2023-12-02 11:12
692

ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើព្រះរាជសារក្នុងឱកាសទិវាជនមានពិការភាពកម្ពុជា លើកទី២៥ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤១ ក្រោមប្រធានបទ «ដំណោះស្រាយប្រកបដោយនវានុវត្តន៍ ដើម្បីសង្គមមួយមានផាសុកវត្ថុ និងសមធម៌» ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣។ ក្នុងព្រះរាជសារ ព្រះមហាក្សត្រ ព្រះអង្គបានគាំទ្រលើប្រធានបទ «ដំណោះស្រាយប្រកបដោយនវានុវត្តន៍ ដើម្បីសង្គមមួយមានផាសុកវត្ថុ និងសមធម៌» ព្រោះបានបង្ហាញពីឆន្ទៈរបស់រាជរដ្ឋាភិបាលក្នុងការផ្ដល់ការសម្របសម្រួលផាសុកវត្ថុនៅទីកន្លែងសាធារណៈ និង ឯកជនលើកកម្ពស់អភិបាលកិច្ចល្អជូនជនមានពិការភាពនិងជំរុញការចូលរួមដ៏ថ្លៃថ្លាមិនអាចខ្វះបានរបស់ បងប្អូនកូនក្មួយ ជនមានពិការភាព និងក្រុមគ្រួសារក្នុងសកម្មភាពអភិវឌ្ឍន៍សង្គម ជាពិសេសតាមបែបបច្ចេកវិទ្យាឌីជីថល។ ព្រះមហាក្សត្រ បានចូលរួមអបអរសារទរសមិទ្ធផល ២៥ឆ្នាំកន្លងមករបស់រាជរដ្ឋាភិបាល តាមរយៈការ អនុវត្តនយោបាយ «ឈ្នះ-ឈ្នះ» របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រកបដោយជោគជ័យធ្វើឱ្យ ប្រជាជាតិកម្ពុជាទទួលបាននូវសុខសន្តិភាពពេញលេញ ឯកភាពជាតិ និងឯកភាពទឹកដី មានអធិបតយ្យភាព បូរណភាពទឹកដីទាំងស្រុង។ អតីតរាជរដ្ឋាភិបាលបានដាក់ចេញយុទ្ធសាស្ត្រត្រីកោណ និងយុទ្ធសាស្ត្រ ចតុកោណទាំង៤ដំណាក់កាលដោយបានរុញច្រាននាវាកម្ពុជា សម្រេចបានសមិទ្ធផលធំៗលើគ្រប់វិស័យ រួមមានសេដ្ឋកិច្ច សង្គម នយោបាយ វប្បធម៌ សាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងបានលើកកម្ពស់កិត្យា នុភាពកម្ពុជាកាន់តែត្រចះត្រចង់នៅលើឆាកជាតិនិងអន្តរជាតិ។ ព្រះមហាក្សត្រ បានកោតសរសើរចំពោះវីរភាពដឹកនាំប្រកបដោយថាមវន្ត និងឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ ដោយបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា ក្នុងគោលដៅជំរុញកំណើនការងារប្រសិទ្ធភាព សមធម៌ និងចីរភាពសេដ្ឋកិច្ច ដែលជាកាតាលីករជំរុញឱ្យសម្រេចបានទស្សនៈវិស័យរយៈពេលវែងសម្រាប់ ប្រទេសកម្ពុជា ជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។ ព្រះរាជសារបានផ្ដាំផ្ញើដល់ជនមានពិការភាពកម្ពុជាសូមបន្តកិច្ចខិតខំប្រឹងប្រែងស្វាធ្យាយ អភិវឌ្ឍចំណេះ ជំនាញឱ្យទាន់យុគសម័យអភិវឌ្ឍន៍ជឿនលឿន ពិសេសសម័យ បច្ចេកវិទ្យាទំនើបក្រោមដំបូលនៃសន្តិភាព ដើម្បីប្រកួតប្រជែងលើទីផ្សារការងារនិងមុខរបរ ឈានទៅ សម្រេចបាននូវគុណភាពជីវិតល្អប្រសើរ ។ ព្រះករុណាព្រះមហាក្សត្រ បានអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់បន្តលើកកម្ពស់សិទ្ធិ និង ការចូលរួមរបស់ជនមានពិការភាពកម្ពុជាយើងដោយមិនមានការរើសអើង ដើម្បីសង្គមមួយសម្រាប់ទាំង អស់គ្នា ពិសេសធ្វើឱ្យសិទ្ធិក្លាយជាការពិត។ ជនមានពិការភាពរបស់យើងត្រូវការភាពកក់ក្ដៅ ស្រឡាញ់ រាប់អាន ដែលប្រការនេះគឺជាការលើកទឹកចិត្តដ៏ធំធេងក្នុងការអភិវឌ្ឍខ្លួនរបស់ពួកគាត់ ដោយមិនមានការរើសអើងពីសង្គម និងរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា ដើម្បីជនមានពិការភាពទទួលបានសិទ្ធិ ពេញលេញ៕