2023-12-04 11:12
481

កែប៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា «ការលើកកិត្តិនាមរបស់ប្រទេសជាតិ ក៏ជាក្បាលតួនាទីមួយសំខាន់តាមរយៈទេសចរណ៍នេះ»។ ការលើកឡើងបែបនេះ របស់សម្តេចធិបតីធ្វើឡើងនាយប់ ថ្ងៃអាទិត្យ ទី០៣ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញចូលរួមបិទពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣ នៅខេត្តកែប។
    សូមជម្រាបថា ការរៀបចំពិធីបុណ្យសមុទ្រ លើកទី១០ ជុំទី៣ ឆ្នាំ២០២៣ ក្រោមប្រធានបទ «ទាំងអស់គ្នាដើម្បីទេសចរណ៍នៅខេត្តកែប» គឺអនុវត្តស្របតាមផែកការមេទេសចរខេត្តកែប ឆ្នាំ២០២៣-២០៣៥ ដែលរដ្ឋាភិបាលបានអនុម័តកាលពីថ្ងៃទី១៤ ខែកក្តដា ឆ្នាំ២០២៣ កន្លងទៅនេះ។ 
   សម្តេចធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងទៀតថា  «ពិតណាស់រាជរដ្ឋាភិបាល, ក្រសួងទេសចរណ៍, ក្រសួងពាណិជ្ជកម្ម បានធ្វើការផ្សព្វផ្សាយ និងពិពណ៌ផ្សេងៗជាច្រើននៅក្រៅប្រទេសមានប្រជាជនបរទេសជាច្រើនបានស្គាល់ស្តង់របស់កម្ពុជា ប៉ុន្តែដូចពាក្យខ្មែរពោលថា [ឮ១០០ដងមិនស្មើឃើញម្តង] អញ្ចឹងការអូសទាញភ្ញៀវទេសចរមកពីក្រៅប្រទេស ឬមួយទាញទេសចរពីខេត្តផ្សេងមកកាន់ខេត្តកែប ឬទាញពីខេត្តផ្សេងៗទៀតដូចជាទៅខាងភូមិភាគឦសានជាដើម»។

   សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ការលើកកិត្តនាមរបស់ប្រទេសជាតិ ត្រូវបង្កើនការចាប់អារម្មណ៍ ក៏ដូចជាភាពជឿជាក់របស់ប្រជាពលរដ្ឋ ជាពិសេសស្ថានភាព ដូចជាប្រទេសកម្ពុជាដែលប្រវត្តិសាស្ត្រជាប្រទេសកើតសង្គ្រាម ជាប្រទេសអស្ថេរភាព ហើយនៅក្រៅប្រទេសភាគច្រើន បើ   និយាយពីកម្ពុជា គឺភ្ជាប់សង្គ្រាម នៅវៀតណាម»។

   សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ពីមុននិយាយពីកម្ពុជាបរទេសមិនស្គាល់ទេ ប៉ុន្តែបើនិយាយពី ប៉ុល ពត គេស្គាល់ រហូតដល់សព្វថ្ងៃមិនអញ្ចឹងទេ បរទេសស្គាល់កម្ពុជា ភាគច្រើននិយាយអំពីអង្គវត្តមុនគេ ដោយសារការផ្សព្វផ្សាយ និងសំខាន់បំផុតភ្ញៀវទេសចរមកកម្សាន្តនៅកម្ពុជា ហើយត្រឡប់ទៅវិញបានឃោសនាបន្តពីមាត់ទៅមាត់មួយតែម្តង»។

   សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ចំពោះសក្ដានុពលវិស័យទេសចរណ៍សម្រាប់សេដ្ឋកិច្ចសំខាន់ណាស់ធ្វើឲ្យមានកំណើនសេដ្ឋកិច្ច បង្កើតការងារជូនប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋលើពិភពលោកជាប្រទេសមានវប្បធម៌ខ្ពស់ខ្ពស់ អរិយធម៌រុងរឿង ប្រវត្តិសាស្ត្រយូអង្វែង ទាក់ទាញទាំងទេសចរណ៍ និងការវិនិយោគផ្សេងៗ»៕