2023-09-01 03:09
567

នៅព្រឹកថ្ងៃសុក្រ ១រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ នេះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុបជិត ២ម៉ឺននាក់ទៀត មកពីរោងចក្រ សហគ្រាសនានានៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។ ជំនួបសំណេះសំណាលនាថ្ងៃនេះ មានកម្មករ និយោជិតចូលរួមសរុប ១៨,២៨៩នាក់ ក្នុងនោះមានកម្មការិនីមានផ្ទៃពោះលើសពី៣ខែ ចំនួន ៦២៦នាក់។ 

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដល់បងប្អូន កម្មករ កម្មការិនីទាំងអស់ នៅខេត្តកណ្ដាលនេះ។ 

ឯកឧត្តមនាយករដ្ឋមន្រ្ដី ពិតជារីករាយ និងថ្លែងដោយក្តីមោទនភាពចំពោះវឌ្ឍនភាព និងភាពរីកចម្រើន នៃវិស័យឧស្សាហកម្មនៅក្នុងខេត្តកណ្ដាលនេះ។ 

ឯកឧត្តមកិត្តិទេសាភិបាល បានមានប្រសាសន៍ថា ដរាបណាបងប្អូនប្រជាពលរដ្ឋនៅតែជឿជាក់គណបក្សប្រជាជនកម្ពុជា គាំទ្រឱ្យដឹកនាំរាជរដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជាប្ដេជ្ញាបម្រើពលរដ្ឋ បង្កើតការងារ និងបង្កើនជីវភាពរស់នៅជូនប្រជាពលរដ្ឋជានិច្ចតទៅ។ 

ឯកឧត្តមបន្តថា រឿងស្រឡាញ់ជាតិ នណាក៏ស្រឡាញ់ដែរ ក្នុងនោះថ្នាក់ដឹកនាំរាជរដ្ឋាភិបាលខិតខំថែរក្សានូវសុខសន្ដិភាព ស្ថិភាពនយោបាយ និងអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ។ ដូច្នេះការចូលរួមស្នេហាជាតិបែបវិជ្ជមានគឺជារឿងសំខាន់ ដើម្បីចូលរួមបង្កើនសេដ្ឋកិច្ចជាតិ និងជីវភាពប្រជាជននូវទូទាំងប្រទេសទាំងអស់គ្នា។

នៅថ្ងៃនេះឯកឧត្តមនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ផ្ដល់គោលការដល់ថ្នាក់ដឹកនាំក្នុងជួរាជរដ្ឋាភិបាល បើសិនជាជាប់ភារកិច្ចការងារ គឺអាចស្នើគោលការណ៍ដោយមិនចាំបាច់ចូលរួមនូវរាល់កម្មវិធីជាមួយនាយករដ្ឋមន្រ្ដីនោះទេ ប៉ុន្ដែអាចបញ្ជូនរដ្ឋលេខាធិការប្រចាំការមកជំនួសបាន ខណៈពេលនេះគឺជាពេលដែលមន្រ្ដីគ្រប់រូបកំពុងមមាញឹកក្នុងការអនុវត្តការងារនៅតាមក្រសួងស្ថាប័នរបស់ខ្លួន។

នៅថ្ងៃនេះផងដែរ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ណែនាំឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ត្រៀមរថយន្តក្រុង ដើម្បីដឹកបងប្អូនកម្មករ កម្មការិនីទៅលេងស្រុកកំណើត ដោយឥតគិតថ្លៃ នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខ។

ឯកឧត្តមកិត្តិទេសាភិបាលក៏បានមានប្រសាសន៍បញ្ជាក់ថា វិស័យទេសរណ៍ គឺជាវិស័យអាទិភាពមួយសំខាន់ ដែលមានការប្រកួតប្រជែងធំណាស់ទាំងនៅក្នុងតំបន់ និងពិភពលោក ដូច្នេះត្រូវរួមគ្នាទាំងរដ្ឋាភិបាល និងវិស័យឯកជន ដោយធ្វើយ៉ាងណាឱ្យមានកម្លាំងសរុបទាក់ទាញភ្ញៀវទេសចរមកកម្ពុជាឱ្យបានកាន់តែច្រើន។

រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកឯកជន គឺជាដៃគូដ៏សំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា ដូច្នេះនៅខែ វិច្ឆិកា ខាងមុខនេះ រាជរដ្ឋាភិបាលនឹងធ្វើវេទិការាជរដ្ឋាភិបាលជួបជាមួយវិស័យឯកជន ដើម្បីជជែកគ្នា និងស្វែងរកចំណុចរួម ក្នុងការបង្កើតជាសហគមន៍រួមមួយរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាទបន្តថា រាជរដ្ឋាភិបាលថ្មី ទោះបីជាតួអង្គនៅតាមក្រសួងស្ថាប័នមួយចំនួនថ្មីក៏ដោយសម្រាប់ដឹកនាំរាជរដ្ឋាភិបាលអាណត្តិទី៧នេះ ក៏ប៉ុន្ដែគោលនយោបាយ និងយុទ្ធសាស្រ្ដរបស់គណបក្សប្រជាជន គឺមិនបានផ្ដាស់ប្ដូរនោះទេ។ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ក៏បានរម្លឹកដល់រដ្ឋមន្រ្ដីតាមបណ្ដាក្រសួងស្ថាប័ន ជាពិសេសក្រសួងស្ថាប័នថ្មី ដែលត្រូវរៀបចំមន្រ្ដី ត្រូវពង្រឹងគោលបំណងនៃប្រសិទ្ធភាពស្ថាប័ន គឺរក្សាប្រសិទ្ធភាព និងសាមគ្គីភាពផ្ទៃ ក្នុង នោះទើបអាចដើរទៅមុខទាំងអស់គ្នាបាន។

នៅថ្ងៃនេះ ឯកឧត្តមបណ្ឌិតក៏បានណែនាំដល់រដ្ឋមន្រ្ដីថ្មីនៅតាមបណ្ដាក្រសួង ស្ថាប័នចំពោះការតែងតាំងមន្រ្ដី គឺត្រូវផ្អែកទៅលើគុណាធិបតេយ្យ លើអតីតភាព និងប្រសិទ្ធភាពការងារ និងការបន្ស៊ីគ្នាទៅលើប្រសិទ្ធភាពការងារ ដូចពាក្យថា «ក្មេងមានកម្លាំង ចាស់ស្គាល់ផ្លូវ» ដោយប្រើប្រាស់កម្លាំងទាំងអស់ទាំងចាស់ទាំងថ្មី ដែលនេះគឺជាគុណធម៌ក្នុងការរៀបចំរាជរដ្ឋាភិបាលថ្មីនេះ៕