2023-12-27 06:12
503

នារសៀលថ្ងៃអង្គារ ១៤កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យឯកឧត្តម ង្វៀន ហ៊ុយតាំង (NGUYEN HUY TANG) ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម ពិក្សាការងារ និងបន្តកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ ផងដែរ នៅទីស្តីការក្រសួងមហាផ្ទៃ។
   ជាកិច្ចចាប់ផ្តើម ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម ង្វៀន ហ៊ុយតាំង បានបង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំដូចគ្នាថាទំនាក់ទំនងកម្ពុជា-វៀតណាម នឹងកាន់តែត្រូវបានពង្រឹង និងពង្រីកខ្លាំងក្លាថែមទៀត ដើម្បីបម្រើឧត្តមប្រយោជន៍រួមទៅវិញទៅមកសម្រាប់ជាតិ និងប្រជាជននៃប្រទេសទាំងពីរ។
   ក្នុងជំនួបនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត បានថ្លែងអំណរគុណចំពោះ ឯកឧត្តម ឯកអគ្គរដ្ឋទូតវៀតណាម ដែលតែងយកចិត្តទុកដាក់ដល់ការលើកកម្ពស់ទំនាក់ទំនង នៃប្រទេសទាំងពីរ ព្រមទាំងបានដើរតួនាទីយ៉ាងសកម្មក្នុងការជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសវិស័យនយោបាយ ពាណិជ្ជកម្ម វិនិយោគ អប់រំ ទេសចរណ៍ រវាងកម្ពុជា និងវៀតណាម។
   ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនាក់ទំនងដ៏ល្អរវាងកងកម្លាំងអនុវត្តច្បាប់ ដែលតែងផ្តល់កិច្ចសហការ និងគាំទ្រគ្នាទៅវិញទៅមក ជាពិសេស ការផ្លាស់ប្តូរព័ត៌មានអំពីសភាពការណ៍សន្តិសុខ និងដោះស្រាយបញ្ហាផ្សេងៗ ដែលកើតមានឡើងតាមព្រំដែន រួមចំណែករក្សាសន្តិសុខ ស្ថេរភាព និងសុវត្ថិភាពសង្គម និងបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។
   ជាមួយគ្នានេះ ភាគីទាំងពីរក៏បានចូលរួមអបអរសាទរចំពោះលទ្ធផលប្រកបដោយផ្លែផ្កា នៃដំណើរទស្សនកិច្ចផ្លូវការ និងលទ្ធផលនៃជំនួបពិភាក្សាការងាររវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងបណ្តាថ្នាក់ដឹកនាំវៀតណាម ក្នុងឱកាសសម្តេចធិបតី អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅរដ្ឋធានីហាណូយ នាពេលកន្លងទៅថ្មីៗនេះផងដែរ៕