2023-07-09 02:07
639


ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត ខណៈពេលការបោះឆ្នោតកាន់ឈានចូលជិតមកដល់ បានទទួលរងនូវការវាយប្រហារ ក្នុងគោលបំណងបង្អាក់ដំណើរពីសំណាក់មនុស្សក្រុម ប៉ុន្តែលោកបានចាត់ទុកថា ឧបសគ្គ និងបញ្ហាប្រឈមមានពីរ គឺ «កត្តាទីលាន ,ឧបសគ្គ និងកត្តាមនុស្ស»។


   បេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត បានបញ្ចេញនូវទស្សនៈថា «បទពិសោធន៍មួយពីការហ្វឹកហ្វឺនយោធា ដែលអាចយកមកអនុវត្តនៅក្នុងការងារផ្សេងៗក្នុងជីវិត... »។ មានមិត្តមួយចំនួនបានប្រាប់ខ្ញុំថា «កាន់តែជិតដល់បោះឆ្នោត មានមនុស្សមួយក្រុមបានព្យាយាមកាន់តែសកម្មក្នុងការបង្កើត និងប្រឌិតរឿងប្លែកៗ ដើម្បីធ្វើការវាយប្រហារលើរូបខ្ញុំ ក្នុងគោលបំណងបង្អាក់ដំណើររបស់ខ្ញុំមិនអោយទៅមុខ រហូតដល់មានអ្នកខ្លះរៀបចំជាផែនការទប់ស្កាត់ជាចំហរ»។ 
   ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា «បញ្ហានេះនាំអោយខ្ញុំនឹកឃើញដល់ការហ្វឹកហ្វឺនមួយកាលពីខ្ញុំនៅជាសក្ខាកាមនិស្សិតនាយទាហាននៅសហរដ្ឋអាមេរិក គឺការហ្វឹកហ្វឺនឆ្លងកាត់ឧបសគ្គ ដែលតម្រូវអោយសិក្ខាកាមម្នាក់ៗដើរទៅរកគោលដៅមួយ ដោយដើរលើបង្គោលដែកដែលមានរយៈកំពស់ខ្ពស់មធ្យមពីលើផ្ទៃទឹក (ដូចក្នុងរូបថតភ្ចាប់ជាមួយ)»។ 
   ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជក់ថា សម្រាប់ឧបសគ្គនេះ បញ្ហាប្រឈមមានពីរគឺ៖ កត្តាទីលាន និងឧបសគ្គ និងកត្តាមនុស្ស។ 
-កត្តាទីលាននិងឧបសគ្គ៖ ១- បញ្ហាកំពស់ - ដោយឧបសគ្គនោះមានកំពស់ខ្ពស់ មធ្យម ដែលអាចអោយយោធិនខ្លះដែលខ្លាចទីខ្ពស់មានអារម្មណ៍ភិតភ័យមិនហ៊ានដើរឆ្លងកាត់ និង២- បញ្ហាលំនឹង - បង្គោលដែកដែលធ្វើជាស្ពានសម្រាប់សិម្ខាកាមដើរឆ្លងនោះមិនមានលំនឹងល្អទេ។ ពេលដែលសិក្ខាកាមដើរឆ្លងកាត់លើវា គឺវាចាប់ផ្តើមញ័រ ហើយបើការដើរនោះមានការយឺតយ៉ាវ (មិនលះ) ឬសិក្ខាកាមមានអារម្មណ៍ភ័យញ័រខ្លួននោះ នឹងធ្វើអោយបង្គោលដែកនោះញ័រតែខ្លាំងដែលបង្កជាឧបសគ្គកាន់តែខ្លាំងសម្រាប់ការដើរទៅមុខទៀត។ 
- កត្តាមនុស្ស - បន្ថែមពីលើកត្តាទីលានឧបសគ្គ ក៏មានបញ្ហាដែលបង្កើតដោយមនុស្សទៀត ពោលគឺក្រុមគ្រូ ដែលអាចស្រែកដាក់ទៅសិក្ខាកាម ក្នុងគោលបំណងអោយសិក្ខាដែលកំពុងដើរលើបង្គោលបែកអារម្មណ៍ ឬក៏អាចពេលខ្លះលោតតន្រ្តំធ្វើយ៉ាងណាអោយបង្គោលដែកដែលសិក្ខាកាមត្រូវដើរឆ្លងកាន់ញ័រខ្លាំង ដែលក្លាយជាឧបសគ្គកាន់តែខ្លាំងសម្រាប់សិក្ខាកាមឆ្លងកាត់ 
   ឯកឧត្តម បណ្ឌិត បានបន្ថែមថា ដើម្បីជោគជ័យ សិក្ខាកាមត្រូវ៖ 
   ១- ផ្តោតអារម្មណ៍ទៅលើគោលដៅដែលយើងត្រូវទៅនិងប្រមូលផ្តុំអារម្មណ៍អោយមូល ហើយដើរទៅមុខឆ្ពោះទៅរកគោលដៅនោះ ប្រកបដោយភាពជឿជាក់លើខ្លួនយើង និងកុំអោយមានភាពស្ទាក់ស្ទើរ ឬភ័យខ្លាចណាមួយ ទោះជាបង្គោលដែកនោះមានកម្ពស់ខ្ពស់ និងមិនមានលំនឹងល្អក៏ដោយ - ពោលគឺត្រូវដាក់ការសម្រេចគោលដៅជាធំ ជាជាងផ្តោតអារម្មណ៍ទៅលើបញ្ហាប្រឈមនានាដែលអាចបង្កជាឧបសគ្គក្នុងការដើរទៅមុខរបស់យើង។ 
   ២- កុំខ្វល់ពីក្រុមគ្រូ(ក្រុមមនុស្ស)ដែលខិតខំប្រឹងព្យាយាមបំបែកអារម្មណ៍យើងតាមរយៈការប្រើពាក្យសម្តីស្រែកដាក់យើង ឬខំប្រឹងលោតតន្រ្តំអោយបង្គោលដែកកាន់តែញ័រក្នុងគោលបំណងបង្កើតជាឧបសគ្គមិនអោយយើងដើរដល់គោលដៅរបស់យើងដោយជោគជ័យ។ 
សរុបសេចក្តីមកអ្វីៗ គឺស្ថិតនៅលើខ្លួនយើង ដើរដល់គោលដៅឬមិនដល់គោលដៅ គឺជាកាតព្វកិច្ចនិងការទទួលខុសត្រូវរបស់យើងតែម្នាក់គត់ មិនអាចដាក់បន្ទុកទៅលើកត្តា   បរិស្ថានជុំវិញ (ទីលាននិងឧបសគ្គ) ឬមនុស្សផ្សេង (ក្រុមគ្រូ) នោះទេ។ 
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត «ជាពិសេសកុំចាំបាច់ផ្តោតអារម្មណ៍ ឬអោយតម្លៃទៅលើអ្នកដែលព្យាយាមរារាំងមិនអោយយើងដើរដល់គោលដៅរបស់យើងធ្វើអ្វី ព្រោះពេលយើងដើរដល់គោលដៅរបស់យើងដោយជោគជ័យ អ្នកទាំងនោះនឹងបរាជ័យដោយស្វ័យប្រវត្តិ»៕