ប៉ារីស៖ កម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង (ហ្វ្រង់កូហ្វូនី) លើកទី២០ នៅឆ្នាំ២០២៦។ ការសម្រេចអំពីបេក្ខភាពរបស់កម្ពុជានេះត្រូវបានប្រកាសនាអំឡុងកិច្ចប្រជុំកំពូលលើកទី១៩ ឆ្នាំ២០២៤ នៅប្រទេសបារាំង។
សូមជម្រាបថា នៅវេលារសៀល ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៤ កន្លងទៅ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យស្តេចយាងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៩ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី០៤ ដល់ ទី០៥ ខែតុលា ឆ្នាំ២០២៤ នៅ Villers-Cotterêts និងនៅទីក្រុងប៉ារីស ប្រទេសបារាំង។
ដំណើរយាងរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នាឱកាសនោះដ៏វិសេសវិសាលនោះ ព្រះអង្គសព្វព្រះរាជហឬទ័យ ស្តេចយាងជួបសវនាការជាមួយ ឯកឧត្តម Emmanuel Macron នៅវេលាម៉ោង ១២ថ្ងៃត្រង់ម៉ោងនៅសាធារណរដ្ឋបារាំង ត្រូវនឹងម៉ោង៥ល្ងាចម៉ោងនៅប្រទេសកម្ពុជា នៅវិមានប្រធានាធិបតីបារាំងអេលីហ្សេ ដោយមានថ្វាយនូវការរៀបចំ ព្រះរាជពិធីទទួលព្រះរាជវន្ទនកិច្ចស្វាគមន៍ជាផ្លូវការ ប្រកបដោយភាពខ្ពស់ខ្ពស់អធឹកអធម នូវខាងមុខវិមានប្រធានាធិបតី ដោយឯកឧត្តម Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង។
ក្នុងឱកាសដ៏ប្រពៃនោះ ឯកឧត្តម Emmauel Macron បានថ្វាយព្រះពរស្វាគមន៍ប្រកបដោយ ភាពខ្ពង់ខ្ពស់ថ្វាយ ចំពោះព្រះរាជវត្តមានដ៏ថ្លៃថ្លា នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បួង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចនឹងយាងចូលរួមជាមហាកិត្តិយស ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៩ ក្រោមមូលបទ «ការបង្កើតថ្មី នវានុវត្តន៍ និងសហគ្រិនភាពជាភាសាបារាំង» នាពេលនេះ។
ព្រះកុរណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យ ថ្លែងអំណរគុណចំពោះប្រជាជាតិបារាំង ដែលបានដើរតួនាទីសំខាន់ក្នុងកិច្ចសហប្រតិបតិ្តការនៃការអនុវត្តន៍គម្រោងលើកស្ទួយការបង្រៀនភាសាបារាំង ការលើកតម្កើងវិស័យវប្បធម៌កម្ពុជា ក្នុងបំណងជួយជំរុញឲ្យកម្ពុជាមានសកម្មភាពកាន់តែខ្លាំងក្លាថែមទៀតនូវទំនាក់ទំនងរវាងកម្ពុជា និងអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី។
សូមបញ្ជាក់ថា នាល្ងាចថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤នេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គសព្វព្រះរាជហឫទ័យយាងចូលរួម និងថ្លែងព្រះរាជសុន្ទរកថា នៅក្នុងពិធីបិទកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី១៩ ដែលប្រព្រឹត្តទៅនៅទីក្រុងប៉ារីស ប្រទេសបារាំង។
នៅក្នុងពិធីបិទកិច្ចប្រជុំកំពូលលើកទី១៩នេះក៏មានការប្រកាសជាផ្លូវការអំពីព្រះរាជាណាចក្រកម្ពុជា ទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅក្នុងឆ្នាំ២០២៦ ផងដែរ៕