2024-01-15 11:01
431

បារីស៖ នៅវេលាម៉ោង ៥ល្ងាច (ម៉ោងនៅប៉ារីស) ត្រូវនឹងម៉ោង ១១យប់ ម៉ោងនៅកម្ពុជា ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សា ប្រមាណ ២ ៥០០នាក់ នៅទ្វីបអឺរ៉ុប ដែលធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង។ 
     ពិធីសំណេះសំណាលរវាង សម្ដេចធិបតី នាយករដ្ឋមន្ត្រី និងពលរដ្ឋនាថ្ងៃនេះ គឺបានបន្តយ៉ាងខ្ជាប់ខ្ជួនពី សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី  ដែលតែងបានផ្តល់ពេលវេលាដើម្បីជួបជាមួយបងប្អូនសហគមន៍រស់នៅតាមបណ្តាក្រៅប្រទេស ហើយក្នុងនោះ តំបន់អឺរ៉ុប ក៏ត្រូវបានរៀបចំជាបន្តបន្ទាប់។ 
គោលបំណងសំខាន់ក្នុងការជួបជុំ គឺដើម្បីសាកសួរសុខទុក្ខ និងផ្តល់នូវការសំណេះសំណាលប្រកបដោយស្មារតីខ្មែរតែមួយ ជាពិសេសក៏បានឆ្លៀតឱកាសក្នុងការធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពសុខសន្តិភាព  ការអភិវឌ្ឍ និងសេចក្តីសុខសាន្តរបស់កម្ពុជា។ 
    សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថ្លែងអំណរគុណដល់ក្រុមយុវជននៅក្រៅប្រទេស ដែលបានរៀបចំជំនួបសំណេះសំណាល នាពេលនេះ ព្រមទាំបានបញ្ជាក់ថាការសំណេះសំណាលនេះ ព្រមទាំង បានបន្ថែមថា «ខ្មែរយើងរស់នៅក្រៅប្រទេសតែងចង់ដឹងអំពីស្ថានភាពប្រទេសកម្ពុជា ដោយចង់ដឹងផ្ទាល់ពីនាយករដ្ឋមន្រ្តី ដែលវប្បធម៌នេះ មានតាំងពីអំឡុងសម្តេចតេជោ កាន់តំណែងជានាយករដ្ឋមន្រ្តីផងដែរ»។ 
     សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា «វត្តមានរបស់សម្តេចនៅអឺរ៉ុប រយៈពេល ៦ថ្ងៃនេះ គឺដើម្បីចូលរួមកិច្ចប្រជុំនៅដាវ៉ូស និងទស្សនកិច្ចនៅប្រទេសបារាំង ដោយសម្តេចមានកម្មវិធីប្រជុំប្រមាណ ៤០ ហើយពេលខ្លះ សូម្បីតែម៉ោងបាយ ក៏ត្រូវធ្វើឡើងនៅលើយន្តហោះដែរ» ។ 
    សម្តេចធិបតី បញ្ជាក់ថា «កម្មវិធីច្រើនហើយមមាញឹកបែបនេះ មិនមែនដោយសារជំនួយការនោះទេ តែដោយសារការសម្រេចចិត្តរបស់សម្តេចផ្ទាល់តែម្តង ពីព្រោះថា បើជំនួបរបស់សម្តេចជាមួយដៃគូអន្តរជាតិ ត្រឹម១៥នាទី អាចទាក់ទាញការវិនិយោគរបស់ពួកគាត់នៅកម្ពុជា នោះសម្តេចត្រូវតែចំណាយពេលជួបដោយមិនខ្វល់ពីការនឿយហត់ហើយវត្តមានរបស់សម្តេចនៅក្រៅប្រទេសនាពេលនេះ គឺជាការដើរគាស់ទ្វារអ្នកធុរកិច្ចដើម្បីវិនិយោគនៅកម្ពុជា ជាពិសេសក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក នៅស្វីស លើកនេះ»។ 
    សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ផងដែរថាៈ ទស្សនកិច្ចផ្លូវការរបស់សម្តេចនៅប្រទេសបារាំង មានលក្ខណៈពិសេស ដោយសារប្រធានាធិបតីបារាំង ជាអ្នកចេញលិខិតអញ្ជើញ ព្រោះធម្មតា គឺមានសមភាគីការទូត គឺបើនាយករដ្ឋមន្រ្តី ត្រូវអញ្ជើញដោយនាយករដ្ឋមន្រ្តី។ ហើយនៅឆ្នាំ២០២៦ខាងមុខនេះ  កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះហ្វ្រង់ហ្វូកូនី ខណៈដែលកម្ពុជា បានដាក់ជាបេក្ខជនរួចហើយ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចោទសួរទៅអ្នកដែលចេញសារចង់ឱ្យរដ្ឋាភិបាលបារាំង មិនទុកចិត្តលើរដ្ឋាភិបាលកម្ពុជា តើចំណេញអ្វីដល់ជាតិ? 
    សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា អ្នកនយោបាយចាស់វស្សា លែងហ៊ានរិះគន់សម្តេចថា «ជាអ្នកនយោបាយមិនទាន់ជ្រុះពន្លៃពីក្បាល» ទៀតនោះទេ ព្រោះប្រធានាធិបតីបារាំង មានអាយុប្អូនសម្តេចប៉ុន្មានខែទៅទៀត ព្រមទាំងបានប្រាប់ទៅអ្នកនយោបាយចាស់វស្សា ដែលកំពុងរស់នៅប្រទេសបារាំង ហើយមានសញ្ជាតិពីរ គួរតែអបអរសាទរដល់ទំនាក់ទំនងរវាងរដ្ឋាភិបាលកម្ពុជា និងបារាំងពេលនេះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត មិនបន់ឱ្យអ្នកនយោបាយនោះស្រលាញ់សម្តេច ឬឈប់រិះគន់នោះទេ ប៉ុន្តែគួរតែគិតថា នៅពេលណាដែលមានផលប្រយោជន៍ជាតិរួម យើងកុំធ្វើឱ្យប៉ះពាល់។ 
    សម្តេចធិបតី នាយករដ្ឋមន្ត្រី បញ្ជាក់ថា «បើប្រជាជនមិនជឿទុកចិត្តលើការបោះឆ្នោត ក៏ពួកគាត់មិនទៅបោះឆ្នោតយ៉ាងច្រើនលើសលប់នៅការឆ្នោតឆ្នាំ២០២៣នោះដែរ ហើយពេលនោះដែរគឺប្រជាពលរដ្ឋដើរកម្សាន្តគគ្រឹកគគ្រេង គឺបញ្ជាក់អំពីភាពជឿជាក់ទៅលើស្ថិរភាពនៅកម្ពុជា»។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខ្មែរ និងខ្មែរនៅអឺរ៉ុប ដែលបានទៅបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា។ 
ពាក់ព័ន្ធការផ្ទេរអំណាចនៅដើមអាណត្តិទី៧នេះ ក៏បានធ្វើឱ្យសម្តេចធិបតី មានការភ្ញាក់ផ្អើលផងដែរ នេះក៏ដោយសារលទ្ធផល នៃការបោះឆ្នោត ដែលមានប្រជាពលរដ្ឋបោះជូនគណបក្សប្រជាជនកម្ពុជា ច្រើនជាងអាណត្តិកន្លងទៅ ហើយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា «ការផ្ទេរអំណាចដល់យុវជនបន្តវេន គឺថ្នាក់ដឹកនាំជំនាន់មុនចង់ឃើញការថែរក្សាសមិទ្ធផលរបស់ពួកគាត់ រយៈពេល ៤០ឆ្នាំកន្លងមក បន្តទៅមុខទៀតជាមួយស្ថិរភាព»។
    សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថាៈ  ៤២ខែ ចាប់តាំងពីឆ្នាំ២០២០ ការឧបត្ថម្ភសាច់ប្រាក់ រាជរដ្ឋាភិបាល បានចំណាយអស់ជិត ១ ៣០០លានដុល្លារអាមេរិក ដែលជួយដល់ប្រជាពលរដ្ឋប្រមាណ ៧ម៉ឺនគ្រួសារ និងខណៈដែលពិភពលោកមានបញ្ហា ២ផ្ទួនគ្នា ដោយជួបជាមួយជំងឺរាតត្បាត និងបញ្ហាសេដ្ឋកិច្ច ដោយសារតែសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន ហើយបន្តដល់សង្គ្រាមនៅមជ្ឈឹមបូព៌ា ហើយចាប់តាំងពីឆ្នាំ២០២២មក រដ្ឋបានជួយប្រជាពលរដ្ឋប្រមាណ ៤០ម៉ឺនគ្រួសារផ្សេងទៀត ដែលប៉ះពាល់ដោយសារអតិផរណា។
   សម្តេចធិបតី នាយករដ្ឋមន្ត្រី បានលើកឡើងគោលនយោបាយរបស់កម្ពុជា គឺធ្វើយ៉ាងណាឱ្យកម្ពុជាអាចរស់ដោយខ្លួនឯង ពិសេសគោលដៅរបស់រដ្ឋាភិបាលថ្មី គឺធ្វើយ៉ាងណាត្រូវឱ្យអត្រាក្រីក្រ ធ្លាក់ចុះនៅក្រោម ១០ភាគរយ តាមរយៈគោលនយោបាយបញ្ចកោណ និងត្រូវធ្វើឱ្យប្រទេសកម្ពុជា មានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងក្លាយជាប្រទេសអ្នកមានឆ្នាំ២០៥០។ 
ពាក់ព័ន្ធនឹងការចំណាកស្រុក របស់ប្រជាពលរដ្ឋ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានចោទសួរថា តើប្រទេសណាដែលមិនមានប្រជាពលរដ្ឋចំណាកស្រុក? ការចរចារពាណិជ្ចកម្មសេរី គឺដើម្បីចល័តមនុស្ស ការប៉ះប៉ូវគ្នាទៅវិញទៅមក ទន្ទឹមនឹងនេះនៅក្នុងប្រទេសវិញ ក៏យើងត្រូវការបង្កើតការងារឱ្យបានច្រើន ប៉ុន្តែក៏យើងមិនបិទសិទ្ធិ ប្រជាពលរដ្ឋទៅធ្វើការនៅក្រៅប្រទេសនោះដែរ។ 
    សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបានបញ្ជាក់ថាៈ  ផលប្រយោជន៍ដែលកើតឡើងដោយការខិតខំរបស់រាជរដ្ឋាភិបាល នឹងបែងចែកស្មើគ្នាទៅដល់ប្រជាពលរដ្ឋ មិនមែនមនុស្សមួយក្រុមដូចការចោទប្រកាន់នោះទេ ហើយប្រជាពលរដ្ឋជាច្រើននាពេលបច្ចុប្បន្ន មានលទ្ធភាព ទិញរថយន្ត និងទិញផ្ទះប្រើប្រាស់។  រាជរដ្ឋាភិបាល មិនច្របាច់កប្រជាពលរដ្ឋនោះទេ ខណៈដែលកន្លងទៅមានការវាយប្រហារថា រាជរដ្ឋាភិបាលបន្ថែមពន្ធថ្មី។ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានបន្ថែមថា កន្លងទៅរាជរដ្ឋាភិបាល បានរក្សាលំនឹងតម្លៃអគ្គិសនី សុខចិត្តខាត ដោយមិនបានដំឡើង ដូចប្រទេសដទៃនោះទេ។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ផងដែរនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ គឺបានចំណាយថវិកា ដើម្បីឱ្យប្រជាពលរដ្ឋ ទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈ១លាន៥សែននាក់។
    សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរថា ឆ្នាំ២០២៤នេះ សម្តេចនឹងមិនឱ្យរើសមន្រ្តីថ្មីនោះទេ ហើយមួយវិញទៀត កងកម្លាំងប្រដាប់អាវុធ ទាំងទាហាន និងប៉ូលិស បើមានប្រើប្រាស់គ្រឿងញៀន ត្រូវតែបណ្តេញចេញពីក្របខណ្ឌ។ សម្តេចធិបតី ក៏មិនជឿថា មន្រ្តីរាជរដ្ឋាភិបាល ល្អទាំងអស់នោះទេ ដូច្នេះហើយ បានត្រូវមានអភិក្រមទាំង៥ ហើយការដែលដកអភិបាលក្រុងកែប ដោយសារតែការរំលោភអំណាច គឺជាការអនុវត្តអភិក្រមទី៥។
    សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី  បានអំពាវនាវឱ្យជនរួមជាតិ រួមគ្នាកសាងសមិទ្ធផលជាតិ និងសុខសន្តិភាព កុំឱ្យមានសង្គ្រាមកើតឡើងជាថ្មី និងបានបញ្ជាក់ថា «ទិវាសន្តិភាព គឺសម្រាប់ប្រជាពលរដ្ឋខ្មែរទាំងឡាយណា ដែលស្រលាញ់សន្តិភាព និងស្អប់សង្គ្រាម ហើយត្រកូល ហ៊ុន ក៏ជាអ្នកស្រលាញ់សន្តិភាព និងស្អប់សង្គ្រាមដែរ»៕