ភ្នំពេញ៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារថ្មីនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងពិធីប្រគល់សញ្ញាបត្រដល់សិស្សចៅក្រម ក្រឡាបញ្ជី អាជ្ញាសាលា និងសិស្សសារការី នៅតំបន់ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រំឭកដល់មន្ត្រីតុលាការទាំងអស់ ត្រូវប្រកាន់យកនូវគុណធម៌មិនលម្អៀង និងយុត្តិធម៌។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងក្រើនរំលឹកដល់តុលាការថា "នៅពេលជម្រះក្ដីក្តាំណាមួយកើតឡើងអ្វីដែលសំខាន់ត្រូវតែប្រកាន់យកគុណធម៌ ធ្វើម៉េចកាត់ក្តីមិនលម្អៀង ហើយស្រាវជ្រាវឲ្យបានហ្មត់ចត់ និងយុត្តិធម៌ មិនត្រូវប្រកាន់ថាអ្នកមាន អ្នកក្រ ឬអ្នកមានអ្នកអំណាចនោះ ត្រូវតែអនុវត្តឲ្យស្មើរភាពគ្នាចំពោះមុខច្បាប់"។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ធ្វើម៉េចកុំឲ្យមានដូចពាក្យគេថា "ឲ្យតែអ្នកមាន គឺឈ្នះក្តីទាំងអស់ កុំឲ្យមានភាសារហ្នឹងឲ្យសោះ" ប៉ុន្តែទោះយ៉ាងណាក៏ដោយ មិនថាមាន អ្នក្រក៏ដោយត្រូវទទួលបានយុត្តិធម៌ទាំងអស់។ សម្តេចតេជោ ហ៊ុន សែនបន្ថែមថា "អ្នកខ្លះឲ្យតែឃើញអ្នកមានឈ្នះក្តី អ្នកមានអ្នកខុសតែម្តង។ ឯអ្នកខ្លះទៀតថា ឲ្យតែអ្នកក្រគិតថាត្រូវទាំងអស់វាមិនអញ្ចឹងទេ"។
សូមជម្រាបថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារថ្មី នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងពិធីប្រគល់សញ្ញាបត្រជូនដល់សិស្សចៅក្រម សិស្សក្រឡាបញ្ជី សិស្សអាជ្ញាសាលា និងសិស្សសារការី ដែលបានបញ្ចប់ការសិក្សានៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា សរុបចំនួន ១៨ ៣៥នាក់ ស្ថិតក្នុងខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃអង្គារ ៣រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ នេះ៕