កំពង់ស្ពឺ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលខិតខំធ្វើយ៉ាងណាមិនឱ្យប្រទេសកម្ពុជា មានជម្លោះសាសនាដាច់ខាតដោយត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ ជាពិសេស ទប់ឱ្យបាននូវភាពជ្រុលនិយមនៅក្នុងវិស័យសាសនានិយមួយៗដែលមាននៅកម្ពុជា។ នេះជាការថ្លែងរបស់ សម្តេចធិបតី នាយករដ្ឋមន្រ្តី ក្នុងឱកាសអញ្ជើញជាអធិបតីពិធី “សម្ពោធឆ្លងធម្មចេតិយទី១ តម្កល់ព្រះត្រៃបិដកចម្លាក់ពីថ្មម៉ាប ១ ១៧០ផ្ទាំង ផ្លូវបេតុង ចំនួន ០៩ខ្សែ ប្រវែង ៣ ១៥០ម៉ែត្រ និងសមិទ្ធផលនានា ក្នុងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា” នៅឧទ្យានជាតិព្រះសុរាម្រិតកុសុមៈ «គីរីរម្យ» ស្ថិតក្នុងឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃពុធ ទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងថា៖ «គ្រប់ប្រជាពលរដ្ឋកម្ពុជា មិនកាន់ព្រះពុទ្ធសាសនា សាសនាឥស្លាម សាសនាគ្រឹះ ឬសាសនាផ្សេងៗនោះទេ ត្រូវប្រកាន់នូវសាសនាដែលមិនជ្រុលនិយម ទើបធ្វើឱ្យមានសុខុដមរមណីកម្មគ្មានជំលោះសាសនានៅកម្ពុជា»។ សម្តេចធិបតីបានបន្ថែមទៀតថា៖ ថ្នាក់ដឹកនាំគ្រប់សាសនាទាំងអស់ប្រកាន់ជំហរសាមគ្គីគ្នា យោបយល់គ្នា សហគមន៍រស់នៅជិតគ្នាគ្រប់សាសនា រៀនសូត្រសាលាជាមួយគ្នា រួមគ្នាធ្វើកិច្ចការងារជាមួយគ្នា មានឱកាសដូចគ្នាក្នុងជួររាជរដ្ឋាភិបាល និងវិស័យឯកជនដោយមិនប្រកាន់គ្នា»។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា៖ «មានមេដឹកនាំគ្រប់សាសនាមានតួនាទី កាន់មុខតំណែងនានា ក្នុងរដ្ឋាភិបាល ជួរកងកម្លាំងគ្រប់ប្រភេទប្រកបដោយភាពជោគជ័យនេះហើយជាអ្វីដែលយើងចង់បាន។ ដូច្នេះដាច់ខាត់ត្រូវទប់ស្កាត់នូវមនោគមវិជ្ជាជ្រុលនិយមទាំងផ្នែកអាណាចក្រ និងក្នុងសាសនា ដើម្បីថែរក្សាភាពសុខសាន្តរបស់យើង ជាពិសេស សុខសន្តិភាព ស្ថិរភាពយើងទាំងអស់គ្នា»៕