2024-02-25 04:02
442

ខេត្តក្រចេះ ៖ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន នេត្រ ភក្ត្រា សូមអំពាវនាវដល់បងប្អូនប្រជានេសាទ ប្រសិនបើនេសាទបានត្រីកម្រៗដូចជាត្រីត្រសក់ ត្រីរាជ ត្រីគល់រាំង ត្រីបបែលយក្សជាដើម សូមជួយលែងវាចូលក្នុងដងទន្លេមេគង្គវិញ  ដើម្បីចូលរួមអភិរក្សការពារត្រីកម្រៗរបស់យើង។
    លោករដ្ឋមន្ត្រីទន្ទឹមនឹង ក្នុងដំណើរទេសចរណ៍ផ្សារភ្ជាប់ទឹកដីនិងការងារគ្រប់គ្រងមូលដ្ឋាននៅថ្ងៃម្សិលមុិញនោះ  លោកបានចុះស្វែងយល់ពីការងារគ្រប់គ្រងសង្កាត់កោះទ្រង់របស់អាជ្ញាធរមូលដ្ឋាន! កោះទ្រង់មានទំហំផ្ទៃដី ២២៣ ហិកតា មានភូមិចំនួនពីរ គឺភូមិកកបាលកោះ និងភូមិចុងកោះ។ កោះទ្រង់ល្បីផ្នែកក្រូចថ្លុងឆ្ងាញ់។ លោករដ្ឋមន្ត្រីបញ្ជាក់ថា ៖ នៅឆ្នាំ២០២៤ នេះ ពលរដ្ឋនៅកោះនេះដាំដើមក្រូចថ្លុងផ្អែមចំនួន ១១២២៧ ដើម ក្នុងនោះក្រូចដែលបានន៨ងកំពុងផ្តល់ផល មានចំនួន ៤៤៣០ ដើម។ កោះទ្រង់ជាទិសដៅទេសចរណ៍ធម្មជាតិមួយយ៉ាងសំខាន់របស់ខេត្តក្រចេះ។ នៅទីនេះ ក៏គ្មានផ្ទះសម្រាប់ស្នាក់នៅ និងរីសតលំហែរកាយផងដែរ ហើយជាពិសេសអាចជិះរទេះសេះ រទេះគោកម្សាន្តក្នុងភូមិ និងពិសាក្រូចថ្លុងដែលមានរសជាតិដ៏ឆ្ងាញ់នៅទីតាំងផ្ទាល់តែម្តង។ បងប្អូនអាចអញ្ជើញមកទស្សនាកម្សាន្តបាន!

   ដោយឡែកព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចុះសួសុខទុក្ខបងប្អូន អាជីវករលក់ដូរ នងឃើញត្រីធំៗ ដែលប្រជានេសាទបានយកមកលក់នៅផ្សារ លោកក៏ថ្លែងថា ៖ នេះជាកូនត្រីត្រសក់ដែលខ្ញុំបានប្រទះឃើញដាក់លក់នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈនេះតាមដងទន្លេមេគង្គ។ ត្រីត្រសក់ គឺជាប្រភេទត្រីធំក្នុងចំណោមប្រភេទត្រីធំៗដទៃទៀត ដែលរស់នៅក្នុងដងទន្លេមេគង្គ។ ត្រីប្រភេទនេះ វាអាចធំលួតលាស់រហូតដល់ទម្ងន់ជាង៩០គីឡូក្រាម និងមានដងខ្លួនប្រវែង ១,៥ ម៉ែត្រ (៥ហ្វីត)។ 
  លោករដ្ឋមន្ត្រីលើកឡើងថា ៖ ខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជានេសាទ ប្រសិនបើនេសាទបានត្រីកម្រៗដូចជាត្រីត្រសក់ ត្រីរាជ ត្រីគល់រាំង ត្រីបបែលយក្សជាដើម សូមជួយលែងវាចូលក្នុងដងទន្លេមេគង្គវិញ ដើម្បីចូលរួមអភិរក្សការពារត្រីកម្រៗរបស់យើង៕