ភ្នំពេញ៖ លោក សម វឌ្ឍនា អតីតប្រធានគណបក្ស សម រង្ស៊ី ប្រចាំរដ្ឋកាលីហ្វ័រញ៉ា, អតីតប្រធានគណបក្សសង្គ្រោះជាតិ ប្រចាំរដ្ឋកាលីហ្វរ័ញ៉ា, ប្រធានទំនាក់ទំនងសាធារណៈ CNRPO (គណបក្សសង្គ្រោះជាតិ នាយសមុទ្រ) និងជាអ្នកគ្រប់គ្រងមជ្ឈមណ្ឌលបង្រៀនបន្ថែម នៅទីក្រុងស្តុកតុន រដ្ឋកាលីហ្វរញ៉ា និងភរិយា ជាម្ចាស់ភោជនីយ៏ដ្ឋានខ្មែរមួយមានឈ្មោះថា «បាយ័ន» នៅទីក្រុងស្តុកតុន បានស្នើសុំមកសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សូមចូលរួមជីវភាពនយោបាយជាមួយ។
បន្ទាប់ពីការផ្តេចខ្លួនចេញពីបក្សប្រឆាំង និងសំណើសុំចូលរួមជីវីភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជារបស់ មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងរូបនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះ បានបញ្ជាក់ស្វាគមន៍យ៉ាងដូច្នេះថា៖ «តាងនាមឲ្យគណបក្សប្រជាជនកម្ពុជា និងក្នុងនាមខ្លួនសម្តេចផ្ទាល់ សម្តេចតេជោសូមស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះ លោក សម វឌ្ឍនា ដែលបានសម្រេចចិត្តដ៏ក្លាហានចាកចោលក្រុមប្រឆាំងទាំងនៅក្រៅប្រទេសទាំងនៅក្នុងប្រទេសមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា និងគាំទ្ររាជរដ្ឋាភិបាលក្នុងការជីកព្រែកហ្វូណនតេជោ»។
លោកតាមលិខិតរបស់ លោក សម វឌ្ឍនា អតីតប្រធានគណបក្ស សម រង្ស៊ី ប្រចាំរដ្ឋកាលីហ្វ័រញ៉ា, អតីតប្រធាន គណបក្សសង្គ្រោះជាតិ ប្រចាំរដ្ឋកាលីហ្វរ័ញ៉ា, ប្រធានទំនាក់ទំនងសាធារណៈ CNRPO (គណបក្សសង្គ្រោះ ជាតិ នាយសមុទ្រ) និងជាអ្នកគ្រប់គ្រងមជ្ឈមណ្ឌលបង្រៀនបន្ថែម នៅទីក្រុងស្តុកតុន រដ្ឋកាលីហ្វរញ៉ា និងភរិយា ជាម្ចាស់ភោជនីយ៏ដ្ឋានខ្មែរមួយមានឈ្មោះថា «បាយ័ន» នៅទីក្រុងស្តុកតុន បានគោរពជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សំណើរសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
លោក សម វឌ្ឍនា បានជម្រាបជូនសម្តេចតេជោ យ៉ាងដូច្នេះថា៖ «ក្នុងរយះពេលជាង ២០ឆ្នាំ នៃជីវិតនយោបាយ និងឆ្លងកាត់វយ័ ៥៩ឆ្នាំ កន្លងមកនេះ លោកបានមើលឃើញយ៉ាងច្បាស់ថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលមានគោលនយោបាយច្បាស់លាស់ កម្លាំងនយោបាយរឹងមាំ និងមានចក្ខុវិសយ័នយោបាយវែងឆ្ងាយ ដើម្បីធានាស្ថេរភាពនយោបាយ និងធានាសន្តិភាពជាតិ ដើម្បីជាមូលដ្ឋានរឹងមាំក្នុងការបន្តអភិវឌ្ឍន៏សង្គម និងអភិវឌ្ឍន៏សេដ្ឋកិច្ចជាតិ របស់ប្រទេសកម្ពុជាឱ្យបានរីកចម្រើនរុងរឿងបន្តទៅមុខទៀត» អតីតប្រធានគណបក្ស សម រង្ស៊ី, អតីតប្រធាន គណបក្សសង្គ្រោះជាតិ ប្រចាំរដ្ឋកាលីហ្វរ័ញ៉ា បានបញ្ជាក់ក្នុងលិខិតរបស់ខ្លួនទៀតថា៖ «នាទីចុងក្រោយដែលធ្វើឱ្យលោកសម្រេចចិត្តសុំចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា និងគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ១០០% គឺដោយសារខ្លួនមិនពេញចិត្តទៅនិងមេដឹកនាំប្រឆាំងជ្រុលនិយម ដែលព្យាយាមប្រឆាំងទៅ និងគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាការប្រឆាំងបែបរារាំងទប់ស្កាត់ក្នុងគោលបំណងបំផ្លាញ់ផលប្រយោជន៍ជាតិ និងផលប្រយោជន៏ប្រជាពលរដ្ឋកម្ពុជា ក្នុងការទទួលផលបានពីគម្រោងព្រែកជីកហ្វូណនតេជោ ដែលលោកមិនអាចទទួលយកបាន»។
លោក សម វឌ្ឍនា បានស្នើសុំមកសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា មេត្តាពិនិត្យ និងអនុញ្ញាតិដល់រូបលោកបានចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីផ្តល់ឱកាសដល់ខ្លួនបានចូលរួមចំណែកបម្រើប្រទេសជាតិ ដោយក្ដីអនុគ្រោះ៕