2023-08-30 05:08
730

ភ្នំពេញ៖ លោក ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការ ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ នេះបានសរសេរអត្ថបទមួយបង្ហោះលើបណ្តាញទំនាក់ទំនងសង្គមថា «ជួយប្រជាជនដែលមានជីវភាពលំបាកជាងគេ គឺជាអាទិភាព របស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី»

ក្នុងអត្ថបទនោះ លោក ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការ ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងអ្នកជំនាញភូមិសាស្ត្រនយោបាយរូបនេះ បានបកស្រាយដូចខាងក្រោម៖

១- មានតិចណាស់ ប្រជាជនដែលចាប់អារម្មណ៍ទៅលើពាក្យ «យុទ្ធសាស្ត្រត្រីកោណ» «យុទ្ធសាស្ត្រចតុកោណ» និង ចាប់ពីពេលនេះតទៅ «យុទ្ធសាស្ត្របញ្ចកោណ» ដែលជាផែនទីចង្អុលផ្លូវរបស់រាជរដ្ឋាភិបាលថ្មីដឹកនាំដោយនាយករដ្ឋមន្ត្រីថ្មី ឯកឧត្តមកត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត។ 

២- ជាសង្ខេប គេអាចនិយាយបានថា សមិទ្ធផលធំៗបច្ចុប្បន្ន (កម្ពុជាអធិបតេយ្យ និងឯករាជ្យ, កម្ពុជាក្នុងសមាហរណកម្មតំបន់ និងសកល, សុខសន្តិភាព, ការចាកផុតពីភាពក្រីក្រសម្រាប់ខ្មែររាប់លាននាក់ បើប្រៀបធៀបទៅនឹងស្ថានភាពកាលពី ២៥ឆ្នាំមុន…) សុទ្ធតែបានមកពីការអនុវត្តយុទ្ធសាស្ត្រត្រីកោណ និងយុទ្ធសាស្ត្រចតុកោណ ព្រមទាំងការអនុវត្តនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។ ក្នុងន័យនេះ, យុទ្ធសាស្ត្របញ្ចកោណ គឺជា «គម្ពី» ទី៣ ដែលតាមគោលការណ៍ និងតាមទ្រឹស្តី ត្រូវនាំកម្ពុជាទៅកាន់ដំណាក់កាលថ្មី នៅក្នុងអភិក្រមនៃការកសាងជាតិ។ 

៣- រហូតដល់ឆ្នាំ២០៥០ យុទ្ធសាស្ត្របញ្ចកោណនេះ នឹងត្រូវឆ្លងកាត់ ៥ដំណាក់កាល។ គោលដៅចុងក្រោយសម្រាប់រយៈកាលវែង គឺ «លើកស្ទួយមោទនភាពជាតិឲ្យឈានកាន់តែខ្ពស់ឡើង (…) តាមរយៈការកសាងជាតិមួយឲ្យរឹងមាំ, រស់រវើក, រុងរឿង (…) ក្លាយជាប្រទេសមានចំណូលខ្ពស់ នៅត្រឹមឆ្នាំ២០៥០។» 

៤- រីឯដំណាក់កាលទី១វិញ គឺជាអ្វីដែលរាជរដ្ឋាភិបាល «ជំនាន់ថ្មី ឈាមថ្មី និងថាមពលថ្មី» ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវអនុវត្តពីពេលនេះតទៅ និងសម្រាប់រយៈកាលខ្លី ពី៥ទៅ៧ឆ្នាំខាងមុខ។ នៅក្នុងចំណោមវិធានការគន្លឹះ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១នេះ, ការយកចិត្តទុកដាក់ទៅលើប្រជាជន «អ្នកលំបាក» ជាងគេ គឺជាអាទិភាពចំបង។ 

ជាក់ស្តែង ដូចដែលឯកឧត្តមបណ្ឌិត នាយករដ្ឋមន្ត្រី បានលើកឡើងនៅថ្ងៃទី២៤សីហាសប្តាហ៍មុន និងកាលពីម្សិលមិញ ថ្ងៃទី២៨សីហា រួចហើយថា រាជរដ្ឋាភិបាលនឹងប្រឹងប្រែងតាមរយ:គ្រប់មធ្យោបាយ និងគ្រប់លទ្ធភាព ដើម្បីពង្រឹងកំណើនសេដ្ឋកិច្ច, ពង្រឹងសន្ទុះនៃការបង្កើតការងារឲ្យបានច្រើន, ពង្រឹងសមធម៌សង្គម, ពង្រឹង គុណភាពនៃវិស័យអប់រំ និងសុខាភិបាល ពិសេសនៅតាមទីជនបទដាច់ស្រយាល…។ ទាំងនេះ ស្តែងឲ្យឃើញនូវនយោបាយដែលមានលក្ខណៈសង្គមខ្លាំង នៃរាជរដ្ឋាភិបាលរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត។ ទាំងនេះក៏ស្តែងឲ្យឃើញប្រកែកមិនបានដែរ នូវសន្តានចិត្តពិតជាល្អរបស់ប្រមុខរាជរដ្ឋាភិបាលថ្មីរូបនេះ ចំពោះ អ្នកដែលនៅក្នុងសង្គមយើង មានជីវភាពលំបាកជាងគេ រួមមានដូចជា កម្មករ-កម្មការិនី បណ្តាអាជីវករនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងអ្នករស់នៅតាមស្រុកស្រែចំការ។

៥- ក្នុងគ្រាបច្ចុប្បន្ន នៅក្នុងស្ថានការណ៍មួយដុនដាបខ្លាំងនៃសេដ្ឋកិច្ចពិភពលោក តំបន់ និងជាតិ, រាជរដ្ឋាភិបាលដឹកនាំដោយ ឯកឧត្តមកត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នៅតែបន្តដាក់ចេញនូវ «គោលដៅកាត់បន្ថយភាពក្រីក្រក្នុងអត្រាទាបជាង១០%» បង្រួមវិសមភាព សេដ្ឋកិច្ចនិងសង្គម, រក្សាកំណើនសេដ្ឋកិច្ច និងទន្ទឹមនេះ ពង្រឹង  ប្រព័ន្ធសន្តិសុខសង្គម ដោយគិតគូរជាពិសេស ដល់អ្នកដែលមានជីវភាពលំបាកលំបិនជាងគេ។ ដើម្បីសម្រេចគោលដៅនេះ និងបន្តនាំមកនូវសមិទ្ធផលធំៗសម្រាប់ជាតិមាតុភូមិយើង, សុទិដ្ឋិនិយម ទំនុកចិត្ត និង ក្តីសង្ឃឹម របស់ពលរដ្ឋម្នាក់ៗ បូករួមនឹងឆន្ទៈមោះមុតនៃរាជរដ្ឋាភិបាលរបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាការចាំបាច់បំផុត៕