ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យលេខ៨៧អនក្រ.បក ស្ដីពី និរាករណ៍អនុក្រឹត្យលេខ៤៧ អនក្រ.បក ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ដីពី ការកំណត់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ ដោយសារតែសត្វផ្សោតនៅតែមានងាប់ដោយសារជាប់ និងប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរាប់ពាន់គ្រួសារ។
នៅព្រឹកថ្ងៃទី២៧ មេសា ឆ្នាំ២០២៣ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២២ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ របស់សាលាភូមិន្ទរដ្ឋបាល(ERA) សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ពាក់ព័ន្ធនឹងអន្លង់ផ្សោតថា «ដើម្បីរក្សាសុវត្ថិភាពសម្រាប់សត្វផ្សោត និង ការជៀសវាងប៉ះពាល់នូវផលប្រយោជន៍ប្រជាពលរដ្ឋរាប់ពាន់គ្រួសារ រាជរដ្ឋាភិបាលនឹងលុបអនុក្រឹត្យថ្មីចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ និងទុកអោយអនុវត្តអនុក្រឹត្យចាស់ដែលចុះថ្ងៃទី២៥ ខែកញ្ញាឆ្នាំ២០១២ ជាពិសេសត្រូវពង្រឹងការគ្រប់គ្រងមិនអនុញ្ញាតឲ្យប្រើប្រាស់នៅមងក្រឡាធំ និងការប្រើឧបករណ៍ឆក់ត្រី»។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ពាក់ព័ន្ធរឿងអន្លង់ផ្សោយដែលគ្របដណ្តប់មួយផ្នែកខេត្តក្រចេះ និងមួយផ្នែកទៀត ខេត្តស្ទឹងត្រែង ដោយសារសត្វផ្សោតបានស្លាប់ជាបន្តបន្ទាប់ដោយសារការជាប់មង នៅពេលដែលសម្តេចអញ្ជើញទៅបើកការដ្ឋានស្ពានឆ្លងកាត់ទន្លេមេគង្គ ក្នុងខេត្តក្រចេះ ពេលនោះសម្តេចបានផ្តលអនុសាសន៍ឱ្យរៀបចំតំបន់ស្នួលហើយហាមឃាត់មិនអនុញ្ញាឱ្យនេសាទដោយមង ប៉ុន្តែក្រោយពេលដាក់ឱ្យអនុវត្តក្នុងខែកុម្ភៈក៏នៅតែមានសត្វផ្សោតងាប់ដដែលជាមួយគ្នាផលប៉ះពាល់ដល់អ្នកនេសាទរាប់ពាន់គ្រួសារ»។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់ជម្រើសចំនួន០៥ ត្រូវបានជ្រើសរើសយកជម្រើសទី១ គឺសម្រេចលប់ចោលអនុក្រិត្យថ្មី និងបន្តអនុវត្តអនុក្រិត្យចាស់ ប៉ុន្តែត្រូវពង្រឹងការគ្រប់គ្រងមិនអនុញ្ញាតឲ្យប្រើប្រាស់នៅមងក្រឡាធំ និងការប្រើឧបករណ៍ឆក់ត្រី»៕