉ុប ដែលតម្រូវឱ្យប្តូរនាវានៅកំពង់ផែធំៗ មុននឹង ទៅដល់គោលដៅចុងក្រោយ។

ជាមួយគ្នានេះ កំពង់ផែថ្មីនេះ ក៏នឹងចូលរួមចំណែកផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋដែលរស់នៅខេត្តកំពត និងប្រជាពលរដ្ឋខេត្តដទៃទៀតផងដែរ។ បច្ចុប្បន្នបុគ្គលិក កម្មករ និយោជិត ដែលបាននិងកំពុងបម្រើការងារនៅកំពង់ផែនេះ មានចំនួនសរុប ១៧៦នាក់ ហើយ ចំនួននេះនឹងមានការកើនឡើងបន្ថែមទៀតនាពេលអនាគតទៅតាមទំហំប្រតិបត្តិការ និងការរីកចម្រើនរបស់កំពង់ផែ៕(មុំទី២)