ភ្នំពេញ៖ អង្គមហាសន្និបាត «រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាលើកទី៦» បានដំណើរការអស់រយៈពេលមួយព្រឹក នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយស ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអធិបតីកិត្តិយសក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិ កម្ពុជា ដោយមានការយាង និមន្ត និងអញ្ជើញចូលរួមពីសំណាក់សម្តេចព្រះអគ្គមហាសង្ឃរាជទាំងពីរគណៈ សម្តេចព្រះសង្ឃនាយក សម្តេច ព្រះសង្ឃនាយករង ព្រះរាជាគណៈគ្រប់ឋានានុក្រម ថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំតាមបណ្តាក្រសួង-ស្ថាប័ន រាជធានី-ខេត្ត ព្រមទាំង តំណាងអង្គការ សមាគមនានាដែលជាសមាជិកក្រុមប្រឹក្សាជាតិរណសិរ្ស និងភ្ញៀវកិត្តិយស សរុបចំនួន ជាង ៥០០ អង្គ/នាក់។
អង្គមហាសន្និបាតទាំងមូល សូមសម្ដែងនូវគារវភក្តីភាព និងកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតថ្វាយ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត ន ព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ ខ្ពង់ខ្ពស់បំផុត និងសូមថ្វាយព្រះរាជសព្វសាធុការពរ បវរមហាប្រសើរ សូមព្រះអង្គមានព្រះរាជសុខភាព ល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ដើម្បីបានគង់នៅជាម្លប់ ត្រជាក់ត្រជុំរបស់រាស្ត្រជាកូន ជាចៅ ចៅទួតរបស់ព្រះអង្គ យូរអង្វែងតរៀងទៅ។
អង្គមហាសន្និបាត ក៏សូមសម្តែងនូវការដឹងគុណ ចំពោះបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេស ដែលជានិច្ចកាលតែងគាំទ្រនូវបុព្វហេតុ នៃការកសាងកម្លាំងមហាសាមគ្គីជាតិ ឯកភាពជាតិរឹងមាំ ការបង្រួបបង្រួមជាតិ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា និងបានចូលរួមវិភាគទាន កសាងមាតុប្រទេសគ្រប់ដំណាក់កាល ឲ្យមានការអភិវឌ្ឍរីកចម្រើនដូចបច្ចុប្បន្ននេះ។ អង្គមហាសន្និបាត សូមវាយតម្លៃខ្ពស់ចំពោះបូជនីយកិច្ចគ្រប់យ៉ាងរបស់សមាជិក សមាជិកាក្រុមប្រឹក្សាជាតិរណសិរ្សគ្រប់រូប និងរណសិរ្សគ្រប់ថ្នាក់ ដែលបានបំពេញកាតព្វកិច្ចក្នុងការងារចលនាមហាជន ចុះជាប់ជិតស្និទ្ធជាមួយប្រជាជនដឹងសុខទុក្ខក្នុងជីវភាពរស់នៅ និងសំណូមពររបស់ប្រជាជន និងជួយដោះស្រាយនូវរាល់បញ្ហានានា តាមលទ្ធភាពជាក់ស្តែងជូនប្រជាជនបានទាន់ពេលវេលា។
ក្នុងស្មារតីសាមគ្គីភាពជាភាតរៈ អង្គមហាសន្និបាតបានបំពេញការងារដោយជោគជ័យតាម របៀបវារៈដែលបានកំណត់ និងសូមដាក់ចេញនូវសេចក្តីសម្រេចចិត្ត ដូចខាងក្រោម៖
១- អង្គមហាសន្និបាត បានឯកភាពទាំងស្រុងលើរបាយការណ៍ និងការវាយតម្លៃនូវលទ្ធផលន សកម្មភាពការងាររបស់រណសិរ្សគ្រប់ថ្នាក់ក្នុងរយៈពេល១៧ឆ្នាំ ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០២៣ និង កំណត់ទិសដៅ កម្មវិធីសកម្មភាពការងារនាពេលខាងមុខ ស្របតាមការវិវឌ្ឍថ្មី នៃសភាពការណ៍របស់ ប្រទេសជាតិ ដែលកំពុងឈានទៅមុខយ៉ាងរលូនលើមាគ៌ាសន្តិភាព និងការអភិវឌ្ឍ។
២- អង្គមហាសន្និបាត បានអនុម័តជ្រើសតាំង សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជាប្រធាន កិត្តិយសក្រុមប្រឹក្សាជាតិ រណសិរ្ស សាមគ្គី, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាគណៈអធិបតី កិត្តិយស, សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាប្រធាន និង ឯកឧត្តម ហ៊ុន ម៉ានី ជាអនុប្រធាន នៃក្រុមប្រឹក្សាជាតិ រណសិរ្ស សាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងឥសរ្សជន ចំនួន ៤៤អង្គ/នាក់ ផ្សេងៗទៀត។
៣- អង្គមហាសន្និបាត សូមអបអរសាទរសមិទ្ធផលសម្រេចបាន ក្នុងការកសាង និងអភិវឌ្ឍន៍ ប្រទេសជាតិឲ្យមានការរីកចម្រើនលើគ្រប់វិស័យ របស់រាជរដ្ឋាភិបាលអាណត្តិមុនៗ ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយ គ្រប់ជ្រុងជ្រោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចជំរុញការអនុវត្តយុទ្ធសាស្ត្រចតុកោណនៅគ្រប់ ដំណាក់កាល យ៉ាងមានប្រសិទ្ធភាពខ្ពស់ និងសូមគាំទ្រយ៉ាងពេញទំហឹង និងមានជំនឿយ៉ាងមុតមាំ ចំពោះកម្មវិធី គោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាល ទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា។
៤- អង្គមហាសន្និបាត សូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដែលបានបូជាទាំងកម្លាំងកាយ ស្មារតី និងបញ្ញាញាណ ដឹកនាំអង្គការរណសិរ្ស ឱ្យមានដំណើរការ និងវឌ្ឍនភាពក្នុងរយៈកាលកន្លងមក និងសូមប្តេជ្ញាបន្តជ្រោងទង់រណសិរ្សមហាសាមគ្គីជាតិ សំដៅប្រមូលផ្ដុំកម្លាំងប្រជាជាតិខ្មែរទាំងមូល ព្រមទាំងកត្តាអនុគ្រោះនានាទាំងខាងក្នុង និងក្រៅប្រទេស ដើម្បីអភិវឌ្ឍមាតុភូមិឲ្យចម្រើនជឿនលឿន សម្បូរសប្បាយក្នុងសន្តិភាព សេរីភាព ប្រជាធិបតេយ្យ យុត្តិធម៌ និងភាពថ្លៃថ្នូរ ស្របតាមកម្មវិធី និងគោលនយោបាយរបស់គណបក្ស និងរាជរដ្ឋាភិបាល។
៥- អង្គមហាន្និបាត បានត្រងត្រាប់ស្ដាប់ដោយយកចិត្តទុកដាក់ និងប្ដេជ្ញាអនុវត្តតាមអនុសាសន៍ ដ៏មានសារៈសំខាន់របស់សម្តេចប្រធានទាំងពីរ ដែលបានលើកឡើងក្នុងអង្គពិធី ទុកជាដំបូន្មានដ៏មានតម្ល សម្រាប់តម្រង់ទិស នៃសកម្មភាពរបស់អង្គការរណសិរ្សគ្រប់ថ្នាក់ក្នុងពេលបច្ចុប្បន្ន និងទៅអនាគត និងសូម អំពាវនាវដល់សមាជិក សមាជិការណសិរ្សគ្រប់លំដាប់ថ្នាក់ ត្រូវខិតខំផ្សព្វផ្សាយខ្លឹមសារ និងសេចក្តីសម្រេច ចិត្តនៃអង្គមហាសន្និបាតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា លើកទី៦ ឲ្យបានទូលំទូលាយដល់គ្រប់មជ្ឈដ្ឋានសង្គម។
៦- អង្គមហាសន្និបាត សូមវាយតម្លៃខ្ពស់ និងកោតសរសើរដោយស្មោះ ចំពោះរណសិរ្សគ្រប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងអនុវត្តការងាររបស់ខ្លួន តាមការកិច្ចដែលបានកំណត់ និងប្រគល់ជូនពីប្រជាជន ក្នុងរយៈកាលកន្លងមក ដោយទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ និងសូមអំពាវនាវដល់សមាជិក សមាជិការណសិរ្សគ្រប់លំដាប់ថ្នាក់ត្រូវបន្តគាំទ្រ និងចូលរួមអនុវត្តយ៉ាងសកម្មនូវកម្មវិធីនិងផែនការសកម្មភាពនានា របស់រណសិរ្សដែលបានដាក់ចេញ រួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការបង្កើតសមិទ្ធផលធំៗថ្មីៗ ថែមទៀត ក្នុងការកសាង និងអភិវឌ្ឍន៍ ប្រទេសជាតិ។
៧- អង្គមហាសន្និបាត ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះបណ្តាប្រទេសជាមិត្តជិតឆ្ងាយ ជាពិសេសបក្សកុម្មុយនីស្តវៀតណាម ក៏ដូចជាជូនចំពោះរដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាម ដែល បានឆ្លើយតបទៅនឹងការអំពាវនាវរបស់រណសិរ្ស សាមគ្គី សង្គ្រោះជាតិកម្ពុជា ក្នុងការតស៊ូរំដោះប្រទេស និង ប្រជាជនកម្ពុជា ពីរបបប្រល័យពូជសាសន៍ ។
៨- អង្គមហាសន្និបាត ក៏សូមថ្លែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះជនរួមជាតិទាំងក្នុង និងក្រៅប្រទេស សហគមន៍អន្តរជាតិ និងដៃគូអភិវឌ្ឍន៍នានា ដែលតែងជួយឧបត្ថម្ភ និងគាំទ្រយ៉ាងធំធេង ដល់ប្រទេស និងប្រជាជនកម្ពុជា ដើម្បីបុព្វហេតុសន្តិភាព សេរីភាព យុត្តិធម៌ ប្រជាធិបតេយ្យ និងការអភិវឌ្ឍ។
៩- អង្គមហាសន្និបាត សូមសម្តែងនូវកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅជាទីបំផុតចំពោះឥស្សរជនអ្នកស្នេហា ជាតិគ្រប់រូប ជាពិសេសសម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន ដែលជាអគ្គស្ថាបនិកដ៏ឧត្ដុង្គឧត្តមរបស់អង្គការរណសិរ្ស គឺជាបុព្វការីដ៏មានគុណូបការៈបំផុត ដែលបានធ្វើពលីកម្មសាច់ស្រស់ ឈាមស្រស់ ប្រកបដោយមហាវីរភាពក្នុងបុព្វហេតុរំដោះជាតិ មាតុភូមិ និង ប្រជាជនចេញពីរបបប្រល័យពូជសាសន៍ និងបានខិតខំស្តារ កសាង និងអភិវឌ្ឍប្រទេសជាតិរហូតមានការ រីកចម្រើនដូចសព្វថ្ងៃ។
១០- អង្គមហាសន្និបាត ក៏សូមសម្តែងនូវការគោរពដឹងគុណ និងសេចក្ដីអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជានិច្ចកាលតែងផ្តល់ការអនុគ្រោះ ឧបត្ថម្ភ និងគាំទ្រនូវរាល់សកម្មភាព ដំណើការ និងការប្រព្រឹត្តទៅរបស់អង្គការរណសិរ្សនៅគ្រប់កាលៈទេសៈ ឲ្យទទួលបានលទ្ធផលជាផ្លែផ្កាជាបន្តបន្ទាប់ដល់ពេលបច្ចុប្បន្ន។
១១- អង្គមហាសន្និបាត សូមអំពាវនាវដល់ជនរួមជាតិទាំងមូល និងគ្រប់មជ្ឈដ្ឋានសង្គម សូមបន្តរួម សាមគ្គីគ្នាជាធ្លុងមួយនៅក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ និងក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ដើម្បីសម្រេចបាននូវសមិទ្ធផលធំៗថ្មីៗថែមទៀត ក្នុងការងារកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមាន ការរីកចម្រើនដូចបណ្តាប្រទេសអភិវឌ្ឍន៍នានានៅក្នុងតំបន់ និងនៅលើសកលលោក៕