2024-04-24 08:04
424

ភ្នំពេញ៖ ក្នុងជំនួបថ្នាក់ដឹកនាំកំពូលនៃគណបក្សប្រជាជនកម្ពុជា និងគណបក្សប្រជាជនបដិវត្តន៍ឡាវ នៅថ្ងៃទី២៤ ខែមដសា ឆ្នាំ២០២៤ នេះ កម្ពុជាគាំទ្រយ៉ាងពេញទំហឹងចំពោះតួនាទីជាប្រធានអាស៊ាន និងជាប្រធានអន្តរសភាអាស៊ាន នៅឆ្នាំ២០២៤ របស់ភាគីមិត្តឡាវ។ នេះជាការលើកឡើង របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងជួបប្រជុំកំពូល លើកទី១៤ ជាមួយឯកឧត្តម ថងលូន ស៊ីសូលីត អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិម និងជាប្រធានរដ្ឋឡាវ នៅរាជធានីភ្នំពេញ។កិច្ចប្រជុំបានប្រព្រឹត្តទៅក្នុងបរិយាកាសកក់ក្តៅ ស្និទ្ធស្នាល យោគយល់គ្នា និងក្នុងស្មារតីជឿទុកចិត្តគ្នា ដើម្បីបន្តពូនជ្រុំនូវចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាង គណបក្ស និងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ និងប្រកបដោយផ្លែផ្កា។ភាគីទាំងពីរបានវាយតម្លៃខ្ពស់ និងសម្តែងនូវការអបអរសាទរយ៉ាងក្រៃលែងចំពោះការរីកចម្រើន ឥតឈប់ឈរនៃចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលបានលើកកម្ពស់ដល់កម្រិត ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងគង់វង្សយូរអង្វែង។ភាគីទាំងពីរបានជូនព័ត៌មានគ្នាទៅវិញទៅមកអំពីសភាពការណ៍រួមនៅក្នុងតំបន់ និងអន្តរជាតិ សភាពការណ៍លេចធ្លោនៃគណបក្ស និងប្រទេសនីមួយៗ ទំនាក់ទំនងទ្វេភាគីនិងកិច្ចសហប្រតិបត្តិការ ក្នុង ក្របខណ្ឌតំបន់និងអន្តរជាតិ ព្រមទាំងទិសដៅនៃកិច្ចសហប្រតិបត្តិការរវាងគណបក្សទាំងពីរ។
    សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ ឯកឧត្តមអគ្គលេខាធិការបក្ស និងថ្នាក់ដឹកនាំឡាវទាំងអស់ ដែលបានផ្ញើសារអបអរសាទរដល់គណបក្សប្រជាជនកម្ពុជា ដែលបានទទួលជ័យជំនះក្នុងការបោះឆ្នោត ព្រឹទ្ធសភា និងអបអរសាទរដល់សម្តេចតេជោ ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានព្រឹទ្ធសភា នីតិកាលទី៥។
ភាគីកម្ពុជាគាំទ្រយ៉ាងពេញទំហឹងចំពោះតួនាទីជាប្រធានអាស៊ាន និងជាប្រធានអន្តរសភាអាស៊ាន នៅឆ្នាំ២០២៤ របស់ភាគីមិត្តឡាវ និងបានអញ្ជើញភាគីឡាវដឹកនាំ គណៈប្រតិភូជាន់ខ្ពស់ឡាវចូលរួមនៅ ក្នុងកិច្ចប្រជុំកំពូល លើកទី១២ នៃកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV) កិច្ចប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) មហាសន្និបាត លើកទី១២ នៃសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) ក្រុមប្រឹក្សាវប្បធម៌អាស៊ីលើកទី៣ (ACC) និងកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកគ្មានមីន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០២៤ នេះផងដែរ។ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការចាត់តាំងអនុវត្តស្មារតីនៃកិច្ចប្រជុំកំពូល លើកទី១៣ រវាងគណបក្សទាំងពីរ នៅរដ្ឋធានីវៀងចន្ទន៍ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលបានរួមចំណែក យ៉ាងធំធេងដល់ការលើកកម្ពស់ចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណីដ៏ល្អ និងកិច្ចសហប្រតិបត្តិការ និងការជួយគាំទ្រគ្នាទៅវិញទៅមករវាងគណបក្ស សភា រដ្ឋាភិបាល និងអង្គការមហាជននៃប្រទេសទាំងពីរ ក៏ដូចជារវាងអាជ្ញាធរមូលដ្ឋាននៅតាមព្រំដែននៃប្រទេសទាំងពីរ ដើម្បីបុព្វហេតុការពារនិងអភិវឌ្ឍន៍ប្រទេស នីមួយៗ ដើម្បីលើកកម្ពស់តួនាទីប្រទេសទាំងពីរនៅក្នុងតំបន់ និងអន្តរជាតិ។ ភាគីទាំងពីរបានឯកភាពខ្ពស់ក្នុងការបន្តពង្រឹងពង្រីកនូវទំនាក់ទំនងមិត្តភាព សាមគ្គីភាព និង កិច្ចសហប្រតិបត្តិការរវាងគណបក្សទាំងពីរ និងប្រទេសទាំងពីរ ក៏ដូចប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម ដើម្បីឧត្តមប្រយោជន៍ជាតិនៃប្រទេសទាំងបី និងប្រជាជននៃប្រទេសនីមួយៗ រួមចំណែកដល់បុព្វហេតុ សន្តិភាព ស្ថិរភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅអនុតំបន់ទន្លេមេគង្គ ព្រមទាំងក្នុង តំបន់ និងពិភពលោក។
ភាគីទាំងពីរបានឯកភាពជួបប្រជុំកំពូលលើកទី១៥ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាឆ្នាំ២០២៥ផងដែរ៕