2024-05-31 10:05
364

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងធអំណរគុណដល់បងប្អូនប្រជាពលរដ្ឋគ្រប់ទិសទីដែលបានចូលរួមបរិច្ចាគថវិកាផ្ទាល់ ក្នុងយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ដើម្បីកុមារកម្ពុជា ដោយគិតត្រឹមថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ គឺមានរយៈមួយខែគត់ហើយមូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលថវិកាបរិច្ចាគ ពីបងប្អូនប្រជាពលរដ្ឋ ចំនួន ៣៨ ១៧០នាក់ សរុបជាទឹកប្រាក់ ចំនួន ៦៥៧.៧៧៧.០៣៤ រៀល និង ៩៦.២១២ ដុល្លារអាម៉េរិក រួចទៅហើយទោះបីជាយុទ្ធនាការនេះ មិនទាន់បានចាប់ផ្ដើមជាផ្លូវការនៅឡើយក៏ដោយ។ 

 ការចូលរួមយ៉ាងច្រើនផុសផុលខាងលើនេះ បានបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា៖ «ប្រជាពលរដ្ឋខ្មែរពិតជាមានការគាំទ្រយ៉ាងផុលផុសប្រកបដោយស្មារតីសាមគ្គីភាពយ៉ាងរឹងមាំរបស់ប្រជាជាតិខ្មែរទាំងមូល»

 លោកជំទាវទី១ របស់កម្ពុជា បានលើកឡើងថា៖ «ក្នុងនាមជាប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា លោកសូមគោរពថ្លែងអំណរគុណដោយស្មោះអស់ពីដួងចិត្ត ចំពោះបងប្អូនជនរួមជាតិទាំងអស់ ដែលមានទឹកចិត្តសប្បុរសធម៌ដ៏ប្រពៃថ្លៃថ្លា ក្នុងស្មារតី “ខ្មែរជួយខ្មែរ” ដោយបានគាំទ្រ និងចូលរួមបរិច្ចាគក្នុងយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” យ៉ាងច្រើនលើសលប់គួរឱ្យកត់សម្គាល់ បន្ទាប់ពីយុទ្ធនាការនេះត្រូវបានផ្សព្វផ្សាយជាសាធារណៈកាលពីថ្ងៃមិ្សលមិញនេះ»

 លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សូមបញ្ជាក់ជូនបន្ថែមថា៖ «យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” មានរយៈពេល១ខែពេញ គឺចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ហើយគិតមកដល់ម៉ោង ១៧និង០០នេះ ទោះបីជាយុទ្ធនាការមិនទាន់បានចាប់ផ្ដើមជាផ្លូវការនៅឡើយក៏ដោយ មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលថវិកាបរិច្ចាគ ពីបងប្អូនប្រជាពលរដ្ឋ ចំនួន ៣៨ ១៧០ នាក់ សរុបជាទឹកប្រាក់ ចំនួន ៦៥៧.៧៧៧.០៣៤រៀល និង ៩៦.២១២ដុល្លារអាម៉េរិក រួចទៅហើយ ដែលនេះបានសបញ្ជាក់ឱ្យឃើញពីការគាំទ្រយ៉ាងផុលផុសប្រកបដោយស្មារតីសាមគ្គីភាពយ៉ាងរឹងមាំរបស់ប្រជាជាតិខ្មែរទាំងមូល»។ 

 ជាមួយគ្នានេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏បានអំពាវនាវបន្ថែមដល់បងប្អូនសប្បុរសជនដែលមានបំណងចូលរួមបរិច្ចាកក្នុងយុទ្ធនាការនេះ សូមមេត្តាបន្តចូលរួមគាំទ្រ រហូតដល់ថ្ងៃបិទយុទ្ធនាការ៕