2024-01-07 12:01
463

ភ្នំពេញ៖ ថ្ងៃជ័យជម្នះ «៧មករា» ដែលជាថ្ងៃដ៏វិសេសវិសាលសម្រាប់ប្រជាជនកម្ពុជា បានរួចជីវិតពីរណ្តៅមរណៈនៃរបបប្រល័យពូជសាសន៍ ប៉ុលពត ក្រោមការប្រយុទ្ធតស៊ូដ៏អង់អាចក្លាហាន របស់យុទ្ធជន និងយុទ្ធនារី ដឹកនាំរបស់ឥស្សរជននៃគណបក្សប្រជាជនកម្ពុជា។
    ក្នុងឱកាសមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩ - ៧ មករា ២០២៤) ថ្នាក់ដឹកនាំកំពូល និងសមាជិក សមាជិកាគណបក្ស សរុបជាង ២ ម៉ឺននាក់ បានជួបជុំគ្នាប្រារព្ធពិធីអបអរសាទរខួប ៤៥ឆ្នាំ នៃថ្ងៃជ័យជម្នះ «៧មករា»។
    សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ,សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សយ៉ាងច្រើនកុះករបានអញ្ជើញចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាជ័យជម្នះ «៧មករា»។
   សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជា ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថាៈ «ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ នេះ ជាថ្ងៃគម្រប់ខួប ៤៥ឆ្នាំ នៃទិវាជាប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជាលើរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលធ្វើឲ្យជីវិតឡើងវិញទាន់ពេលវេលារួចផុតពីទារុណកម្ម និងអំពើកាប់សម្លាប់អំពើយុងឃ្នងបំផុត»។
    សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថាៈ « ថ្ងៃជ័យជម្នះ ៧ មករា បានដណ្តើមយកសិទ្ធិសិរីភាពឡើងវិញគ្រប់បែបយ៉ាងជូនប្រជាពលរដ្ឋ ដែលបាត់បង់ក្នុងរបប ប៉ុល ពត បញ្ចប់សករាជដ៏ខ្មៅងងឹតឲ្យផុតពីកម្ពុជា និងបើកសករាជថ្មី គែ ឯករាជ សន្តិភាព សិរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម»។
    សម្តេចតេជោ បានបន្ថែមថាៈ «បន្ទាប់ពីជ័យជម្នះ ៧មករា គណៈបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសឆ្លងកាត់ឧបសគ្គ និងការលំបាករាប់សែនជំពូកប្រកបដោយជោគជ័យក្នុងបុព្វហេតុការពារការរស់រៀនឡើងវិញរបស់ប្រជាជន ស្តារ និងកសាងឡើងវិញ ពីគំនរផេះផង់រហូតចេញផុតពីស្ថានភាពវិនាសហិនហោចខ្ទេចខ្ទីឈានដល់ដំណាក់កាលអភិវឌ្ឍលើគ្រប់វិស័យក្រោមម្លប់នៃសន្តិភាព ប្រកបដោយមោទនភាពជាទីបំផុត»៕