2023-07-16 08:07
590


ភ្នំពេញ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានដឹកនាំមន្ត្រីក្រសួង អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពលោក ហង្ស ចក្រា ចាងហ្វាងគេហទំព័រខ្មែរម្ចាស់ស្រុក និងជាអនុប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣នេះ នៅគេហដ្ឋាន ផ្លូវលេខ៤៨ ផ្ទះលេខ ៣៤៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។


   សូមជម្រាបថា លោក ហង់ ចក្រា ចាងហ្វាងគេហទំព័រ ខ្មែរ ម្ចាស់ស្រុក នឹងជាអនុប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា បានទទួលមរណភាព នៅវេលា ម៉ោង ៥និង៣៨នាទី ព្រឹកថ្ងៃទី១៤ ខែកក្ដដា ឆ្នាំ២០២៣ កន្លងទៅ នៅមន្ទីពេទ្យកាលម៉ែត្រ ក្នុងជន្មាយុ ៦៩ឆ្នាំ ដោយរោគាពាធ។ សពលោក ហង្ស ចក្រា តម្កល់ធ្វើបុណ្យនៅគេហដ្ឋាន ផ្លូវលេខ៤៨ ផ្ទះលេខ៣៤៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកងរាជធានីភ្នំពេញ។
   នៅក្នុងឱកាសដ៏ក្រៀមក្រំនេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានធ្វើសារលិខិតចូលរួមរំលែកទុក្ខ ជូនចំពោះ លោកស្រី ស៊ុន សួគ៌ា ព្រមទាំងក្រុមគ្រួសារ ដោយបានគួសបញ្ជាក់ថា "ក្នុងនាមថ្នាក់ដឹកនាំ និងមន្ដ្រីរាជការ នៃក្រសួងព័ត៌មានទាំងអស់ ខ្ញុំពិតជាមានសេចក្តីរន្ធត់ក្រៀមកំក្នុងចិត្តឥតឧបមា ដោយបានទទួលដំណឹងថា លោក ហង្ស ចក្រា ដែល់ត្រូវជាស្វាមីរបស់លោកស្រីបានទទួលមរណភាពគួរអោយសោកស្តាយអាឡោះអាឡៃបំផុត"។ 
   ចំពោះមរណភាពរបស់លោក ហង្ស ចក្រា គឺជាការបាត់បង់នូវឧត្ដមស្វាមី ឪពុក ឪពុកក្មេក និងជាជីតា ប្រកបដោយព្រហ្មវិហារធម៌ ជាទីគោរពស្រឡាញ់បំផុតរបស់ក្រុមគ្រួសារទាំងអស់ ដែលជានិច្ចកាលតែងបាន យកអស់កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ក្នុងការចិញ្ចឹមបីបាច់ថែរក្សាផ្តល់នូវដំបូន្មានល្អៗ ដល់កូនចៅឱ្យបាន ក្លាយជាពលរដ្ឋល្អក្នុងសង្គម ហើយក៏ជាការបាត់បង់នូវធនធានមនុស្សដែលមានបទពិសោធន៍ជាច្រើនក្នុង វិស័យព័ត៌មាន ហើយតែងជួយចែករំលែកនូវពុទ្ធិដល់មិត្តរួមអាជីពសារព័ត៌មាន ព្រមទាំងអ្នកសារព័ត៌មាន ជំនាន់ក្រោយប្រកបដោយទឹកចិត្តល្អបរិសុទ្ធ។
   ក្នុងវេលាទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ សូមចូលរួមរំលែកនូវមរណទុក្ខ ជាមួយ លោកស្រី ដែលជាភរិយា ព្រមទាំងក្រុមគ្រួសារញាតិមិត្តជិតឆ្ងាយទាំងអស់ និងសូមបួងសួងឲ្យវិញ្ញាណក្ខន្ធរបស់ លោក ហង្ស ចក្រា ជាទីគោរពស្រលាញ់ បានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕