2024-03-04 08:03
344

ម៉ែលប៊ន៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Daniel Phillips ប្រធានក្រុមហ៊ុន FreshStart ដែលមានក្រុមហ៊ុនបុត្រសម្ព័ន Aegros និងក្រុមហ៊ុន Freshstart Logistics ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី នារសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤នេះ។
   ក្នុងឱកាសនៃជំនួប លោកប្រធានក្រុមហ៊ុន បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានគោរពជម្រាបជូន សម្ដេចធិបតី ផងដែរថា «ក្រុមហ៊ុន Freshstart Logistics កំពុងតែមានប្រតិបត្តិការអាជីវកម្មនៅតាមបណ្ដាប្រទេសជាច្រើនក្នុងតំបន់អាស៊ី និងជុំវិញពិភពលោក ដោយផ្ដោតលើសេវាកម្មផ្នែកដឹកជញ្ជូន ឡូជីស្ទីក ខ្សែច្រវាក់ផ្គត់ផ្គង់ និងឃ្លាំងស្តុកទំនិញជាដើម។ ចំណែកក្រុមហ៊ុន Aegros ជាបុត្រសម្ព័នមួយនៃ Freshstart ដែលជាក្រុមហ៊ុនមានអាជីវកម្មលើវិស័យសុខាភិបាល»។  
   បន្ថែមលើនេះ លោកប្រធានក្រុមហ៊ុន ក៏បានគោរពជម្រាបជូន សម្ដេចធិបតី នាយលរដ្ឋមន្ត្រី អំពីគោលបំណងរបស់ក្រុមហ៊ុនក្នុងការស្វែងរកនូវឱកាសវិនិយោគនៅព្រះរាជាណាចក្រកម្ពុជាលើវិស័យជាច្រើន ដែលរួមទាំងវិស័យឡូជីស្ទីក ថាមពល និងវិស័យសុខាភិបាល។

   ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្ត្រីនៃកម្ពុជា បានសម្តែងនូវការស្វាគមន៍ និងក្តីសោមនស្សរីករាយ ដែលបានជួបពិភាក្សាការងារជាមួយលោកប្រធានក្រុមហ៊ុន ព្រមទាំងបានបញ្ជាក់អំពីការដាក់ចេញនូវគោលនយោបាយ និងបទប្បញ្ញត្តិផ្សេងៗក្នុងការគាំទ្រដល់បរិយាកាសវិនិយោគនៅកម្ពុជា។ ទន្ទឹមនឹងនោះ សម្ដេចធិបតី ក៏បានបញ្ជាក់ផងដែរថា «ព្រះរាជាណាចក្រកម្ពុជា គឺជាប្រទេសមួយមានសក្តានុពល និងកាលានុវត្តភាពសម្រាប់ការវិនិយោគ ហើយក៏លើកទឹកចិត្តឱ្យក្រុមហ៊ុនសិក្សាស្វែងយល់បន្ថែមទៀតអំពីកម្ពុជា ដើម្បីពង្រីកការវិនិយោគលើវិស័យផ្សេងៗទៀតនៅកម្ពុជា»។ 
   ពាក់ព័ន្ធនឹងវិស័យសុខាភិបាលវិញ សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា «រាជរដ្ឋាភិបាលកម្ពុជាបានជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន តាមរយៈការពង្រឹងសមត្ថភាពផ្តល់សេវាសុខភាពនៅមូលដ្ឋាន»។ បន្ថែមលើនេះ សម្ដេចធិបតី ក៏បានរំលេចផងដែរថា «រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវបទប្បញ្ញត្តិនានា និងវិធានការនានាដើម្បីប្រយុទ្ធប្រឆាំងនឹងឱសថ និងផលិតផលសុខាភិបាលក្លែងក្លាយ»។ 
  ជាងនេះទៅទៀត សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពិភាក្សាជាមួយដៃគូនៅកម្ពុជាបន្ថែមទៀតពាក់ព័ន្ធនឹងបំណងរបស់ ក្រុមហ៊ុនលើការវិនិយោគក្នុងវិស័យសុខាភិបាល និងសហការជាមួយ ក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងសុខាភិបាល ៕